កីឡាជាតិ
ជាតិ
ក្រុម U17 កម្ពុជាជួបប្រកួតមិត្តភាពអន្តរជាតិជាមួយវៀតណាមនៅសប្តាហ៍ក្រោយ
× ក្រុមកីឡាករអាយុក្រោម១៧ឆ្នាំរបស់សាលាបាល់ទាត់ជាតិបាទី នឹងជួបប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមយុវជនអាយុក្រោម១៧ឆ្នាំរបស់ទីក្រុងហូជីមិញ ដើម្បីអបអរការសម្ពោធគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ទូទាំងប្រទេសនៅកីឡដ្ឋានខេត្តស្វាយរៀងនាសបា្តហ៍ក្រោយនេះ។ ជំនួបមិត្តភាពនេះ បានធ្វើឲ្យការប្រកួតក្នុងពានរង្វាន់សម្តេច ហ៊ុន សែន និងក្របខណ្ឌលីកលំដាប់ទី២ របស់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីត្រូវបានលើកពេល១ប្រកួត។
បើយោងតាមសេចក្តីជួនដំណឹងសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមកីឡាករអាយុក្រោម១៧ឆ្នាំរបស់សាលាបាល់ទាត់ជាតិបាទី ត្រូវជួបប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមយុវជនអាយុក្រោម១៧ឆ្នាំដែលមកពីទីក្រុងហូជីមិញប្រទេសវៀតណាម នាថ្ងៃទី២៦ ខែឧសភា សប្តាហ៍ក្រោយនៅកីឡដ្ឋានខេត្តស្វាយរៀង។ ការប្រកួតនេះធ្វើឡើង ដើម្បីអបអរការសម្ពោធគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ទូទាំងប្រទេស ដែលជាផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
សេចក្តីជូនដំណឹងដែលចេញនៅថ្ងៃទី១៨ ខែឧសភា នេះបានឲ្យដឹងទៀតថា ជំនួបមិត្តភាពអន្តរជាតិនេះដែរ បានធ្វើឲ្យគណៈកម្មការរៀបចំការប្រកួតពានរង្វាន់សម្រេច ហ៊ុន សែន និងពានរង្វាន់ក្របខណ្ឌលីកលំដាប់ទី២លើកពេលប្រកួតរបស់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីចំនួន១ប្រកួតដូចគ្នា។ ក្នុងនោះជំនួបជាមួយកងរាជអាវុធហត្ថខេត្តកំពង់ធំក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ដែលគ្រោងធ្វើនៅថ្ងៃទី២៤ ឧសភា ត្រូវលើកមកប្រកួតនៅថ្ងៃទី២១ ខែឧសភា។ ចំណែកជំនួបជាមួយក្រុមកំពង់ចាមក្នុងពានរង្វាន់លីកលំដាប់ទី២ត្រូវលើកទៅប្រកួតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧៕
Tag:
បាល់ទាត់
U17 កម្ពុជា
មិត្តភាពអន្តរជាតិជាមួយវៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com