ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម នឹងលុបបំបាត់ភាពមិនប្រក្រតី នៃការផ្ដល់សិទ្ធិធ្វើអាជីវកម្ម«កាប់ជ្រូក»
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន អះអាងថាក្រសួងកសិកម្មនឹងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លុបបំបាត់ភាពមិនប្រក្រតីនៃការផ្ដល់សិទ្ធិធ្វើអាជីវកម្មកាប់ជ្រូកយកសាច់លក់ ដែលជាកត្តាមួយបានធ្វើឲ្យតម្លៃសាច់ជ្រូកលើទីផ្សារឡើងថ្លៃ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធ បានជួបពិភាក្សាគ្នាលើបញ្ហាទីផ្សារសត្វជ្រូក កាលពីថ្ងៃទី១៦ខែឧសភា។
ក្នុងចំណោមបញ្ហានានាទាក់ទងទីផ្សារជ្រូក អង្គប្រជុំបានពិភាក្សាលើបញ្ហាថា សត្វជ្រូករស់ចុះថោក ប៉ុន្តែតម្លៃសាច់ជ្រូកលក់រាយលើទីផ្សារបែរជាឡើងថ្លៃ ឬតំបន់ខ្លះនៅរក្សាតម្លៃដដែលទៅវិញ។ អង្គប្រជុំបានកំណត់ថា ការសុំសិទ្ធិដោយបង់កម្រៃភាស៊ីប្រកបអាជីវកម្មកាប់ជ្រូកមានភាពមិនប្រក្រតី គឺជាផ្នែកមួយធ្វើឲ្យតម្លៃសាច់ជ្រូកលក់លើទីផ្សារឡើងថ្លៃ ឬមិនចុះថ្លៃ។
តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានលើកឡើងពីភាពអសកម្មនៃការគ្រប់គ្រង់អាជីវកម្មកាប់ជ្រូក ដែលនាំទៅដល់ការលក់ផ្ដាច់មុខ។ តំណាងអគ្គនាយកដ្ឋានគយ បានលើកឡើងនៅក្នុងកិច្ចប្រជុំដូច្នេះថា៖«បញ្ហាសត្វឃាត ជារឿងធំណាស់។ ការគ្រប់គ្រងសត្វឃាត ដោយបង្កប់ភាពផ្ដាច់មុខ សប្បនិមិត្ត។ បើមើលក្រដាសរកថាផ្ដាច់មុខត្រង់ណា គឺរកមិនឃើញទេ ប៉ុន្តែគ្មានអ្នកផ្សេងធ្វើបាន។ ប្រមូលទិញជ្រូកប្រជាជនក្នុងភូមិស្រុក ខុសពីអ្នកណឹង ធ្វើអត់បាន ចាប់ទាំងអស់ អ្នកផ្សេងទៀតទិញមិនបាន។ នេះជាប្រព័ន្ធអសកម្មមួយកំពុងដំណើរការខ្លាំង»។
លោក ប៊ុត ចាន់ធូ ដែលជាម្ចាស់ក្រុមហ៊ុននាំចូលជ្រូក បាននិយាយថា ការចេញមុខពាំងពីសំណាក់អាជ្ញាធរ ដែលខ្ទប់មិនឲ្យអ្នកផ្សេងមានសិទ្ធិធ្វើអាជីវកម្ម បាននាំឲ្យសាច់ជ្រូកលក់ថ្លៃ។ លោក ចាន់ធូ បន្ថែមថា៖«ខ្ញុំធ្លាប់យកឯកសារសុំរដ្ឋមន្ត្រីក្រសួងកសិកម្មចារ។ លោករដ្ឋមន្ត្រីមានចំណារឲ្យអគ្គនាយកដោះស្រាយ។ លុះដោះស្រាយដល់មន្ទីរកសិកម្ម មន្ទីរថាមានចំណារអភិបាលខេត្តមួយថា មិនឲ្យអ្នកណាចូលធ្វើសត្វឃាតបន្ថែមទេ។ តាមខ្ញុំប៉ាន់ស្មានថានេះហើយបានជាអ្នកធ្វើសត្វឃាតលក់តម្លៃតាមចិត្តគាត់»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន អះអាងថា លោកនឹងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយលើបញ្ហាភាពមិនប្រក្រតីនៃការផ្ដល់សិទ្ធិធ្វើអាជីវកម្មកាប់ជ្រូកនេះ។ «ទាក់ទងរឿងតម្លៃ ឥឡូវនេះក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឯកភាពគ្នាថានឹងរួមគ្នាដោះស្រាយ តើសត្វឃាតដ្ឋាន ត្រូវរៀបចំបែបណា យើងនឹងធ្វើប្រកាសរួម។ រឿងភាស៊ីគឺធ្វើយ៉ាងណាកុំឲ្យមានជនទី២ ទី៣ ដេញថ្លៃតគ្នា នាំឲ្យតម្លៃកើនឡើង…។ ការនាំចេញ-ចូលក្នុងសត្វឃាតដ្ឋាន យើងអាចត្រួតពិនិត្យភូតគាមអនាម័យបានច្បាស់លាស់»។ នេះបើតាមលោក វេង សាខុន។
រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ បញ្ជាក់ថា ភាពមិនប្រក្រតីនៃការផ្ដល់សិទ្ធិធ្វើអាជីវកម្មកាប់ជ្រូក គឺជាចំណែកមួយធ្វើឲ្យសាច់ជ្រូកលើទីផ្សារលក់ថ្លៃ។ លោក វេង សាខុន បន្ថែមថា៖«ខ្ញុំចុះទៅដល់ខេត្តណាគឺមានគេរាយការណ៍ពីផលលំបាករឿងភាស៊ីនេះ។ អ្នកលក់សាច់ជ្រូកតាមភូមិទិញភាស៊ីបន្តគ្នា រហូតដល់ ២ពាន់ដុល្លារ ក៏មាន ដែលជាបច្ច័យអាក្រក់នាំឲ្យកសិករដែលមានប្រាក់តិចហើយទិញសាច់ជ្រូកថ្លៃ»៕
© រក្សាសិទ្ធិដោយ thmeythmey.com