កីឡាជាតិ
ជាតិ
ម្ចាស់ផ្ទះ​ព្រៃវែង​និង​វេ​ស្ទើ​ន​ត្រូវការ​ឈ្នះ​ដៃគូ​លើសពី​ពីរ​គ្រាប់ ខណៈ​សៀមរាប​លើសពី​៨​គ្រាប់​
17, May 2017 , 8:19 am        
រូបភាព
ដោយ:
​ដើម្បី​អាចឈាន​ទៅកាន់​ដំណាក់កាល​បន្ត​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ទាមទារ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​ព្រៃវែង និង​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវ​យកឈ្នះ​គូប្រជែង​ឲ្យ​លើសពី​ពីរ​គ្រាប់​ក្នុងជំនួប​នា​រសៀល​ថ្ងៃ​ពុធ ទី​១៧ ខែឧសភា នេះ​។ ចំណែក​ក្រុម​សៀមរាប​ត្រូវ​ធ្វើការ​ធ្ងន់​ជាងគេ​បន្តិច គឺ​ធ្វើយ៉ាងណា​ត្រូវ​យកឈ្នះ​គូប្រជែង​ឲ្យ​លើសពី​៨​គ្រាប់​ក្នុងជំនួប​ជើង​ទី​២​នេះ​។



​ក្រោយ​រង​បរាជ័យ ៥-៣ ក្នុង​ជើង​ទី​១ បាន​បង្ខំ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​ព្រៃវែង ធ្វើយ៉ាងណា​ត្រូវយក​ឈ្នះ​ក្រុម​ស្វាយរៀង​ឲ្យ​លើសពី​ពីរ​គ្រាប់​ក្នុងជំនួប​ជើង​ទី​២​នា​វេលា​ម៉ោង​៣​រសៀល​នេះ​នៅលើ​ទឹកដី​របស់ខ្លួន ដើម្បី​បន្ត​ឱកាស​ក្នុង​ការឈាន​ទៅកាន់​ដំណាក់​ទី​៤ នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧​។

​ជាមួយគ្នានេះ ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ ក៏​ទាមទារ​យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​លើសពី​ពីរ​គ្រាប់​ផងដែរ​ក្នុងជំនួប​ជើង​ទី​២​នា​វេលា​ម៉ោង​៣​រសៀល​នេះ​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន បន្ទាប់ពី​ក្រុម​នេះ​បាន​បរាជ័យ ២-០ កាលពី​ជើង​ទី​១​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​សប្តាហ៍​មុន​។

​ដោយឡែក ក្រុម​សៀមរាប ត្រូវ​ធ្វើការ​ធ្ងន់​បន្តិច​នា​វេលា​ម៉ោង​៣​រសៀល​នេះ គឺ​ត្រូវ​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា​ឲ្យ​លើសពី​៨​គ្រាប់ ដើម្បី​អាច​បន្ត​ទៅកាន់​ដំណាក់​ទី​៤​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៧​។ តែ​យ៉ាងណា វា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​សៀមរាប​អង្គរ​ក្នុងការ​យកឈ្នះ​នោះទេ ព្រោះ​ក្រុម​អគ្គិសនី​កម្ពុជា​ជា​ក្រុម​ខ្លាំង​ដែល​កំពុង​លេង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​។ ជាក់ស្តែង​កាលពី​ជើង​ទី​១​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម​សៀមរាប​ក្នុង​លទ្ធផល ៨-០៕ 

​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧ នា​វេលា​ម៉ោង​៣​រសៀល​នេះ​៖
- ព្រៃវែង ជូ​ប ស្វាយរៀង នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង​
- សៀមរាប ជួប អគ្គិសនី​កម្ពុជា នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​
- វេ​ស្ទើ​ន​ភ្នំពេញ ជួប អគ្គស្នងការ​នគរបាល​ជាតិ នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​


Tag:
 Hun Sen Cup 2017
  ព្រៃវែង​
  ស្វាយរៀង​
  សៀមរាប​
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com