កីឡាអន្តរជាតិ
អន្តរជាតិ
Dirk Kuyt ប្រកាស​ចូលនិវត្តន៍ ក្រោយ​ធ្វើបាន hat-trick ជួយ Feyenoord លើក​ពាន​លី​គ​ហូ​ឡង់​
18, May 2017 , 7:39 pm        
រូបភាព
​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Dirk Kuyt បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ក្រោយ​រយៈពេល​៣​ថ្ងៃ​បន្ទាប់ពី​ជួយ​ក្រុម Feyenoord ឈ្នះ​ពាន​លី​គ​កំពូល​ហូ​ឡង់ Eredivisie រដូវ​កាល​នេះ​បន្ទាប់ពី​អាក់ខាន​តាំងពី​ឆ្នាំ​១៩៩៩​មក​។​



​ក្នុង​វ័យ​៣៦​ឆ្នាំ ប្រធាន​ក្រុម Feyenoord នេះ​អាច​រកបាន​៣​គ្រាប់​ម្នាក់ឯង (hat-trick) នា​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​ហូ​ឡង់​ចុងក្រោយ​ក្នុង​ជ័យជម្នះ ៣-១ លើ​ក្រុម Heracles Almelo​។ លទ្ធផល​នេះ​ធ្វើ​ឲ្យ Feyenoord នាំមុខ Ajax​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ដើម្បី​ជួយ​ក្រុម​របស់គេ​លើក​ពាន Eredivisie លើកដំបូង​ក្នុង​រយៈពេល​១៨​ឆ្នាំ​ចុងក្រោយ​។ 



​បើតាម​ការចុះផ្សាយ​រប​ស់ The Sun អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ FC Utrecht និង Fenerbahce រូបនេះ​និយាយថា​៖«​សុបិន​របស់ខ្ញុំ​ក្លាយជា​ការពិតហើយ​។ នៅក្នុង​អាជីព​របស់ខ្ញុំ ខ្ញុំ​តែងតែ​អនុវត្តតាម​បេះដូង​របស់ខ្ញុំ​នៅពេល​ធ្វើការ​សម្រេចចិត្ត​ណាមួយ និង​ព្រមទាំង​ការសម្រេចចិត្ត​លើក​នេះ​ផងដែរ​។ ខ្ញុំ​គិតថា វា​ជា​ពេល​ដ៏​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ​ចូលនិវត្តន៍​ហើយ​»​។

​ទោះ​យ៉ាង​ក៏ដោយ​ការសម្រេចចិត្ត​ចូលនិវត្តន៍​របស់ Dirk Kuyt មិន​ធ្វើ​ឲ្យ​រូបគេ​ចេញ​ឆ្ងាយ​ពី​ក្រុម  Feyenoord នោះទេ ដោយ​ទទួលបាន​តួនាទី​ជា​អ្នកគ្រប់គ្រង​បច្ចេកទេស​ក្នុង​ក្រុម​នេះ​បន្តទៀត​៕


Tag:
 បាល់ទាត់​
  Dirk Kuyt
  ចូលនិវត្តន៍​
  Feyenoord
© រក្សាសិទ្ធិដោយ thmeythmey.com