ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្ម ថា ការចិញ្ចឹមសត្វលក្ខណៈគ្រួសារប្រឈមបាត់បង់ទាំងស្រុង
× ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចិញ្ចឹមសត្វលក្ខណៈគ្រួសារនឹងត្រូវបាត់បង់ទាំងស្រុង ដោយសារការកើនឡើងនៃសេដ្ឋកិច្ច។ លោកថ្លែងបែបនេះនៅក្នុងកិច្ចពិភាក្សាអំពីបញ្ហាផ្គត់ផ្គង់សត្វជ្រូក ដែលមានមន្ត្រីសាប័នរដ្ឋពាក់ព័ន្ធ និងវិស័យឯកជនចូលរួម នៅថ្ងៃទី១៦ខែឧសភា។
ប្រសាសន៍របស់ លោក វេង សាខុន ៖
លោក វេង សាខុន មានប្រសាសន៍ថា ដោយសារតែចំណូលរបស់ប្រជាជនមានការកើនឡើង ការចិញ្ចឹមសត្វលក្ខណៈគ្រួសារនឹងត្រូវបាត់បង់ទាំងអស់។ លោកថ្លែងយ៉ាងដូច្នេះថា៖«ការចិញ្ចឹមលក្ខណៈគ្រួសារ បន្តិចទៀតនឹងត្រូវបាត់បង់ទាំងអស់ ដោយសារចំណូលរបស់ប្រជាជនពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង»។ លោកបន្តថា៖«ពីមុនចំណូលពីរបីរយដុល្លារ យើងចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ យើងចិញ្ចឹមមួយឆ្នាំ ចេះតែចំណេញបានពីរបីរយដុល្លារ ឬ៥រយដុល្លារ ចាត់ទុកថាអ្នកមាន ប៉ុន្តែឥឡូវពីរបីរយដុល្លារមិនចាត់ទុកជាអ្នកមានទេ ជាអ្នកក្រត្រូវរត់ចោល (ចោលការចិញ្ចឹមសត្វលក្ខណៈគ្រួសារ) ព្រោះចំណូលជាមធ្យមឥឡូវនេះ ១៣០០ដុល្លារ»។
ការធ្វើស្រែទ្រង់ទ្រាយតូចក៏នឹងត្រូវជួបវាសនាដូចគ្នានឹងការចិញ្ចឹមសត្វលក្ខណៈគ្រួសារដែរ។ លោក វេង សាខុន ឲ្យដឹងបន្ថែមដូច្នេះថា៖«ការធ្វើស្រែ ក៏អ៊ីចឹងដែរ កាលពីមុនកសិករមានដីមួយហិកតា រកចំណូលបានពីរបីរយដុល្លារ អ្នកមាន តែឥឡូវអត់បានទេ (មិនមែនអ្នកមាន)»។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការវិវត្តន៍សេដ្ឋកិច្ចបែបនេះ នឹងនាំទៅដល់ការធ្វើចំណាកស្រុក ដែល កសិករអាចរកចំណូលខ្ពស់ជាងកម្រៃមុខរបរបច្ចុប្បន្នរបស់ខ្លួន។ លោកនិយាយដូចនេះថា៖«ត្រូវតែមានចំណាកស្រុក ថាឲ្យទប់ស្កាត់ចំណាកស្រុក គឺទប់មិនបានទេ»។
មធ្យោបាយមួយទៀត គឺការកែប្រែពីការចិញ្ចឹមសត្វលក្ខណៈគ្រួសារទៅជាការចិញ្ចឹមបែបឧស្សាហកម្ម ដើម្បីឆ្លើយតបនឹងការវិវត្តនេះ។ «អ៊ីចឹងហើយបានទាមទារឲ្យមានការដោះដូរ ពីការចិញ្ចឹមលក្ខណៈគ្រួសារទៅជាការចិញ្ចឹមលក្ខណៈឧស្សាហកម្ម។ កាលមុនយើងចិញ្ចឹមជ្រូកបីបួនក្បាល មនុស្សមើលថែពីរនាក់ ដល់ឥឡូវចិញ្ចឹមជ្រូក៥រយក្បាលទៅ១ពាន់ក្បាល មនុស្សមើលថែតែម្នាក់។ អ៊ីចឹងយើងមិនអាចប្រកួតប្រជែងបានទេ ត្រូវតែបញ្ចូលបច្ចេកវិទ្យា។ អ្នកខ្វះបច្ចេកវិទ្យា ត្រូវតែបង្កើនការចិញ្ចឹម ដើម្បីចំណាយដើមទុនតិច (ថ្លៃដើម) គឺធ្វើយ៉ាងម៉េចឲ្យការចិញ្ចឹមបានចំណេញច្រើន»។ នេះជាការគូសបញ្ជាក់របស់ លោក វេង សាខុន ៕
Tag:
វេង សាខុន
ការចិញ្ចឹមសត្វ
ចំណាកស្រុក
ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com