កីឡាអន្តរជាតិ
អន្តរជាតិ
Terry ទំនងជា​ចូលនិវត្តន៍ ក្រោយ​លើក​ពាន EPL ជាមួយ Chelsea រួចរាល់​
16, May 2017 , 3:56 pm        
រូបភាព
John Terry ប្រធាន​ក្រុមបាល់ទាត់ Chelsea ទំនងជា​នឹង​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ បន្ទាប់ពី​ជួយ​ឲ្យ​តោ​ខៀវ​លើក​ពាន​នៅ​រដូវ​កាល​នេះ​។​



​ខ្សែការពារ​ចាស់វស្សា វ័យ​៣៦​ឆ្នាំ​ដែល​ចូលរួម​ជាមួយ​តោ​ខៀវ​តាំង​អាយុ​១៤​ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ​១៩៩៨​មក​នោះ បាន​ប្រាប់ Sky Sports ក្រោយ​ជំនួប​ដែល Chelsea យកឈ្នះ Watford ៤-៣ កាលពី​រាត្រី​ថ្ងៃ​ចន្ទ ថា​រូបគេ​អាច​នឹង​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់ បន្ទាប់ពី​លើក​ពាន​ជា​ផ្លូវការ​នៅ​ទឹកដី Stamford  Bridge រូ​ច​ហើយ​នោះ​។​



«​ខ្ញុំ​មិន​ប្រាកដថា​ថ្ងៃអាទិត្យ​នេះ​ជាការ​ប្រកួត​ចុងក្រោយ​របស់ខ្ញុំ ឬ​យ៉ាងណា​នោះទេ​។ ខ្ញុំ​អាច​នឹង​ចូលនិវត្តន៍​ពី​កីឡាករ​បាល់ទាត់ តែ​ប្រសិនបើ​មានកា​ផ្តល់​ឲ្យ​លេង​បន្ត​ក្នុង​សំណើរ​ត្រឹមត្រូវ​ណាមួយ​ដែល​ទទួលយកបាន​នោះ ខ្ញុំ​អាច​នឹង​លេង​បន្តទៀត​។ ខ្ញុំ​កំពុង​ពិភាក្សា​ជាមួយ​គ្រួសារ​ថា​តើ​គួរ​បញ្ចប់​នៅទីនេះ (Chelsea) ឬ​ក្លិប​នៅ​បរទេស​»​។ នេះ​ជាការ​លើកឡើង​របស់ John Terry​។​

Chelsea នឹងត្រូវ​ទទួល Sunderland ក្នុងការ​ប្រកួត​បង្គ្រប់​កិច្ច​ក្របខណ្ឌ Premier League ចុងក្រោយ​ដើម្បី​លើក​ពាន​ជា​ផ្លូវការ​សម្រាប់​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ថ្មី​សញ្ជាតិ​អ៊ីតាលី​លោក Antonio Conte ក្នុង​រដូវ​ការ​នេះ​៕


Tag:
 បាល់ទាត់​
  John Terry
  Chelsea
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com