ជាតិ
សេដ្ឋកិច្ច
លោក ម៉ុង ឫទ្ធី និង លោក វេ​ង សាខុន ថា កសិករ​មាន​ស្វាយ តែ​អត់​ត្រូវ​តាម​ស្ដង់ដារ​នាំចេញ​
17, May 2017 , 9:26 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សេដ្ឋី​កសិកម្ម លោក ម៉ុង ឫទ្ធី ដែលជា​អ្នក​នាំចេញ​ផលិតផល​ស្វាយ​ទៅ​ទីផ្សារ​អឺរ៉ុប​បាន​មានប្រសាសន៍ថា កសិករ​មាន​ទីផ្សារ​ល​ក់​ផលិតផល​ស្វាយ​របស់ខ្លួន​ហើយ តែ​ផ្លែស្វាយ​របស់​កសិករ​មិនត្រូវ​តាម​ស្ដង់ដារ​គុណភាព អាច​នាំចេញ​បាន​។ លោក​បាន​ថ្លែង​ដូចនេះ នៅក្នុង​កិច្ចពិភាក្សា​អំពី​បញ្ហា​តម្លៃ​ទីផ្សារ​សត្វ​ជ្រូក ដែល​លោក​ជា​សហប្រធាន​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ផ្នែក​ឯកជន និង លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ នៅ​ថ្ងៃទី​១៦​ខែឧសភា​។



​លោក ម៉ុង ឫទ្ធី លើកឡើងថា ក្រុមហ៊ុន​លោក​ផ្ទាល់​ខ្វះខាត​ផ្លែស្វាយ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​អឺរ៉ុប​។ លោក​ប្រាប់ថា ក្រុមហ៊ុន​លោក​ត្រូវ​នាំចេញ​ផ្លែស្វាយ​ចំនួន​២​ជើងយន្តហោះ​ទៅ​អឺរ៉ុប​តាម​ការបញ្ជាទិញ ដោយ​ក្នុង​មួយ​ជើង​ត្រូវ​ផ្គត់ផ្គង់​ផ្លៃ​ស្វាយ​យ៉ាងតិច ៨​តោន ប៉ុន្តែ​នៅថ្ងៃនេះ​ក្រុមហ៊ុន​លោក​នាំចេញ​ស្វាយ​បានតែ ២,៥​តោន ព្រោះ​ខ្វះ​ស្វាយ​ដែល​ឆ្លើយតប​តាម​ស្ដង់ដារ​គុណភាព​របស់​អ្នកទិញ​។​

«​អ្នកមួយ​ចំនួន​ថា​មាន​ស្វាយ តែ​អត់​កន្លែង​លក់ ប៉ុន្តែ​ខ្ញុំ​តំណាង​ឲ្យ​អ្នក​នាំ​ស្វាយ​ទៅ​សហគមន៍​អឺរ៉ុប គឺ​ខ្វះ​ស្វាយ​ពីរ​ជើងយន្តហោះ អត់​មាន​ស្វាយ​ឲ្យ​គេ​ទេ​»​។ នេះ​ជាការ​ថ្លែង​របស់ លោក ម៉ុង ឫទ្ធី មុននឹង​លោក​បន្ថែមថា ដោយសារ​អ្នក​ដាំ​ស្វាយ​ពុំបាន​អនុវត្ត​ផ្នែក​សុវត្ថិភាព​ចំណីអាហារ តាម​ការណែនាំ​របស់​អ្នកបញ្ជា​ទិញ​ពី​ក្រៅប្រទេស ទើប​កសិករ​មិនអាច​នាំចេញ​ផលិតផល​ខ្លួន​ទៅ​ទីផ្សារ​ក្រៅប្រទេស​បាន​។ លោក​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖«​ចុះ​សួរថា​កសិករ​បេះ​ស្វាយ​អត់​មាន​ទីផ្សារ​ទេ​?​។ បើ​គាត់​អត់​បាន​អនុវត្តតាម​ការណែនាំរ​បស់​អ្នកទិញ ដែល​ត្រូវការ​សុវត្ថិភាព​ម្ហូបអាហារ​របស់គេ​»​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​កិច្ចពិភាក្សា​ខាងលើនេះ​ថា  ការ​វេច​ខ្ចប់​កសិផល និង​ការដាំដុះ​របស់​កសិករ នៅ​មិនទាន់​អាចឆ្លើយតប​នឹង​ស្ដង់ដារ​អនាម័យ និង​ភូតគាម​អនាម័យ​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​កសិករ​របស់​យើង​នៅមានកម្រិត​ក្នុងការ​ឆ្លើយតប​សេចក្ដីត្រូវការ​របស់គេ​»​។

​លោក​បានលើកឡើង​ពី​ការដែល​ប្រទេស​ចិន​ធ្លាប់បាន​បដិសេធ​ទិញ​ផ្លែ​ចេក​របស់​កម្ពុជា ដោយសារ​ផលិតផល​របស់​កម្ពុជា មិន​បំពេញបាន​លក្ខខណ្ឌ​រប​ស់​គេ​។ លោក​រៀបរាប់​ដូច្នេះ​ថា​៖«​ចិន​មិន​ទទួលយកបាន ដោយសារ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ដែល​មិនមែន​គិតតែ​ការ​វេច​ខ្ចប់​ប៉ុណ្ណោះ​ទេ តែ​រឿង​បច្ចេកទេស​ដាំ​ដុះ​ថែមទៀត​។ គេ​ត្រូវ​មើល​ចម្ការ​យើង​ដាំ​ដុះ មាន​សត្វ​រុយ ឬ​សត្វ​ផ្សេងៗ​។ ហើយ​យើង​ត្រូវមាន​វិធានការ​កំចាត់​សត្វ​ណឹ​ង កុំ​ឲ្យ​វា​ទុំ វា​ចោះ​ផលិតផល​របស់​យើង ហើយ​ប្រមូល​ផល​បាន​ត្រូវ​លាង​សម្អាត​មេរោគ រួច​ត្រូវ​វេច​ខ្ចប់ ត្រូវមាន​ឃ្លាំង​ត្រជាក់​ស្តុក​»​។

«​ត្រង់​នេះហើយ​ដែល​ប្រជាជន​យើង​នៅ​ខ្វះខាត គាត់​មាន​ស្វាយ តែ​គាត់​ស្រែកថា​អត់​មាន​ទីផ្សារ ប៉ុន្តែ​គាត់​អត់​បានដឹង​យល់​ពី​បច្ចេកទេស​នៃ​ការនាំចេញ​»​។ លោក វេ​ង សាខុន ថ្លែង​បែបនេះ មុននឹង​លោក​អះអាងថា ដើម្បី​ឆ្លើយតប​ស្ដង់ដារ​នាំចេញ​របស់​អ្នកបញ្ជា​ទិញ​ពី​ក្រៅប្រទេស លុះត្រា​មានការ​សហការ​រវាង​កសិករ និង​ក្រុមហ៊ុន​ឯកជន​។ លោក​ប្រាប់​ដូចនេះ​ថា​៖«​ប្រជាជន​មិនអាច​ធ្វើ​បានទេ លុះ​ណា​មាន​ក្រុមហ៊ុន​មួ​យមក​ធានា​និង​ណែនាំ​»​។​

​ជាមួយគ្នានេះ ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​របស់​កម្ពុ​ជានា​ពេលបច្ចុប្បន្ន ក៏​មិនទាន់​អាចឆ្លើយតប​នឹង​តម្រូវការ​ចរាចរ​កសិផល​ទៅ​ក្រៅប្រទេស​បាន​ផងដែរ​។ នេះ​បើតាម លោក វេ​ង សាខុន ៕


Tag:
 វេ​ង សាខុន​
  ម៉ុង ឫទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com