ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា ស្នើ​ឲ្យ​អ្នកនយោបាយ​ប្រកួត​គ្នា​ដោយស្មោះ​ត្រង់ ដើម្បី​«​ឈ្នះ ឬ ចាញ់​ដោយ​អស់ចិត្ត​»
17, May 2017 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​អ្នកនយោបាយ​ទាំងអស់ ប្រកួតប្រជែង​គ្នា​ដោយ​ភាពស្មោះត្រង់ និង​បញ្ចៀស​ការប្រើប្រាស់​ពាក្យពេចន៍ និង​សារ​នយោបាយ ក្នុងន័យ​គំរាមកំហែង​ដល់​សិទ្ធិ​បោះឆ្នោត​ប្រជាពលរដ្ឋ​ឡើយ​។ បើតាម​គណបក្ស​សង្គ្រោះ​ជាតិ មានតែ​ការ​ប្រជែង​គ្នា​ដោយ​ភាពស្មោះត្រង់​ទេ ទើប​ធ្វើ​ឲ្យ​លទ្ធផល​បោះឆ្នោត មានការ​ឈ្នះ​-​ចាញ់​គ្នា​ដោយ​អស់ចិត្ត​។​



​ខណៈដែល​ការបោះឆ្នោត ឃុំ​-​សង្កាត់ ខិតជិត​មកដល់​នោះ ឯកឧត្តម កឹម សុខា សង្កេតឃើញថា សារ​នយោបាយ​គំរាមកំហែង​ប្រជាពលរដ្ឋ បាន​លេច​ឡើងជា​បន្តបន្ទាប់ ដែល​លោក ចាត់ទុកជា​ការបំភិតបំភ័យ​ស្មារតី​ពលរដ្ឋ​ក្នុងការ​បោះឆ្នោត​។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​អ្នកនយោបាយ​ពី​គ្រប់​គណបក្ស​ទាំងអស់ ចូលរួម​ប្រកួតប្រជែង​គ្នា​តាមរយៈ​សារ​នយោបាយ​សមរម្យ ដែលជា​ការលើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​កាន់តែ​មាន​ទំនុក​បោះឆ្នោត​គាំទ្រ​លើ​គណបក្ស​ខ្លួន​នីមួយៗ​វិញ ល្អ​ជាង​ប្រើ​ពាក្យពេចន៍​បំភិតបំភ័យ​ពលរដ្ឋ​។

​ថ្លែង​ក្នុង​ពី​ធី​ជួប​ថ្នាក់ដឹកនាំ និង​បេក្ខជន​ស្ត្រី តាម​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​នោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​អំពាវនាវ​ឲ្យ​គណបក្សនយោបាយ​ទាំងអស់ យក​កម្មវិធី​នយោបាយ យក​គោលនយោបាយ​របស់ខ្លួន យកសារ​នយោបាយ​រប​ស់​ខ្លួន មក​ប្រកួត​គ្នា កុំ​ប្រកួត​កម្លាំងបាយ កុំ​គំរាមកំហែង កុំ​បំភិត​ប​ភំ​ភ័យ កុំ​បន្លំ នេះហើយ​ទើប​គេ​ហៅថា អ្នកឈ្នះ​ដោយ​ថ្លៃថ្នូរ អ្នកចាញ់​ដោយ​អស់ចិត្ត​។ នេះ​ជា​បំណងប្រាថ្នា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​»​។​

​បន្ថែម​ពីនេះ​ឯកឧត្តម កឹម សុខា នៅតែ​ទទូច​ឲ្យ​មន្ត្រី សកម្មជន និង​អ្នកគាំទ្រ​របស់ខ្លួន ប្រកួតប្រជែង​នយោបាយ​ដោយ​អត់ធ្មត់ ចៀសវាង​ការជេរប្រមាថ ឬ​ការប្រើ​អំពើហិង្សា​លើ​អ្នកដទៃ ទោះបីជា​សិ្ថ​ត​ក្នុងស្ថានភាព​បែបណា​ក្តី​។ «​មាន​ពាក្យ​ខ្លះ មាន​សម្ដី​ខ្លះ​គេ​និយាយបាន តែ​យើង​និយាយ​មិន​បានទេ គេ​ចាប់​ដាក់គុក​។ គេ​គំរាម​យើង​បាន តែ​យើង​និយាយ​ប​ញ្ចិ​តប​ញ្ចៀ​ង​គេ​ក៏​រឿង​ដែរ​…​។ មាន​ពាក្យ​ខ្លះ គេ​ស្រែក​គំរាម​ទៅ​ម្ចាស់ឆ្នោត មក​អ្នកប្រឆាំង​គេ​ធ្វើការ​យ៉ាង​រំភើយ គ្មាន​អ្នកចោទ គ្មាន​តុលាការ​ណា​រករឿង​ទេ​។ ប៉ុន្តែ​បើ​យើង​វិញ ហ៊ាន​និយាយ​ពាក្យ​ដូច​គេ​សព្វថ្ងៃនេះ ឬ​និយាយ​ស្រាល​ជាងគេ ក៏មាន​រឿង​ដែរ​។ នេះហើយ​គេ​ហៅថា​អយុត្តិធម៌​បញ្ចេញមតិ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​។​

​បើទោះជា​ឯកឧត្តម កឹម សុខា មិន​និយាយ​ចំឈ្មោះ​ក្តី ប៉ុន្តែ​ទំនងជា​លោក​ចង់​សំដៅ​ទៅលើ​គណបក្សកាន់អំណាច ដែល​តែងតែ​លើកឡើង​ពី​បញ្ហា​សង្គ្រាម​នឹង​អាច​កើតឡើង បើសិនជា​គណបក្ស​ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំនេះ ចាញ់ឆ្នោត​នៅ​អណ​ត្តិ​ក្រោយ​នោះ​។​

​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយតប​នឹង​ការលើកឡើង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​

​បើទោះជា​មិនទាន់មាន​ការបកស្រាយ​អត្ថន័យ​ឲ្យ​ច្បាស់​នៃ​ពាក្យ​ថា «​សង្គ្រាម​» ដែល​អាច​ផ្ទុះឡើង​ក្រោយ​ការបោះឆ្នោត​ក្តី តែ​សម្ដេច ហ៊ុន សែន ធ្លាប់បាន​លើក​ទឡ្ហីករណ៍​ខ្លះ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​សង្គ្រាម​នោះ គឺ​ដោយសារតែ​ក្រុម​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង​ក្រុម​ឧក​ញ្ញា ឬ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​មួយចំនួន បាន​ក្លាយជា​មុខសញ្ញា​កម្ចាត់​ចោល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​ត្រង់ចំណុច​នេះ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​លើកឡើង​ជាញ​យ​ដង​ថា គណបក្ស​ខ្លួន​នឹងមិន​ចាត់ទុក​ខ្មែរ​ណា​ជាស​ត្រូវ​ឡើយ នៅពេល​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​។​

​សម្រាប់​អ្នកវិភាគ​វិញ យល់ថា សារ​នយោបាយ​និយាយ​ពី​«​សង្គ្រាម​»​កើតឡើង​ក្រោយ​ការបោះឆ្នោត​របស់​សម្ដេច ហ៊ុន សែន នេះ​គឺ​គ្រាន់តែ​ជាស​ម្តី​បំភិតបំភ័យ​ស្មារតី​របស់​ពលរដ្ឋ​ប៉ុណ្ណោះ ។ អ្នកវិភាគ លើកឡើងថា សម្ដេច ហ៊ុន សែន តែងតែ​និយាយ​ពី​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​ប្រទេស ដូច្នេះ​សម្ដេច នឹងមិន​បង្ក​ឲ្យ​មាន​សង្គ្រាម​កើតឡើង ហើយ​បំផ្លាញ​សម្មិទ្ធផល​ខ្លួន​ដែល​ខំ​កសាង​អស់​រយៈពេល​ជិត​៤​ទសវត្ស​នេះឡើយ ៕


Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com