English-Français
សេដ្ឋកិច្ច
អ្នកជំនាញ​ថា ទីផ្សារ​សេវា​ធានារ៉ាប់រង​ប៉ោង​ឡើង​ធំ តែ​មិនទាន់​ចាល់​ទេ
17, May 2017 , 11:27 am        
រូបភាព
​ភ្នំពេញ​៖ ទីផ្សារ​សេវា​ធានារ៉ាប់រង​នៅក្នុង​ប្រទេស​កម្ពុជា​បាន និង​កំពុង​រីកចម្រើន​យ៉ាងខ្លាំង​នៅ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ទឹកប្រាក់​ក្នុង​សេវា​នេះ​មាន​ចំនួន​ជាង​១០០​លាន​ដុល្លារ​អាមេរិក​។ ជារួម វិស័យនេះ​មាន​កំណើន​ជិត​២០%​ជា​រៀងរាល់ឆ្នាំ​។ បើ​យោងតាម​អ្នកជំនាញ​ក្នុង​វិស័យនេះ វិស័យនេះ​នឹង​បន្ត​កំណើន​ក្នុង​រយៈពេល​៥​ឬ​១០​ឆ្នាំ​ខាងមុខ​ទៀត​ដោយសារ​ការរីកលូតលាស់​នៃ​កំណើត​សេដ្ឋកិច្ចកម្ពុជា​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​អ្នកជំនាញ​ទទួលស្គាល់ថា ចំណេះដឹង​ពលរដ្ឋ​ខ្មែរ​ចំពោះ​វិស័យនេះ​នៅមានកម្រិត​នៅឡើយ​។



​សំឡេង​ជា​ភាសា​អង់គ្លេស​៖




«​ទីផ្សារ​សេវា​ធានារ៉ាប់រង​ប៉ោង​ធំ​ជាង​មុន តែ​មិនទាន់​ចាល់​ទេ​។ វា​នៅមាន​សក្តានុពល​ធំ​ណាស់​»​។ នេះ គឺជា​ការ​សង្ខេប​អត្ថន័យ​រួម​របស់លោក Jeffrey J.Whittaker អគ្គនាយក នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង People and Partners insurance នៅក្នុង​បទ​សម្ភាស​ខ្លី​មួយ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​។



​លោក​អគ្គនាយក​បា​នប​ន្ត​ទៀតថា វិស័យ​ធានារ៉ាប់រង​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​កំណើន​ប្រមាណ​ជា​ជិត​២០%​ជា​រៀងរាល់ឆ្នាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​កំណើន​នេះ នឹង​បន្ត​ក្នុង​រយៈពេល​ពី​៥​ទៅ​១០​ខាងមុខ​ទៀត​ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​របស់​កម្ពុជា​។

​ទឹកប្រាក់​ក្នុង​វិស័យនេះ​ត្រូវបាន​គេ​វាយតម្លៃថា មាន​ចំនួន​១១៣​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦​កន្លងមក និង​ជាង​១៣០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​នេះ​។ ប​ច្ចុ​ប​ប្បន្ន ប្រទេស​កម្ពុ​ជាមាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន​៧, ធានារ៉ាប់រង​ជីវិត​៦, ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ចំនួន​៩ និង​ក្រុមហ៊ុន​កម្រៃជើងសារ​ធានារ៉ាប់រង​ចំនួន​៩​។ «​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ទៀត កំណើន​នៅតែ​កើន​ពី​១៨​ទៅ​២០%​ដដែល​។ ខ្ញុំ​មើលមិនឃើញ​ការធ្លាក់ចុះ​ក្នុង​រយៈពេល​១០​ខាងមុខ​ទៀត​នេះ​ទេ​»​។ នេះ គឺជា​ការទស្សទាយ​រប​ស់លោក Jeffrey J.Whittaker​។



​លោក​អគ្គនាយក​រូបនេះ​បាន​បន្តទៀតថា ទីផ្សារ​ក្រុមហ៊ុន​ធានា​កម្ពុជា​អាច​នឹង​បន្ត​ទាក់ទាញ អ្នកវិនិយោគ​ជនជាតិ​ជប៉ុន កូរ៉េ និង​ចិន បន្ថែមទៀត​។

​គុណវិបត្តិ​ដែល​លោក Jeffrey J.Whittaker មើលឃើញ​នៅក្នុង​វិស័យនេះ គឺ​កម្រិត​នៃ​ការយល់ដឹង​របស់​ពល​រដ្ឋ​ខ្មែរ​ចំពោះ​សេវាកម្ម​ធានារ៉ាប់រង​នៅមានកម្រិត ហើយ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ គឺ​បន្ថែម​ការផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការទិញ​សេវា​ធានារ៉ាប់រង​៕


© រក្សាសិទ្ធិដោយ thmeythmey.com