កីឡាជាតិ
ជាតិ
លោក រ័ត្ន សុខន ជំរុញ​ឲ្យ​កីឡាករ​ត្រូវ​ចេះ​សាមគ្គី​គ្នា កុំ​មើលងាយ​គ្នា និង​កុំ​មាន​អំនួត​
18, May 2017 , 8:19 am        
រូបភាព
ដោយ:
​ទីបំផុត​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានបញ្ចប់​ភាព​អសកម្ម​របស់ខ្លួន បន្ទាប់ពី​សហ​ព័​ន្ថ​នេះ​បាន​ឯកភាពគ្នា​រៀបចំ​មហាសន្និបាត​បញ្ច​ប់​អាណត្តិ​ទី​២ និង​ដាក់​ទិសដៅ​អាណត្តិ​ទី​៣​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​។ លោក រ័ត្ន សុខន ត្រូវបាន​សមាជិក​ឯក​ភាព​បោះឆ្នោត​តាមរយៈ​ការលើកដៃ​ឲ្យ​បន្ត​ដឹកនាំ​ជា​ប្រធាន​សម្រាប់​អាណ​តិ្ត​ថ្មី​។ ក្រោយ​កោតសរសើរ​ពី​ភាពជោគជ័យ​ក្នុង​អាណត្តិ​ចាស់ លោក​ប្រធាន​ថ្មី​រូបនេះ ជំរុញ​ឲ្យ​សមាជិក​ទាំងអស់​ត្រូវ​ចេះ​ឯកភាពគ្នា ជាពិសេស​កីឡាករ​ត្រូវ​ចេះ​សាមគ្គី​គ្នា ស្រលាញ់គ្នា និង​កុំ​មានការ​រើសអើង​នៅក្នុង​ក្រុម​។​



​ក្រោយ​សមាជិក​ប្រតិបត្តិ​បោះឆ្នោត​តាមរយៈ​ការលើកដៃ​ឲ្យ​បន្ត​ដឹកនាំ​ជា​ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ក្នុង​អាណត្តិ​ថ្មី​(២០១៧-២០២១) លោក រ័ត្ន សុខន មិនបាន​ទាមទារ​អ្វី​ច្រើន​នោះឡើយ គឺ​គ្រាន់តែ​ជំរុញ​ឲ្យ​សមាជិក​ប្រតិបត្តិ​អាណត្តិ​ថ្មី​ចេះ​ឯកភាពគ្នា ជាពិសេស​កីឡាករ​ត្រូវ​ចេះ​សាមគ្គី​គ្នា និង​ចេះ​ស្រលាញ់គ្នា​ដូច​បង​និង​ប្អូន​។ លោក បាន​ហាមផ្តាច់​កុំ​ឲ្យ​មានការ​ប្រមាទមើលងាយ​គ្នា​នៅក្នុង​ក្រុម ព្រោះ​លោក​គិតថា ភាព​ល្បី​ល្បា​របស់​កីឡា​មួយ​គឺ​វា​ស្រ័យ​លើ​កីឡាករ សហព័ន្ធ និង​ថ្នាក់ដឹកនាំ​កីឡា​។​



​អនុប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក​រូបនេះ​ទទួលស្គាល់ថា លទ្ធផល​កន្លងមក​វ៉ូ​វី​ណា​ម​ធ្វើ​បានល្អ​ហើយ ប៉ុន្តែ​មិនទាន់​ដល់​កម្រិត​ដែល​លោក និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ចង់បាន​។ លោក​បាន​អះអាងថា ប្រសិនបើ​៦​ឆ្នាំ​ទៅមុខ​កីឡា​វ៉ូ​វី​ណា​ម​នៅតែមាន​បញ្ហា មិនមាន​ការរីកចម្រើន​លោក​នឹង​ដកថយ​ពី​កីឡា​មួយ​នេះ​។

​លោក​បាន​បញ្ជាក់ថា​៖«​ដណ្តើម​មេដាយមាស​បាន​ដោយសារ​កីឡាករ កីឡាករ​ល្អ​ដោយសារ​គ្រូ រីឯ​គ្រូ​ល្អ​ដោយសារ​ការដឹកនាំ​រប​ស់​សហព័ន្ធ ហើយ​សហព័ន្ធ​ដំណើរកា​រ​ល្អ​ដោយសារ​គោលនយោបាយរ​បស់​ក្រសួង និង NOCC​។ អ៊ីចឹង​កីឡាករ​ត្រូវ​សហការគ្នា ស្រលាញ់​រាប់អាន​គ្នា​ដូច​គ្រួសារ​តែមួយ ហើយ​អ្នក​ចាស់​កុំ​មើលងាយ​អ្នកថ្មី អ្នក​ពូកែ​កុំ​មើលងាយ​អ្នក​អន់ រីឯ​អ្នក​ដណ្តើមបាន​មេដាយ​ច្រើន​មាន​លុយ​ច្រើន​កុំ​អំនួត​លើ​ខ្លួនឯង​»​។



​ក្រោយ​រង​ការព្យួរ​សមាជិកភាព​ពី​ថ្នាក់ដឹកនាំ NOCC ដោយសារ​មិនមាន​ការឯកភាព​ផ្ទៃក្នុង​អស់​មួយរយៈ​រួចមក នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា នេះ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​ឯកភាព​រៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​ចាស់ ដើម្បី​បញ្ចប់​ភាព​អសកម្ម និង​ដាក់​ទិសដៅ​អភិវឌ្ឍន៍​កីឡា​វ៉ូ​វី​ណា​ម​សម្រាប់​អាណត្តិ​ថ្មី​។ 

​សម្រាប់​អាណត្តិ​ថ្មី​នេះដែរ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បានដាក់​ចេញ​នូវ​គោល​អនុវត្តន៍​របស់ខ្លួន​មួយចំនួន​ដូចជា ជំរុញ និង​លើកទឹកចិត្ត​ស្ត្រី ក៏ដូចជា​យុវជន​ឲ្យ​ចូលរួម​ហ្វឹកហាត់​កីឡា​វ៉ូ​វី​ណា​ម​ឲ្យ​កាន់តែច្រើន​។ ពង្រឹង និង​ពង្រីក​ក្លិប​នៅតាម​បណ្តា​ខេត្ត​ឲ្យ​បាន​ច្រើន ជាពិសេស​បង្កើន​ការប្រជុំ និង​យកចិត្តទុកដាក់​ឲ្យ​ច្រើនជាង​មុខ​ជាមួយ​ក្លិប​-​សមាគម​ដែលជា​សមាជិក និង​បើក​វគ្គ​បណ្តុះបណ្តាល​គ្រ​បង្វឹក ចៅក្រម អាជ្ញាកណ្តាល​កម្រិត​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ច្រើន​។ លើសពីនេះ រៀបចំ​បណ្តុះបណ្តាល​ថ្នាល​ឲ្យ​បាន​ច្រើន ដើម្បី​ត្រៀម​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​



​ក្រោយ​ឆ្លងកាត់​ការបោះឆ្នោត​ដោយ​ការលើកដៃ​នៅ​ទីស្នាក់ការ NOCC សមាជិក​ប្រតិបត្តិ​អាណត្តិ​ថ្មី​របស់​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​រួមមាន​៖ លោក រ័ត្ន សុខន ប្រធាន​, លោក វ៉ា​ត់ ចំរើន ប្រធានកិត្តិយស​, លោក អ៊ូ រតនា អនុប្រធាន​ទី​១, លោក រស់ មុនិន្ទ អនុប្រធាន​ទី​២, លោក ហុក ឈាង​គីម អនុប្រធាន​ទី​៣, លោក កែវ ហុក​លី អគ្គលេខាធិការ​, លោក ទេព ជីវ​សុខុម និង​លោក ជុ​ត សាម៉ុន អគ្គលេខាធិការរង​, អ្នកស្រី ប៉ាល់ ឆរ​ស្មី អគ្គហិរញ្ញិក និង​លោក ស៊ុម វណ្ណា ជា​អគ្គហិរញ្ញិក​រង​។ ក្រៅពីនេះ​ក៏មាន​សមាជិក​ចំនួន​៤​រូប​ទៀត​ផងដែរ រួមមាន លោក សល់ មករា​, លោក លី ពិជ័យ​, លោក ឯក សុធា​រ័ត្ន និង​លោក ម៉េង សុខ​លេង​៕  


Tag:
 វ៉ូ​វី​ណា​ម​
  រ័ត្ន សុខន
© រក្សាសិទ្ធិដោយ thmeythmey.com