ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម​បន្ត​អនុញ្ញាត​ឲ្យ​នាំចូល​ជ្រូក តែ​រឹតបន្តឹង​ការ​នាំចូល​ខុសច្បាប់
16, May 2017 , 6:24 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ខណៈ​ការផ្គត់ផ្គង់​ជ្រូក​ក្នុងស្រុក​មិនអាច​បំពេញតម្រូវការ​ទីផ្សារ​បាន​ទាំងស្រុង ក្រសួងកសិកម្ម នៅតែ​បន្ត​អនុញ្ញាត​ឲ្យ​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេសជិតខាង​។ ជាមួយគ្នានេះ ក្រសួងកសិកម្ម​បានទទួល​យក​សំណើសុំ​សហការ​ជាមួយ​ក្រសួង របស់​ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​លើ​ការតាមដាន​ការ​នាំចូល​ជ្រូក​ខុសច្បាប់​។ នេះ​បើ​ការលើកឡើង​នៅក្នុង​កិច្ចពិភាក្សា​អំពី​បញ្ហា​ផ្គត់ផ្គង់​ជ្រូក ដែល​ដឹកនាំ​ដោយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង លោក ម៉ុង ឫទ្ធី សហប្រធាន​ក្រុមការងារ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ផ្នែក​ឯកជន នៅ​ថ្ងៃទី​១៦​ខែឧសភា​។​



​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ក្នុង​រយៈពេល​មួយ​ចុងក្រោយ​នេះ​បាន​ខាតបង់ និង​ស្វែងរក​ការជួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​ខុសច្បាប់ ដែល​លើស​ចំនួន​អនុញ្ញាត​របស់​ក្រសួងកសិកម្ម​។ ការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​បាន​វាយ​ទម្លាក់​តម្លៃ​ជ្រូករ​ស់មក​នៅត្រឹម ៥​ពាន់ ទៅ ៦​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ដែលជា​តម្លៃ​ក្រោម​ថ្លៃដើម​នៃ​ការចិញ្ចឹម​ក្នុងស្រុក​។ លោក លី ឡា​វី​ល ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន M’S Pig ACMC អះអាងថា អ្នក​ចិញ្ចឹម​ជ្រូក​ត្រូវ​ចំណាយ​ថ្លៃដើម​ក្នុងរ​វ​ង្វ​ង់ ៧​ពាន់​រៀល​ក្នុង​ជ្រូក​រស់​មួយ​គីឡូក្រាម​។

​តាមរយៈ​កិច្ចប្រជុំ​នេះ ក្រសួងកសិកម្ម​បានទទួល​យក​សំណើ​របស់​សមាគម​ចិញ្ចឹម​ជ្រូក​ក្នុង​ការតាមដាន​ការ​នាំចូល​ជ្រូក ដើម្បី​ទប់ស្កាត់​ការ​នាំចូល​ខុសច្បាប់​។ លោក វេ​ង សាខុន បញ្ជាក់ថា សមាគម​នេះ​មិនមាន​សមត្ថកិច្ច​ជា​មន្ត្រីនគរបាល​យុត្តិធម៌​នោះទេ គឺ​គ្រាន់តែ​អាច​តាមដាន និង​រាយការណ៍​ពី​ការ​នាំចូល​ជ្រូក​ខុសច្បាប់ និង​តាមដាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​តាម​ព្រំដែន​។ ទាំង​អ្នក​ចិញ្ចឹម​ជ្រូក និង​អ្នក​នាំចូល​ជ្រូក បានស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ពិនិត្យ​លើ​ករណី​ដែលមាន​ការបន្លំ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​មក​កសិដ្ឋាន​ជាប់​ព្រំដែន រួច​ចែកចាយ​ទៅ​ភ្នំពេញ និង​ខេត្ត​នានា ដោយ​បន្លំ​ថា​ជា​ជ្រូក​ក្នុងស្រុក​។ ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ក៏បាន​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាពិសេស​ស្ថាប័នគយ ដែលមាន​តំណាង​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះដែរ ឲ្យ​អនុវត្ត​ការយកពន្ធ​លើ​ការ​នាំចូល​ជ្រូក​ឲ្យ​បាន​ត្រឹមត្រូវ ដែល​អ្នក​ចិញ្ចឹម​ជ្រូក​សង្ស័យថា​មានការ​ធូរ​លង់​ផ្នែក​ពន្ធ​បានធ្វើ​ឲ្យ​ជ្រូក​នាំចូល​វាយលុក​តម្លៃ​ទីផ្សារ​ក្នុងស្រុក​បាន​។​

ចំពោះ​ការនាំ​ចូល​ជ្រូក​ស្របច្បាប់ ក្រសួងកសិកម្ម​នៅ​ចុងខែ​មេសា​ឆ្នាំនេះ​បានប្រកាស​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ជ្រូក​សាច់​រស់ នាំចូល​ជា​បណ្ដោះអាសន្ន​ដែល​គិត​ជា​មធ្យម ១២៥០​ក្បាល​ក្នុង​១​ថ្ងៃ​។ បើតាម​លោក វេ​ង សាខុន ការផ្គត់ផ្គង់​ជ្រូក​របស់​អ្នក​ចិញ្ចឹម​ក្នុងស្រុក​បាន​ប្រមាណ ៥០​ភាគរយ ទៅ​៦០​ភាគរយ​នៃ​តម្រូវ​ការសរុប ដែល​ត្រូវការ​នាំចូល​បន្ថែម​។ លោក​បានលើកឡើង​ពីរ​បា​ការណ៍​ពិឃាតសត្វ​ទូទាំងប្រទេស ដែល​ការផ្គត់ផ្គង់​ជ្រូក​មាន​ចំនួន ៨៩,៤​ម៉ឺន​ក្បាល ដោយ​ក្នុងនោះ​ជ្រូក​នាំចូល​មាន ៤៥,៩​ម៉ឺន​ក្បាល នៅក្នុង​ឆ្នាំ​២០១៦​។​

លោក វេ​ង សាខុន បាន​ជំរុញ​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក ក៏ដូចជា​អ្នក​ចិញ្ចឹមសត្វ​ផ្សេងទៀត​ដែរ ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ផ្ដល់​ទិន្នន័យ​ផ្គត់ផ្គង់​របស់ខ្លួន ដែល​អាច​ឲ្យ​ក្រសួង​អនុញ្ញាត​ឲ្យ​នាំចូល​ក្នុង​បរិមាណ​ដែល​ខ្វះខាត​។ លោក​បាន​ណែនាំ​ឲ្យ​អ្នក​ចិញ្ចឹមសត្វ​ចងក្រង​ជា​សមាគម​នៅតាម​ខេត្ត និង​សហព័ន្ធ​នៅ​ថ្នាក់ជាតិ​ដើម្បី​ងាយស្រួល​សហការ​ជាមួយ​ក្រសួង​។​

លោក វេ​ង សាខុន អះអាងថា បើ​ក្រសួង​បិទ ឬ​កម្រិត​ការ​នាំចូល​ស្របច្បាប់ ដោយ​មិន​ឆ្លើយតប​តម្រូវការ​ខ្វះខាត​ក្នុងស្រុក នោះ​នឹង​នាំ​ឲ្យ​តម្លៃ​សាច់ជ្រូក​ឡើងថ្លៃ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​បើ​សមាគម​អ្នក​ចិញ្ចឹមសត្វ រៀបចំ​ច្បាស់លាស់​នៅតាម​បណ្ដា​ខេត្ត​នីមួយៗ តើ​មានលទ្ធភាព​ផ្គត់ផ្គង់​ប៉ុន្មាន​? ហើយ​ជជែក​ជាមួយ​ថ្នាក់​ខេត្ត​ថា​ត្រូវការ​ប៉ុន្មាន​? ហើយ​យើង​អនុញ្ញាត​ឲ្យ​នាំចូល​ប៉ុន្មាន​?»​។ លោក​បន្តទៀតថា​៖«​ចៀសវាង​ឥទ្ធិពល​អាក្រក់​ថា មកពី​រដ្ឋមន្ត្រី​កសិកម្ម ចាត់វិធានការ​តឹងរ៉ឹង​ពេក ធ្វើ​ឲ្យ​កសិករ​ទិញ​ផលិតផល​ថ្លៃ​»៕






Tag:
 ជ្រូក​
  វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com