ជាតិ
អម្រែក​ទុក្ខ​ដូចជា​ធ្ងន់​ពេក​ហើយ​សម្រាប់​នាយ​ហុងដា​!
17, May 2017 , 5:34 pm        
រូបភាព
ដោយ: រួបរួម
​តារា​កំប្លែង​ម្នាក់​ដែល​តែងតែ​ធ្វើ​ឲ្យ​គេ​សើច​សប្បាយរីករាយ ប៉ុន្តែ​បែរជា​មានរឿង​រ៉ាវ​ជីវិត​ដ៏​សែន​កម្សត់​។ ទុក្ខ​ជាន់​លើ​ទុក្ខ​ស្ថានភាព អារម្មណ៍​បែបនេះ ពិតជា​តឹងតែង​ខ្លាំងណាស់​សម្រាប់​នាយ ហុងដា ដោយ​ភរិយា​ត្រូវស្លាប់ កូនប្រុស​ជាប់ពន្ធនាគារ និង​បញ្ហា​រាប់សិប​ជំពូក​ផ្សេងទៀត​។​



​ករណី​ឃាតកម្ម​កាលពី​ថ្ងៃទី​១១ ខែឧសភា នៅ​ខុន​ដូ​មួយកន្លែង​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ គឺជា​រឿង​ដ៏​សែន​សោកសៅ​បំផុត​សម្រាប់​ជីវិត​របស់​តារា​កំប្លែង នាយ ហុងដា ឈ្មោះ​ដើម អឿន សុខា ដោយ​ជនរងគ្រោះ គឺជា​ភរិយា ហើយ​កូនប្រុស​បង្កើត​ជាមួយ​ភរិយា​មុន គឺជា​ជនជាប់ចោទ​។ ក្នុង​វ័យ​៤៥​ឆ្នាំ នាយ​ហុងដា បែរជា​បានទទួល​រឿង​ស្មុ​គ្រ​ស្មាញ​ផ្ទួនៗ ។​

​ទោះបី​ជាមាន​អារម្មណ៍​ដ៏​តឹងតែង​បែបណាក៏ដោយ តារា​កំប្លែង​ម្នាក់ៗ ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ទៅតាម​ដំណាក់កាល ដោយ​រៀបចំ​ធ្វើ​ពិធី​បុណ្យសព​ភរិយា  ស្រប​ពេលដែល​កូនប្រុស​បង្កើត ត្រូវបាន​បញ្ជូនទៅ​តុលាការ​ដោយ​ត្រូវ​ជាប់ចោទ​ពីបទ «​ឃាតកម្ម​គិតទុក​ជាមុន​»​។​

​ក្រោយ​ការស្លាប់​ភរិយា​ក្រោយ លោក ហុងដា ត្រូវ​ទទួលភារៈ​មើល​កូន​អាយុ​៦​ខែ និង​បន្ត​មើលថែទាំ​ឪពុក​ម្តាយក្មេក​ជំនួស​ភរិយា​របស់ខ្លួន ដោយ​បច្ចុប្បន្ន គាត់​កំពុង​ស្វែងរក​កន្លែង​ថ្មី​ស្នាក់នៅ ពីព្រោះ​គាត់​មិនអាច​ទៅ​នៅ​ខុន​ដូ ដែល​បន្សល់​ស្លាកស្នាម​ទុក្ខសោក​ទៀត​នោះឡើយ​។​

​ទាក់ទង​នឹង​កូនប្រុស​ដែលមាន​អាយុ​១៧​ឆ្នាំ លោក ហុងដា ពិត​ជាមាន​វិប្បដិសារី​ខ្លាំងណាស់​។ លោក​បាន​រៀបរាប់ថា ដំបូង​ឡើយ​កូនប្រុស​លោក​គឺជា​ក្មេង​ល្អ​ម្នាក់ ប៉ុន្តែ​ជីវិត​របស់គេ​បាន​ប្រែប្រួល​បន្ទាប់ពី​មាន​ម៉ូតូ​ទំនើប​ជិះ​ដែល​លោក​បាន​ទិញ​ដោយ​បង់​រំ​លួស​ក្នុងតម្លៃ​ប្រមាណ​២០០០​ដុល្លារ​អាមេរិក​។

​ភាព​ហ៊ឺហារ និង​សម្ភារ​និយម បានធ្វើ​ឲ្យ​កូនប្រុស​លោក ហុងដា ធ្លាក់​ក្នុង​អំពើ​អបាយមុខ គ្រឿងញៀន រហូតដល់​ហ៊ាន​សម្លាប់​ម្តាយចុង​របស់ខ្លួន​ដើម្បី​យក​គ្រឿងអលង្ការ​។ កាត់ទឹក​មិន​ដាច់​កាត់​សាច់​មិនបាន ប៉ុន្តែ​លោក ហុងដា សុខចិត្ត​ឲ្យ​ច្បាប់​អនុវត្ត​លើ​កូនប្រុស​របស់ខ្លួន​ទៅតាម​ទង្វើ​ដែល​គេ​បាន​សាង​។​

​បុណ្យ​៧​ថ្ងៃ​ភរិយា មិនទាន់បាន​ស្រួលបួល​ផង ស្រាប់តែ​ឪពុក​របស់​តារា​កំប្លែង​ម្នាក់នេះ ធ្លាក់ខ្លួន​ឈឺ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ទន្ទឹមនឹង​ទុក្ខ​ថ្មី​បានមក​ដល់ ក្តីកង្វល់​បន្ថែមទៀត​ម​កប​ន្ត​ញាំញី បន្ទាប់ពី​ភរិយា​ដើម​របស់លោក ហុងដា គឺ​តារា​កំប្លែង ឃ្មឹ​ប ឈ្មោះ​ដើម  រ៉េ​ន សុធា​រី បានបង្ហាញ​វត្តមាន​។​

​ទឹកចិត្ត​ម្តាយ​ចំពោះ​កូន​ពិត​មហា​ធំធេង​។ អ្នកនាង ឃ្មឹ​ប កូនស្រី​របស់​តារា​កំប្លែង​ជើងចាស់ ជី វ៉ាន់ស៊ុយ ដែល​បាន​ចាក​ចេញពី​ឆាក​សិល្បៈ​ជាច្រើន​ឆ្នាំ បាន​ស្កាត់​ពី​ខេត្តបន្ទាយមានជ័យ​ទៅ​មើល​កូនប្រុស​ច្បង ត្រូវបាន​សមត្ថភាព​ចាប់ខ្លួន​។ ហុងដា និង​ឃ្មឹ​ប មានកូន​ប្រុស​២​នាក់ ហើយ​បាន​ចែកផ្លូវ​គ្នា​អស់​រយៈ​ប្រមាណ​៧​ឆ្នាំ​មកហើយ​។​

​រឿងរ៉ាវ​ត្រូវបាន​អូសបន្លាយ​បន្ថែមទៀត បន្ទាប់ពី​មានការ​គាស់​រំលើង​អតីតកាល​នៃ​ការបែកបាក់​គ្នា​របស់​តារា​កំប្លែង​ទាំងពីរ​។ អ្នកនាង ឃ្មឹ​ប មិនមាន​សម្រស់ និង​ហ៊ឺហា​ដូច​មុន​នោះឡើយ គាត់​រស់នៅ​ខេត្តបន្ទាយមានជ័យ​ដោយ​ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​។ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន TVFB អ្នកនាង ឃ្មឹ​ប បាន​អះអាងថា ការបែកបាក់​គ្នា គឺ​ដោយសារ​នាយ​ហុង ដា ញៀន​ល្បែង និង​ស្រី​។​

​ការ​ថ្លែង​បែបនេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​នាយ ហុងដា ផ្ទាល់​នោះទេ ហើយ​វា​ក៏​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ដែលមាន​សមានចិត្ត​លើ​នាយ ហុងដា ផងដែរ​។ អ្នកខ្លះ​គិតថា នាង ហុងដា ពិតជា​មនុស្ស​ប្រុស​ដែល​មិន​ត្រឹមត្រូវ​។​

​នៅ​ថ្ងៃទី​១៧ ខែឧសភា នាយ ហុងដា បានដាក់​កំហិត​ឲ្យ​អតីត​ភរិយា​របស់ខ្លួន​សុំទោស​នូវ​អ្វីដែល​ខ្លួន​បាន​និយាយ ហើយ​មិន​ដល់​ពី​ម៉ោង​ស្រួលបួល​ផង អ្នកនាង ឃ្មឹ​ប នា​ពិធី​ជួប​ជាមួយ​សិល្បករ​ផ្សេងទៀត បាន​ថ្លែង​សុំទោស​អតីត​ស្វាមី​របស់ខ្លួន ដោយ​ទទួលស្គាល់ថា វា​ជា​រឿង​ឥតប្រយោជន៍​ក្នុងការ​លើកយក​រឿង​អតីត​មក​និយាយ​៕


Tag:
 នាយ​ហុងដា
© រក្សាសិទ្ធិដោយ thmeythmey.com