កីឡាជាតិ
ជាតិ
ក្រុម U17 កម្ពុជា​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​វៀតណាម​នៅ​សប្តាហ៍​ក្រោយ​
19, May 2017 , 8:19 am        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​អាយុ​ក្រោម​១៧​ឆ្នាំ​របស់​សាលា​បាល់ទាត់​ជាតិ​បាទី នឹង​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមយុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​របស់​ទីក្រុង​ហូជីមិញ ដើម្បី​អបអរ​ការសម្ពោធ​គម្រោង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​ទូទាំងប្រទេស​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​នា​សបា្តហ៍​ក្រោយនេះ​។ ជំនួប​មិត្តភាព​នេះ បានធ្វើ​ឲ្យ​ការប្រកួត​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ក្របខណ្ឌ​លី​ក​លំដាប់​ទី​២ របស់​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ត្រូវបាន​លើក​ពេល​១​ប្រកួត​។



​បើ​យោងតាម​សេចក្តី​ជួន​ដំណឹង​ស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុម​កីឡាករ​អាយុ​ក្រោម​១៧​ឆ្នាំ​របស់​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវ​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមយុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​ដែល​មកពី​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម នា​ថ្ងៃទី​២៦ ខែឧសភា សប្តាហ៍​ក្រោយ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ការប្រកួត​នេះ​ធ្វើឡើង ដើម្បី​អបអរ​ការសម្ពោធ​គម្រោង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​ទូទាំងប្រទេស ដែលជា​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

​សេចក្តីជូនដំណឹង​ដែល​ចេញ​នៅ​ថ្ងៃទី​១៨ ខែឧសភា នេះ​បាន​ឲ្យ​ដឹង​ទៀតថា ជំនួប​មិត្តភាព​អន្តរជាតិ​នេះដែរ បានធ្វើ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ពានរង្វាន់​សម្រេច ហ៊ុន សែន និង​ពានរង្វាន់​ក្របខណ្ឌ​លី​ក​លំដាប់​ទី​២​លើក​ពេល​ប្រកួត​របស់​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ចំនួន​១​ប្រកួត​ដូចគ្នា​។ ក្នុងនោះ​ជំនួប​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៤ ឧសភា ត្រូវ​លើក​មក​ប្រកួត​នៅ​ថ្ងៃទី​២១ ខែឧសភា​។ ចំណែក​ជំនួប​ជាមួយ​ក្រុម​កំពង់ចាម​ក្នុង​ពានរង្វាន់​លី​ក​លំដាប់​ទី​២​ត្រូវ​លើក​ទៅ​ប្រកួត​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៧៕


Tag:
 បាល់ទាត់​
  U17 កម្ពុជា​
  មិត្តភាព​អន្តរជាតិ​ជាមួយ​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com