ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នៅ​សុខៗ សម្ពាធ​ឈាម​ស្រាប់តែ​ឡើង​ខ្ពស់​ភ្លាមៗ​តែម្តង តើ​មកពី​អី​ទៅ​?
18, May 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​លើស​សម្ពាធ​ឈាម ត្រូវបាន​គេ​ស្គាល់​ថា ជា​ឃាតករ​ឈាម​ត្រជាក់ ដោយសារតែ​វា​មិនមាន​បង្ហាញ​អាកា​រៈ​អ្វី​ទាំងអស់​នៅពេល​ដំបូង ប៉ុន្តែ​ពេលខ្លះ​ក៏​វា​មិនមាន​មូលហេតុ​របស់​វា​ដែរ ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​ពិបាក​ក្នុង​ការកំណត់​រោគវិនិច្ឆ័យ​។ ហេតុ​ដូច្នេះហើយ ទើប​ធ្វើ​ឲ្យ​ជំងឺ​លើស​សម្ពាធ​ឈាម​ច្រើនតែ​ត្រូវបាន​គេ​រកឃើញ​ជា​ញឹកញាប់​នៅពេល​អ្នកជំងឺ​មក​ពិនិត្យ​ជាប្រចាំ​។ យ៉ាងណាមិញ មាន​ករណី​ច្រើនណាស់​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​ស្រាប់​លើស​សម្ពាធ​ឈាម​ខ្ពស់​ភ្លាមៗ​តែម្តង​ដូចជា​៖



​ឈប់​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​
​មែនហើយ មូលហេតុ​ចំបង​បំផុត​នៃ​ការ​លើស​សម្ពាធ​ឈាម​ភ្លាមៗ​គឺ​ការឈប់​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ដែល​ចេញ​ដោយ​គ្រូពេទ្យ​។ ដូច្នេះ ចូរ​ប្រាកដ​ជានិច្ច​ថា អ្នក​បាន​ប្រើប្រាស់​ថ្នាំ​ទៅតាម​កម្រិត​ត្រឹមត្រូវ​ដែល​ណែនាំ​ពី​គ្រូពេទ្យ​រួចហើយ​ដើម្បី​ចៀសវាង​ការ​លើស​សម្ពាធ​ឈាម​ភ្លាមៗ​នៅពេល​ក្រោយ​ទៀត​។​

​មិន​តម​អាហារ​

​មូលហេតុ​ចំបង​មួយ​ផ្សេងទៀត​នៃ​ការ​លើស​សម្ពាធ​ឈាម​ខ្ពស់​ភ្លាមៗ​ដែរនោះ គឺ​កង្វះ​របប​អាហារ​ត្រឹមត្រូវ​។ បើសិនជា​អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​ប្រៃៗ ឬ​ផ្អែមៗ នោះ​ឱកាស​លើស​សម្ពាធ​ឈាម​នឹង​ខ្ពស់​ខ្លាំងណាស់​។ នេះ​ដោយសារតែ ជាតិ​ប្រៃ​ច្រើន​ធ្វើ​ឲ្យ​សរសៃឈាម​អាក់ទែ​ទៅជា​រឹង​ជាង​មុន និង​រួម​តូច​ជាង​មុន​។ រឿងនេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ទេ តែ​ក៏​កាត់បន្ថយ​ការផ្គត់ផ្គង់​ឈាម អុកស៊ីសែន និង​ជីវជាតិ​សំខាន់ៗ​សម្រាប់​សរីរាង្គ​ក្នុង​រាងកាយ​ដែរ​។​

​ប្រើ​ថ្នាំ​ច្រើន​មុខ​ដែលមាន​ប្រតិកម្ម​ជាមួយគ្នា​
​បើសិនជា​អ្នក​កំពុងតែ​ប្រើ​ថ្នាំ​ជាច្រើន​សម្រាប់​ព្យាបាល​បញ្ហា​សុខភាព​ច្រើន​ដូចជា ក្អក និង​ផ្តាសាយ នោះ ចូរ​កុំ​ភ្លេច​ឲ្យ​គ្រូពេទ្យ​ដឹងផង ព្រោះ​ការដែល​ប្រើ​ថ្នាំ​ច្រើនពេក​អាច​បណ្តាល​ឲ្យ​មានប្រតិកម្ម ព្រមទាំង​អាច​បង្កើន ឬ​បន្ថយ​ប្រសិទ្ធភាព​របស់​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ថែមទៀត​។​

​អ្នក​កំពុង​តែមាន​ជំងឺ​ដែល​នាំ​ឲ្យ​លើស​សម្ពាធ​ឈាម​
​មិនមាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹងថា ជំងឺ​លើស​សម្ពាធ​ឈាម​ភាគច្រើន​បណ្តាលមកពី​មូលហេតុ​ណាមួយ​ទៀត​។ បើសិនជា​អ្នកមាន​ជំងឺ​តម្រងនោម តែ​មិន​ប្រើ​ថ្នាំ​ព្យាបាល​ទេ វា​ប្រហែលជា​បណ្តាល​ឲ្យ​លើស​សម្ពាធ​ឈាម​ភ្លាមៗ​បាន​។ បើសិនជា​អ្នកមាន​ជំងឺ​ក្រិន​សរសៃឈាម​អាក់ទែ​ទាំង​ខាង​របស់​តម្រងនោម នោះ​ក៏​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ភ្លាមៗ​បានដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com