ជាតិ
សង្គមជាតិ
អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា មាន​ជាង​៦​ពាន់​គូ
17, May 2017 , 8:49 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អង្គការ​អនាគត​កម្ពុជា​អាស៊ាន ដែល​ធ្វើ​ការងារ​លើកស្ទួយ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា បានបង្ហាញ​របាយការណ៍​ថា នៅ​កម្ពុជា​បច្ចុប្បន្ន មាន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ កើនឡើង​ជាង​៦​ពាន់​គូ ហើយ​ពួកគេ​ភាគច្រើន​រង​ការរើសអើង​យ៉ាងខ្លាំង​ពី​សំណាក់​សាច់ញាតិ និង​អ្នក​នៅ​ជុំវិញខ្លួន​។​


 
​លោក ស្រ៊ុន ស្រ៊ន ប្រធាន​អង្គការ​អនាគត​យុវជន​កម្ពុជា​អាស៊ាន បាន​ពន្យល់ថា បច្ចុប្បន្ន អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ត្រូវបាន​ឪពុកម្តាយ​បំបែកបំបាក់ ដោយ​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​មនុស្ស​ដែល​ពួកគេ​មិន​ស្រឡាញ់​។ ការបង្ខំ​នេះ គឺជា​សម្ពាធ​យ៉ាងខ្លាំង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ 
 
​ថ្លែង​ក្នុង​កិច្ចពិភាក្សា​ស្វែងរក​ការគាំទ្រ​សប្តាហ៍​មោទនភាព និង​ទិវា​អន្តរជាតិ​ប្រឆាំង​ការរើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​នៅ​ព្រឹក​នេះ លោក ស្រ៊ុន ស្រ៊ន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ច្រើន​មានការ​រើសអើង​ពី​ឪពុកម្តាយ ដូចជា នៅ​ខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង គឺ​ឪពុកម្តាយ​បាន​ចាប់ចង​ឃុំ​កូន​៣​ថ្ងៃ នាំ​កូន​ទៅ​ស្រោច​ទឹក និង​បញ្ជូន​កូន​ទៅ​ព្យាបាល​នៅ​វៀតណាម​ជាដើម ដោយ​ឪពុកម្តាយ​យល់ថា កូន​នោះ គឺជា​មនុស្ស​ឆ្កួត​»​។ 
 
​របាយការណ៍​របស់​ម​ជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​ស្តីពី​៖«​ការរើសអើង​លើ​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី​នៅតាម​ទីប្រជុំជន​នៅ​កម្ពុជា​» ដែល​ចេញផ្សាយ​កាល​ខែកញ្ញា ឆ្នាំ​២០១៦ បាន​រកឃើញថា អ្នកផ្តល់​សម្ភាស​ដែលជា​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី​ចំនួន ៩២% ធ្លាប់​ទទួលរង​ការបំពាន​តាមរយៈ​ពាក្យ​សម្តី ៤៣% បំពាន​លើ​រូបរាងកាយ និង​៣១% រង​ការបំពាន​ផ្លូវភេទ នៅពេល​ដើរ​នៅតាម​ផ្លូវ​។ 
 
​របាយការណ៍ ដដែល រកឃើញថា ៤២,៨៦% នៃ​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី រង​ការរំលោភបំពាន​លើ​រូបរាងកាយ​នៅ​ទីសាធារណៈ ខណៈ​ជាង​៧០% បាន​អះអាងថា អ្នក​ប្តូរ​ភេទ​មួយចំនួន ត្រូវបាន​នគរបាល​ចាប់ខ្លួន ដោយសារតែ​អត្តសញ្ញាណ​យែ​ន​ឌ័​រ​របស់គាត់​។ របាយការណ៍​ដដែល​នេះ ក៏​រកឃើញថា អ្នករកស៊ី​ផ្លូវភេទ ៥៧,១៤% ដែលជា​អ្នក​ប្តូរ​ភេទ បាន​និយាយថា ពួកគេ​ត្រូវបាន​គេ​បដិសេធ​ផ្នែក​ការងារ បើ​ធៀប​នឹង​អ្នក​ប្តូរ​ភេទ​ដែរ តែ​មិន​រកស៊ី​ផ្លូវភេទ មាន​ត្រឹមត្រូវ ២០,៧៣%​។ 
 
​ទន្ទឹមគ្នា​នេះដែរ របាយការណ៍​របស់​ម​ជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ខែធ្នូ ឆ្នាំ​២០១៥ បាន​រកឃើញថា ៦២,៧១% នៃ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា បាន​រង​ការ​សម្លុត​ប្រមាថ​អំឡុងពេល​នៅក្នុង​សាលារៀន​។ ការ​សម្លុត​នេះ គឺ​ត្រូវបាន​ប្រព្រឹត្ត​ដោយ​សិស្ស និង​គ្រូបង្រៀន​។ របាយការណ៍​ដដែល បានសរសេរថា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដែល​បាន​បង់​ការសិក្សា​ដោយសារ​ការ​សម្លុត មាន ១២,៨២%​។ ពួកគេ បាន​លើកឡើងថា ការបោះបង់​ការសិក្សា​នេះ គឺ​ដោយសារ​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យែ​ន​ឌ័​រ​របស់ខ្លួន​។ 
 
​ការស្ទង់មតិ​របស់​ម​ជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ (NCHADS) និង USAID កាលពី​ឆ្នាំ​២០១៦ រកឃើញថា អត្រា​ការឆ្លង​មេរោគ​អេដស៍​មាន​កម្រិត​ខ្ពស់​ក្នុងចំណោម​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី​(៥,៩%) និង​បុរស​ស្រឡាញ់​បុរស​(២,៣%) បើ​ធៀប​នឹង​ចំនួន​ប្រជាជន​ទូទៅ​(០,៦%)​។   
 
​របាយការណ៍​ថ្មី​មួយ​ផ្សេងទៀត របស់​សមាគម​ឥន្ទធនូ​កម្ពុជា ដែល​បានចេញ​ផ្សាយ​ក្នុង​ឆ្នាំ​២០១៦  រកឃើញថា ៣៣% នៃ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា  បាន​លើកឡើងថា  ការ​មិនបាន​រាប់បញ្ចូល​នៅក្នុង​សាលារៀន គឺជា​បញ្ហាសំខាន់​មួយ​។ របាយការណ៍ សរសេរ​បន្តថា ៨២% នៃ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ទទួលរង​ការរើសអើង​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យែ​ន​ឌ័​រ ពី​ក្រុមគ្រួសារ សហគមន៍ និង​ប្រជាជន​ទូទៅ​។ លើសពីនេះ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​២៩% មិនដែល​ចេញមកក្រៅ​ទេ ដោយសារតែ​ភាពភ័យខ្លាច​នៃ​ការរើសអើង ការវិនិច្ឆ័យ ការ​សម្លុត និង​ការយាយី​ផ្សេងៗ​។ 
 
​ការស្ទង់មតិ​ស្តីពី​ការធ្វើសមាហរណកម្ម​តាមបែប​ជីវសាស្ត្រ និង​ឥរិយាបថ​ក្នុងចំណោម​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី​នៅ​កម្ពុជា​ឆ្នាំ​២០១៦ បាន​រកឃើញថា អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី​រង​ការរើសអើង​កម្រិត​ខ្ពស់ ក្នុងនោះ ៣៩% រង​ការរំលោភបំពាន​ខាង​ផ្លូវភេទ ២៤% រក​ការរើសអើង​ផ្នែក​ការងារ ២៤% ត្រូវបាន​គេ​បដិសេធ ឬ​បណ្តេញ​ចេញពី​លំនៅស្ថាន និង​២៤%​ទៀត រង​ការបំពាន​លើ​រូបរាងកាយ​៕        
 
 
   
 

Tag:
 ​ស្រ៊ុន ស្រ៊ន​
 ​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​
© រក្សាសិទ្ធិដោយ thmeythmey.com