ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម​ នឹង​លុបបំបាត់​ភាពមិនប្រក្រតី ​នៃ​ការផ្ដល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​«​កាប់​ជ្រូក​»
17, May 2017 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន អះអាងថា​ក្រសួងកសិកម្ម​នឹង​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លុបបំបាត់​ភាពមិនប្រក្រតី​នៃ​ការផ្ដល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​កាប់​ជ្រូក​យកសា​ច់លក់ ដែលជា​កត្តា​មួយ​បានធ្វើ​ឲ្យ​តម្លៃ​សាច់ជ្រូក​លើ​ទីផ្សារ​ឡើងថ្លៃ​។ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ភាគី​ពាក់ព័ន្ធ បាន​ជួប​ពិភាក្សាគ្នា​លើ​បញ្ហា​ទីផ្សារ​សត្វ​ជ្រូក កាលពី​ថ្ងៃទី​១៦​ខែឧសភា​។​


 
​ក្នុងចំណោម​បញ្ហា​នានា​ទាក់ទង​ទីផ្សារ​ជ្រូក អង្គ​ប្រជុំបាន​ពិភាក្សា​លើ​បញ្ហា​ថា សត្វ​ជ្រូក​រស់​ចុះថោក ប៉ុន្តែ​តម្លៃ​សាច់ជ្រូក​លក់រាយ​លើ​ទីផ្សារ​បែរជា​ឡើងថ្លៃ ឬ​តំបន់​ខ្លះ​នៅ​រក្សា​តម្លៃ​ដដែល​ទៅវិញ​។  អង្គ​ប្រជុំបាន​កំណត់ថា ការសុំ​សិទ្ធិ​ដោយ​បង់ក​ម្រៃ​ភាស៊ី​ប្រកប​អាជីវកម្ម​កាប់​ជ្រូក​មាន​ភាពមិនប្រក្រតី គឺជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​តម្លៃ​សាច់ជ្រូក​លក់​លើ​ទីផ្សារ​ឡើងថ្លៃ ឬ​មិន​ចុះថ្លៃ​។​
 
​តំណាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បានលើកឡើង​ពី​ភាព​អសកម្ម​នៃ​ការ​គ្រប់​គ្រង់​អាជីវកម្ម​កាប់​ជ្រូក ដែល​នាំទៅដល់​ការលក់​ផ្ដាច់មុខ​។ តំណាង​អគ្គនាយកដ្ឋាន​គយ បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ដូច្នេះ​ថា​៖«​បញ្ហា​សត្វឃាត ជា​រឿង​ធំ​ណាស់​។ ការគ្រប់គ្រង​សត្វឃាត ដោយ​បង្កប់​ភាពផ្ដាច់មុខ សប្ប​និមិត្ត​។ បើ​មើល​ក្រដាសរ​កថា​ផ្ដាច់មុខ​ត្រង់ណា គឺ​រក​មិនឃើញ​ទេ ប៉ុន្តែ​គ្មាន​អ្នកផ្សេង​ធ្វើបាន​។ ប្រមូល​ទិញ​ជ្រូក​ប្រជាជន​ក្នុងភូមិ​ស្រុក ខុសពី​អ្នកណឹង ធ្វើ​អត់​បាន ចាប់​ទាំងអស់ អ្នកផ្សេង​ទៀត​ទិញ​មិនបាន​។ នេះ​ជា​ប្រព័ន្ធ​អសកម្ម​មួយ​កំពុងដំណើរការ​ខ្លាំង​»​។​
 
​លោក ប៊ុត ចាន់ធូ ដែលជា​ម្ចាស់​ក្រុមហ៊ុន​នាំចូល​ជ្រូក បាន​និយាយថា ការចេញមុខ​ពាំង​ពី​សំណាក់​អាជ្ញាធរ ដែល​ខ្ទប់​មិន​ឲ្យ​អ្នកផ្សេង​មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម បាន​នាំ​ឲ្យ​សាច់ជ្រូក​លក់​ថ្លៃ​។ លោក ចាន់ធូ បន្ថែមថា​៖«​ខ្ញុំ​ធ្លាប់​យក​ឯកសារ​សុំ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចារ​។ លោក​រដ្ឋមន្ត្រី​មាន​ចំណារ​ឲ្យ​អគ្គនាយក​ដោះស្រាយ​។ លុះ​ដោះស្រាយ​ដល់​មន្ទីរ​កសិកម្ម មន្ទីរ​ថា​មាន​ចំណារ​អភិបាលខេត្ត​មួយ​ថា មិន​ឲ្យ​អ្នកណា​ចូលធ្វើ​សត្វឃាត​បន្ថែម​ទេ​។ តាម​ខ្ញុំ​ប៉ាន់​ស្មានថា​នេះហើយ​បានជា​អ្នកធ្វើ​សត្វឃាត​លក់​តម្លៃ​តាមចិត្ត​គាត់​»​។​
 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន អះអាងថា លោក​នឹង​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ភាពមិនប្រក្រតី​នៃ​ការផ្ដល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​កាប់​ជ្រូក​នេះ​។ «​ទាក់ទង​រឿង​តម្លៃ ឥឡូវនេះ​ក្រសួងកសិកម្ម និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឯកភាពគ្នា​ថា​នឹង​រួមគ្នា​ដោះស្រាយ តើ​សត្វឃាត​ដ្ឋា​ន ត្រូវ​រៀបចំ​បែបណា យើង​នឹងធ្វើ​ប្រកាស​រួម​។ រឿង​ភាស៊ី​គឺ​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ជន​ទី​២ ទី​៣ ដេញថ្លៃ​ត​គ្នា នាំ​ឲ្យ​តម្លៃ​កើនឡើង​…​។ ការនាំចេញ​-​ចូលក្នុង​សត្វឃាត​ដ្ឋា​ន យើង​អាច​ត្រួតពិនិត្យ​ភូតគាម​អនាម័យ​បានច្បាស់លាស់​»​។ នេះ​បើតាម​លោក វេ​ង សាខុន​។​
 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រូបនេះ បញ្ជាក់ថា ភាពមិនប្រក្រតី​នៃ​ការផ្ដល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​កាប់​ជ្រូក គឺជា​ចំណែក​មួយ​ធ្វើ​ឲ្យ​សាច់ជ្រូក​លើ​ទីផ្សារ​លក់​ថ្លៃ​។ លោក វេ​ង សាខុន បន្ថែមថា​៖«​ខ្ញុំ​ចុះទៅ​ដល់​ខេត្ត​ណា​គឺមាន​គេ​រាយការណ៍​ពី​ផល​លំបាក​រឿង​ភាស៊ី​នេះ​។ អ្នកលក់​សាច់ជ្រូក​តាម​ភូមិ​ទិញ​ភាស៊ី​បន្ត​គ្នា រហូតដល់ ២​ពាន់​ដុល្លារ ក៏មាន ដែលជា​បច្ច័យ​អាក្រក់​នាំ​ឲ្យ​កសិករ​ដែលមាន​ប្រាក់​តិច​ហើយ​ទិញ​សាច់ជ្រូក​ថ្លៃ​»៕
 
 
 

Tag:
 ជ្រូក​
  វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com