អន្តរជាតិ
ការដកហូត​តំណែង​ប្រធានាធិបតី​អាមេរិក​មាន​នីតិវិធី​ដូចម្តេច​?
18, May 2017 , 3:40 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
​នយោបាយ​អាមេរិក​កាន់តែ​ច្របូកច្របល់​ដោយសារ​សំណុំរឿង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​បណ្តេញ​ប្រធាន​ស្ថាប័ន​ស៊ើបអង្កេត FBI លោក ចេ​ម ខូ​មី (James Comey) ចេញពី​តំណែង និង​ធ្វេសប្រហែស​រឿង​ទុកដាក់​ព័ត៌មាន​សម្ងាត់​សន្តិសុខ​ជាតិ​។ អ្វីដែល​សំខាន់ គេ​ឃើញ​មាន​ចលនា​ទាមទារ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ចុះ​ចេញពី​តំណែង និង​មាន​ការចាប់​ផ្តើមនិយាយ​ពី​នីតិវិធី​ដកហូត​តំណែង​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ផង​។ ខាងក្រោម​នេះ​ជាការ​ពន្យល់​លម្អិត​ពី​នី​ត​វិធី​ដកហូត​តំណែង​ប្រធានាធិបតី និង ព័ត៌មាន​សង្ខេបនៃ​ការ​ហូត​តំណែង​ប្រធានាធិបតី​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ដែរ​។​



១.​តើ​នីតិវិធី​ដកហូត​តំណែង​ប្រធានាធិបតី​អាមេរិក​មានដំណើរ​ការ​ដូចម្តេច​?

​រដ្ឋធម្មនុញ្ញ​អាមេរិក​ ផ្តល់​អំណាច​ឲ្យ​សភា​ដកហូត​តំណែង​ប្រធានាធិបតី មុនពេល​ចប់​អាណត្តិ​បាន​។ មាត្រា​ពីរ វាក្យខណ្ឌ​ទី​បួន នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក ចែង​ច្បាស់​ថា ប្រធានាធិបតី អនុ​ប្រធានាធិបតី និង​មន្ត្រី​ស៊ីវិល​ទាំងអស់​អាច​ត្រូវ​សភា​ដកហូត​តំណែង​ក្នុងករណី​ដែល​ពួកគេ​ពិត​ជាមាន​កំហុស​ដោយ​ប្រព្រឹត្ត​បទល្មើស​ក្បត់ជាតិ​, សូកប៉ាន់ និង​បទល្មើស​ឧក្រិដ្ឋ និង​បទមជ្ឈិម​ផងដែរ​។​

​ជារួម នីតិវីធី​នៃ​ការដកហូត​តំណែង​ធ្វើឡើង​តាមរយៈ​ការបោះឆ្នោត​ដែលមាន​ពីរ​ដំណាក់កាល​។ ដំណាក់កាល​ទីមួយ៖ ​ការបោះឆ្នោត​ចាប់​ផ្តើមឡើង​នៅក្នុង​សភា​ជាន់​ទាប​ឬ​រដ្ឋសភា (House of Representatives)​។ យោងតាម​មាត្រាមួយ វាក្យខណ្ឌ​ទី​ពីរ  ក្នុង​នៅ​ដំណាក់កាល​ទីមួយ ការសម្រេច​នេះ​ត្រូវការ​សំឡេងគាំទ្រ​ច្រើនជាង ៥០​ភាគរយ​នៃ​សមាជិកសភា​អាមេរិក​ទាំងអស់​ទាំង ៤៣៥ រូប​។

​ដំណាក់កាលទីពីរ៖ បើតាម​មាត្រាមួយ វាក្យខណ្ឌ​ទីបី ក្នុងករណី​ដែល​គេ​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​លើសពី ៥០​ភាគរយ​នៅក្នុង​សភា​នេះ ការជជែក​ដេញដោល​គ្នា​ពាក់ព័ន្ធ​ការ​ឈានទៅ​ដកហូត​តំណែង​ប្រធានាធិបតី​នឹងត្រូវ​បញ្ជូនទៅ​ព្រឹទ្ធសភា​វិញ​ម្តង​។ ក្នុង​ព្រឹទ្ធសភា គេ​ត្រូវការ​សំឡេងគាំទ្រ​សរុប ពីរភាគបី​នៃ​សមាជិក​ព្រឹទ្ធសភា​ទាំង ១០០ នាក់​។ បើ​មាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ ប្រធានាធិបតី​នឹងត្រូវ​បាត់បង់​តំណែង​ជា​ផ្លូវការ ហើយ​អនុ​ប្រធានាធិបតី​នឹង​ឡើងកាន់តំណែង​ប្រធានាធិបតី​ជំនួស​វិញ​។ ប៉ុន្តែ ការ​បាន​សំឡេង​ពីរភាគបី​ក្នុង​ស្ថាប័នព្រឹទ្ធសភា​ជា​រឿង​លំបាក​បំផុត​មួយ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ តុលាការ​អាមេរិក​មិនមាន​តួនាទី​អ្វី​ឡើយ​នៅក្នុង​ដំណើរការ​ដកហូត​តំណែង​ប្រធានាធិបតី​អាមេរិក​នេះឡើយ​។

២.​ប្រធានាធិបតី​អាមេរិក​បី​រូប​ធ្លាប់​ប្រឈម​ការដកហូត​តំណែង​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​

 ប្រធានាធិបតី​អាមេរិក​បី​រូប ប៉ុណ្ណោះ​ដែល​ធ្លាប់ប្រឈមមុខ​ការដកហូត​តំណែង​តាម​នីតិវិធី​នេះ ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។ ​ប្រធានាធិបតី​អាមេរិក​ទាំងនោះ​មាន​លោក អែន​ឌ្រូ ច​ន​សុន (Andrew Johnson), លោក ប៊ី​ល គ្លី​ន​តុ​ន (Bill Clinton) និង​លោក រី​ឆាត និ​ច​សុន (Richard Nixon)​។ ប៉ុន្តែ​ប្រធានាធិបតី​ពីរ​រូបដូចជា​លោក ច​ន​សុន និង​លោក គ្លី​ន​តុ​ន រួច​ផុតពី​ការដកហូត​តំណែង​នេះ ខណៈដែល​លោក និ​ច​សុន បង្ខំចិត្ត​លាលែង​ពី​តំណែង​មុន​សភា​ដកហូត​តំណែង​។​
 
​លោក អែន​ឌ្រូ ច​ន​សុន ប្រឈមមុខ​នឹង​ការដកហូត​តំណែង​ដោយសារ​វិបត្តិ​នយោបាយ​ក្នុងស្រុក ​និង​ដោយសារ​គោលនយោបាយរ​បស់​លោក​ផង​។ តាមពិតទៅ លោក ច​ន​សុន ឡើងជា​ប្រធានាធិបតី ក្រោយ​លោក អា​ប្រា​ហាម លីន​ខុន (Abraham Lincoln)  ត្រូវគេ​ធ្វើឃាត​ក្នុង​ឆ្នាំ ១៨៦៥​។  ជារួម​លោក​មាន​គោលនយោបាយ​ផ្ទុយស្រឡះ​ពី​ក្រុម​អ្នក​សាធារណរដ្ឋ​ដេ​ល​កំពុង​កាន់កាប់​សភា​ទាំងពីរ​ជាន់​កាលនោះ ជាពិសេស​ពាក់ព័ន្ធ សង្គ្រាមស៊ីវិល​ភាគខាងត្បូង​តែម្តង​។​

​ដូច្នេះហើយ​នៅ​ឆ្នាំ ១៨៦៧ សភា​ជាន់​ទាប​បានសម្រេច​ជជែក​ដេញដោល​និង​បោះឆ្នោត​ចោទប្រកាន់​លោក ប៉ុន្តែ​ការបោះឆ្នោត​មិនបាន​ទទួល​សំឡេង​គ្រប់គ្រាន់​ដើម្បី​រុញ​សំណុំរឿង​ទៅ​ព្រឹទ្ធសភា​ឡើយ​។ ប៉ុន្តែ​បញ្ហា​មិន​ចប់​ត្រឹម​នេះឡើយ​។ លោក ច​ន​សុន ប្រឈម​ការដកហូត​តំណែង​ម្តងទៀត បន្ទាប់ពី​លោក​បណ្តេញ​រដ្ឋមន្ត្រី​ការពារជាតិ​មកពី​បក្ស​សាធារណរដ្ឋ​ដែល​តែងតាំង​ជំនាន់​លោក លីន​ខុន លោក Edwin Stanton ។ នេះ​ក៏ដោយ​សារ តាមច្បាប់ ប្រធានាធិបតី​មិនអាច​បណ្តេញ​សមាជិក​គណៈរដ្ឋមន្ត្រី​ដោយ​មិនមាន​ការយល់ព្រម​ពី​សភា​ឡើយ​។​

​ឆ្លើយតប ការបណ្តេញ​សមាជិក​គណៈរដ្ឋមន្ត្រី​នេះ សភា​ជាន់​ទាប​បានសម្រេច​បោះឆ្នោត​ដកហូត​តំណែង​លោក​ដោយបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ ប៉ុន្តែ​មិនបាន​សំឡេង​គ្រប់គ្រាន់​ឡើយ​នៅពេលដែល​បោះឆ្នោត​នៅ​ព្រឹទ្ធសភា​។ ដូច្នេះ​លោក​នៅតែ​អាច​រក្សា​តំណែង​បានជា​ធម្មតា​។​

​ចំណែក​លោក ប៊ី​ល គ្លី​ន​តុ​ន ឯណោះ​វិញ​ប្រឈមមុខ​នឹង​ការបាត់បង់​តំណែង​ដោយសារ​រឿងអាស្រូវ​ស្នេហា​លួចលាក់​ជាមួយ​មន្ត្រី​ហាត់​ការ​នៅ​សេត​វិមាន​នាង Monica Lewinsky​។ លោក ប៊ី​ល គ្លី​ន​តុ​ន រង​ការចោទប្រកាន់ថា បាន​ព្យាយាម​លាក់បាំង​រឿងអាស្រូវ​របស់ខ្លួន​ដោយ​ផ្តល់​សក្ខីកម្ម​ខុស​ក្នុងពេល​ផ្តល់​ចម្លើយ ប្រើប្រាស់​អំណាច​ខ្លួន​លើ​ស្ថាប័ន​យុត្តិធម៌ ក៏​ដូច​ព្យាយាម​បំបាត់ភស្តុតាង​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា​រវាង​លោក​និង​នាង Monica Lewinsky​។ 

​ដោយសារ​បញ្ហា​នេះ សភា​ជាន់​ទាប​អាមេរិក​បាន​បោះឆ្នោត​ដកហូត​តំណែង​ប្រធានាធិបតី​ដោយ​ចោទប្រកាន់​លោក​លើ​បទល្មើស​ដូចខាងលើ​។ ប៉ុន្តែ ព្រឹទ្ធសភា​វិញ​មិនអាច​រក​សំឡេង​បាន​គ្រប់​ពីរ​ភាគី​បី​ឡើយ​ដោយសារ​សមាជិកសភា​ភាគច្រើន​យល់ថា វា​មិនមែនជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​ដកហូត​តំណែង​ប្រធានាធិបតី​ឡើយ​។​

​ងាក​ទៅ​មើល​ប្រធានាធិបតី​ម្នាក់ទៀត​គឺ​លោក រី​ឆាត និ​ច​សុន​។ លោក និ​ច​សុន សុខចិត្ត​លាលែង​ពី​តំណែង ដោយ​មិន​ចាំ​ឲ្យ​គេ​ដកហូត​តំណែង​លោក​តាម​នីតិវិធី​ឡើយ​។ ឆ្នាំ ១៩៧៣ លោក និ​ច​សុន ប្រឈម​ការដកហូត​តំណែង​បន្ទាប់ពី​មានការ​ទម្លាយ​របាយការណ៍​ដែល​បញ្ជាក់ថា មនុស្ស​ជំនិត​របស់លោក​មាន​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ចូល​ការិយាល័យ​គណៈកម្មការ​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សណ្ឋាគារ Watergate (​រឿងអាស្រូវ Watergate) និង​ព្យាយាម​បំបាត់ភស្តុតាង​ពាក់ព័ន្ធ​រឿងអាស្រូវ​នេះ​។​

​ក្នុង​ឆ្នាំ ១៩៧៤ គណៈកម្មការ​យុត្តិធម៌​នៃ​សភា​អាមេរិក​បាន​បញ្ចេញ​បទចោទប្រកាន់​ចំនួន បី​ធំៗ​ដើម្បី​ឈានទៅ​បោះឆ្នោត​ដកតំណែង​ប្រធានាធិបតី និ​ច​សុន​ក្នុង​សភា​ទាំងពីរ​។ បទល្មើស​ទាំងនោះ​មានដូចជា ព្យាយាម​ប្រើប្រាស់​អំណាច​បំបាត់ភស្តុតាង​និង​រារាំង​ដំណើរការ​ស៊ើបអង្កេត​, រំលោភ​អំណាច និង​មួយទៀត​បំពាន​ស្ថាប័ន​នីតិបញ្ញត្តិ​។ ដោយសារ​ឃើញ​ពី​លទ្ធភាព​នៃ​ការដកហូត​អំណាច​នេះ លោក និ​ច​សុន សុខចិត្ត​លាលែង​ចេញពី​តំណែង​មុន​តែម្តង​។

៣. វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី ២៥ ផ្តល់​នីតិវិធី​មួយទៀត​ដើម្បី​ដកហូត​តំណែង​ប្រធានាធិបតី​

​ក្រៅពី​នីតិវិធី​ខាងលើ ច្បាប់​ស្តីពី​ការ​វិសោធនកម្ម​លើក​ទី​២៥ ដែល​អនុម័ត​ឆ្នាំ ១៩៦៧ ក៏បាន​បង្កើត​យន្តការ​មួយ​ថ្មី​ទៀត​សម្រាប់​បើកផ្លូវ​ឲ្យ​គេ​ដកហូត​តំណែង​ប្រធានាធិបតី​ដែរ​។

​យ៉ាងណាមិញ នីតិវិធី​នេះ​ភាគច្រើន​អាច​ប្រើប្រាស់​បាន​ក្នុងករណី​ដែល​ប្រធានាធិបតី​ដែល​អសមត្ថភាព​កាយសម្បទា​ដែល​មិនអាច​បំពេញការងារ​និង​ដឹកនាំ​ប្រទេស​បាន​ទៀត​។  ក្រោម​យន្តការ​នេះ បើ​អនុ​ប្រធានាធិបតី​និង​សមាជិក​គណៈរដ្ឋមន្ត្រី​ភាគច្រើន​ផ្តល់ដំណឹង​ដល់​សភា​ថា ប្រធានាធិបតី​អ​លទ្ធភាព​បំពេញការងារ និង​បន្ត​កាន់អំណាច​ឬ​កាន់​កិច្ចការ​របស់ខ្លួន អនុ​ប្រធានាធិបតី​រូបនោះ​នឹង​ក្លាយជា​ប្រធានាធិបតី​ស្តីទី​ភ្លាម​។ ប៉ុន្តែ​ក្នុងករណី​ដែល ប្រធានាធិបតី​ជំទាស់​ឬ​តវ៉ា​ចំពោះ​អំណះអំណាង​នេះ ប៉ុន្តែ​សភា​ទាំងពីរ​ជាន់​បោះឆ្នោត​គាំទ្រ​អនុ​ប្រធានាធិបតី​ក្នុង​សំឡេង​ភាគច្រើន ពីរភាគបី​នោះ អនុ​ប្រធានាធិបតី​នឹង​នៅ​បន្ត​ជា​ប្រធានាធិបតី​ស្តីទី រហូតដល់​ចប់​អាណត្តិ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  FBI
  ចេ​ម ខូ​មី​
  រី​ឆាត និ​ច​សុន​
  ប៊ី​ល គ្លី​ន​តុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com