កីឡាអន្តរជាតិ
អន្តរជាតិ
Sharapova មិនត្រូវ​បានផ្តល់ Wildcard សម្រាប់​កម្មវិធី French Open
17, May 2017 , 3:13 pm        
រូបភាព
​កីឡាការិនី Maria Sharapova នឹង​មិនបាន​ចូលរួម​ការប្រកួត​កីឡា​វាយ​កូន​បាល់ French Open ឡើយ​បន្ទាប់ពី​មន្ត្រី​រៀបចំ​ការប្រកួត​នេះ​សម្រេច​មិន​ផ្តល់ Wildcard ដែលជា​សិទ្ធិ​មិនចាំបាច់​ប្រកួត​វគ្គ​ជម្រុះ​ដល់​នាង​។​



​បើតាម New York Time ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​បារាំង​លោក Bernard Giudicelli Ferrandini ប្រកាស​មិន​ផ្ដល់​សិទ្ធិ​អនុគ្រោះ​ដល់​កីឡាការិនី​សញ្ជាតិ​រុស្ស៊ី វ័យ​៣០​ឆ្នាំ​រូបនេះ​ឲ្យ​ចូលរួម​ការប្រកួត​ពាន​រង្វាន់ French Open កម្រិត Grand Slam ឆ្នាំ​២០១៧ ដោយសារ​ករណី​ធ្លាប់ប្រើ​សារធាតុ​ញៀន ឬ​ប៉ូវ​កម្លាំង​កាលពី​ការប្រកួត Australian Open ឆ្នាំ​២០១៦​។​

«​យើង​អាច​ផ្តល់ Wildcard សម្រាប់​កីឡាករ ឬ​កីឡាការិនី​ណា​ដែល​ត្រឡប់មក​ប្រកួត​វិញ​ដោយសារ​បញ្ហា​របួស ប៉ុន្តែ​យើង​មិនអាច​ផ្តល់ Wildcard សម្រាប់​ការ​ត្រឡប់មក​ដោយសារ​ការ​ពិន័យ​ករណី​ប្រើប្រាស់​សារធាតុ​ប៉ូវ​កំលាំង​ខុស​នឹង​ច្បាប់​កីឡា​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Bernard Giudicelli Ferrandini​។​



​សូមបញ្ជាក់ថា ការប្រកួត​វាយ​កូន​បាល់​ក្នុង​ទីលាន​ដីក្រហម​កម្មវិធី Roland Garros ឬ French Open ឆ្នាំ​២០១៧ លំដាប់​Grand Slam នេះ​នឹង​ប្រព្រឹត្ត​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៨ ខែឧសភា ដល់​ថ្ងៃទី​១១ ខែមិថុនា​។

​ម្ចាស់​ជើងឯក Grand Slam ៥​សម័យកាល Maria Sharopova ក៏បាន​ដកខ្លួន​ពី​កម្មវិធី​វាយ​កូន​បាល់ Italian Open ផងដែរ ក្រោយ​មាន​បញ្ហា​របួស​ភ្លៅ​នៅពេល​កំពុងធ្វើការ​ប្រកួត​ក្នុង​សិត​ទី​៣ ជាមួយ​កីឡា​ការ​នី Marjana Lucic-Baroni ដោយ​បញ្ចប់​ទៅក្នុង​លទ្ធផល ៤-៦, ៦-៣ និង ២-១៕


Tag:
 វាយ​កូន​បាល់​
  Maria Sharapova
  wildcard
  Franch Open
© រក្សាសិទ្ធិដោយ thmeythmey.com