ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្មបន្តអនុញ្ញាតឲ្យនាំចូលជ្រូក តែរឹតបន្តឹងការនាំចូលខុសច្បាប់
× ភ្នំពេញ៖ ខណៈការផ្គត់ផ្គង់ជ្រូកក្នុងស្រុកមិនអាចបំពេញតម្រូវការទីផ្សារបានទាំងស្រុង ក្រសួងកសិកម្ម នៅតែបន្តអនុញ្ញាតឲ្យនាំចូលសត្វជ្រូករស់ពីប្រទេសជិតខាង។ ជាមួយគ្នានេះ ក្រសួងកសិកម្មបានទទួលយកសំណើសុំសហការជាមួយក្រសួង របស់ក្រុមអ្នកចិញ្ចឹមជ្រូកលើការតាមដានការនាំចូលជ្រូកខុសច្បាប់។ នេះបើការលើកឡើងនៅក្នុងកិច្ចពិភាក្សាអំពីបញ្ហាផ្គត់ផ្គង់ជ្រូក ដែលដឹកនាំដោយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ម៉ុង ឫទ្ធី សហប្រធានក្រុមការងារកសិកម្ម និងកសិ-ឧស្សាហកម្មផ្នែកឯកជន នៅថ្ងៃទី១៦ខែឧសភា។
អ្នកចិញ្ចឹមជ្រូកក្នុងស្រុកក្នុងរយៈពេលមួយចុងក្រោយនេះបានខាតបង់ និងស្វែងរកការជួយអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដែលលើសចំនួនអនុញ្ញាតរបស់ក្រសួងកសិកម្ម។ ការនាំចូលជ្រូកពីប្រទេសវៀតណាមបានវាយទម្លាក់តម្លៃជ្រូករស់មកនៅត្រឹម ៥ពាន់ ទៅ ៦ពាន់រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃក្រោមថ្លៃដើមនៃការចិញ្ចឹមក្នុងស្រុក។ លោក លី ឡាវីល ប្រធានគ្រប់គ្រងក្រុមហ៊ុន M’S Pig ACMC អះអាងថា អ្នកចិញ្ចឹមជ្រូកត្រូវចំណាយថ្លៃដើមក្នុងរវង្វង់ ៧ពាន់រៀលក្នុងជ្រូករស់មួយគីឡូក្រាម។
តាមរយៈកិច្ចប្រជុំនេះ ក្រសួងកសិកម្មបានទទួលយកសំណើរបស់សមាគមចិញ្ចឹមជ្រូកក្នុងការតាមដានការនាំចូលជ្រូក ដើម្បីទប់ស្កាត់ការនាំចូលខុសច្បាប់។ លោក វេង សាខុន បញ្ជាក់ថា សមាគមនេះមិនមានសមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌នោះទេ គឺគ្រាន់តែអាចតាមដាន និងរាយការណ៍ពីការនាំចូលជ្រូកខុសច្បាប់ និងតាមដានកសិដ្ឋានចិញ្ចឹមជ្រូកតាមព្រំដែន។ ទាំងអ្នកចិញ្ចឹមជ្រូក និងអ្នកនាំចូលជ្រូក បានស្នើឲ្យរដ្ឋាភិបាលជួយពិនិត្យលើករណីដែលមានការបន្លំនាំចូលជ្រូកពីប្រទេសជិតខាងមកកសិដ្ឋានជាប់ព្រំដែន រួចចែកចាយទៅភ្នំពេញ និងខេត្តនានា ដោយបន្លំថាជាជ្រូកក្នុងស្រុក។ ក្រុមអ្នកចិញ្ចឹមជ្រូកក៏បានស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសស្ថាប័នគយ ដែលមានតំណាងចូលរួមក្នុងកិច្ចពិភាក្សានេះដែរ ឲ្យអនុវត្តការយកពន្ធលើការនាំចូលជ្រូកឲ្យបានត្រឹមត្រូវ ដែលអ្នកចិញ្ចឹមជ្រូកសង្ស័យថាមានការធូរលង់ផ្នែកពន្ធបានធ្វើឲ្យជ្រូកនាំចូលវាយលុកតម្លៃទីផ្សារក្នុងស្រុកបាន។
ចំពោះការនាំចូលជ្រូកស្របច្បាប់ ក្រសួងកសិកម្មនៅចុងខែមេសាឆ្នាំនេះបានប្រកាសអនុញ្ញាតឲ្យដឹកជញ្ជូនជ្រូកសាច់រស់ នាំចូលជាបណ្ដោះអាសន្នដែលគិតជាមធ្យម ១២៥០ក្បាលក្នុង១ថ្ងៃ។ បើតាមលោក វេង សាខុន ការផ្គត់ផ្គង់ជ្រូករបស់អ្នកចិញ្ចឹមក្នុងស្រុកបានប្រមាណ ៥០ភាគរយ ទៅ៦០ភាគរយនៃតម្រូវការសរុប ដែលត្រូវការនាំចូលបន្ថែម។ លោកបានលើកឡើងពីរបាការណ៍ពិឃាតសត្វទូទាំងប្រទេស ដែលការផ្គត់ផ្គង់ជ្រូកមានចំនួន ៨៩,៤ម៉ឺនក្បាល ដោយក្នុងនោះជ្រូកនាំចូលមាន ៤៥,៩ម៉ឺនក្បាល នៅក្នុងឆ្នាំ២០១៦។
លោក វេង សាខុន បានជំរុញឲ្យអ្នកចិញ្ចឹមជ្រូក ក៏ដូចជាអ្នកចិញ្ចឹមសត្វផ្សេងទៀតដែរ ត្រូវសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីផ្ដល់ទិន្នន័យផ្គត់ផ្គង់របស់ខ្លួន ដែលអាចឲ្យក្រសួងអនុញ្ញាតឲ្យនាំចូលក្នុងបរិមាណដែលខ្វះខាត។ លោកបានណែនាំឲ្យអ្នកចិញ្ចឹមសត្វចងក្រងជាសមាគមនៅតាមខេត្ត និងសហព័ន្ធនៅថ្នាក់ជាតិដើម្បីងាយស្រួលសហការជាមួយក្រសួង។
លោក វេង សាខុន អះអាងថា បើក្រសួងបិទ ឬកម្រិតការនាំចូលស្របច្បាប់ ដោយមិនឆ្លើយតបតម្រូវការខ្វះខាតក្នុងស្រុក នោះនឹងនាំឲ្យតម្លៃសាច់ជ្រូកឡើងថ្លៃប៉ះពាល់ដល់ជីវភាពពលរដ្ឋ។ លោកបញ្ជាក់ដូច្នេះថា៖«បើសមាគមអ្នកចិញ្ចឹមសត្វ រៀបចំច្បាស់លាស់នៅតាមបណ្ដាខេត្តនីមួយៗ តើមានលទ្ធភាពផ្គត់ផ្គង់ប៉ុន្មាន? ហើយជជែកជាមួយថ្នាក់ខេត្តថាត្រូវការប៉ុន្មាន? ហើយយើងអនុញ្ញាតឲ្យនាំចូលប៉ុន្មាន?»។ លោកបន្តទៀតថា៖«ចៀសវាងឥទ្ធិពលអាក្រក់ថា មកពីរដ្ឋមន្ត្រីកសិកម្ម ចាត់វិធានការតឹងរ៉ឹងពេក ធ្វើឲ្យកសិករទិញផលិតផលថ្លៃ»៕
© រក្សាសិទ្ធិដោយ thmeythmey.com