កីឡាអន្តរជាតិ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម្ចាស់មេដាយមាស​អូឡាំពិក ពិភពលោក និង​អឺរ៉ុប Laura Flessel ក្លាយជា​រដ្ឋមន្ត្រី​កីឡា​បារាំង​
18, May 2017 , 5:58 pm        
រូបភាព
ដោយ: ថ្មីៗ
លោកស្រី Laura Flessel ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​កីឡា​ក្នុង​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី Edouard Philippe ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​។ លោកស្រី Flessel ជា​អតីត​កីឡាការិនី​ចាក់សាប (​គុន​ដាវ​) ដ៏​កំពូល​ម្នាក់​របស់​បារាំង ដែល​ធ្លាប់​មេដាយមាស​អូឡាំពិក មេដាយមាស​ពិភពលោក និង​មេដាយមាស​អឺរ៉ុប​។​



​ក្នុង​វ័យ​៤៥​ឆ្នាំ លោកស្រី Laura Flessel ដែលមាន​ស្រុកកំណើត​នៅ​តំបន់ Guadeloupe បានធ្វើ​សកម្មភាព​កីឡា​យ៉ាងសកម្ម​ដើម្បី​បំផុសបំផុល​អ្នកបោះឆ្នោត​ឲ្យ​គាំទ្រ​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បើទោះបីជា​គាត់​មិនមែនជា​សមាជិក​បក្សនយោបាយ​ណាមួយ​ក៏ដោយ​។​

​ជោគជ័យ​ដ៏​ធំធេង​របស់​លោកស្រី Laura Flessel ក្នុង​អាជីព​ជា​កីឡាការិនី​ចាក់សាប​កំពូល​របស់​បារាំង លោកស្រី​ធ្លាប់​ដណ្តើមបាន​មេដាយ​អូឡាំពិក​ចំនួន​៥​ចន្លោះ​ពី​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​២០០៤ (​មាស​២ ប្រាក់​១ និង​សំរិទ្ធ​)​។ សម្រាប់​ការប្រកួត​ជើងឯក​ពិភពលោក​ពី​ឆ្នាំ​១៩៩៥​ដល់​ឆ្នាំ​២០០៨ លោកស្រី​ឈ្នះ​មេដាយមាស​៦ ប្រាក់​៣ និង​សំរិទ្ធ​៤ ។​

​នៅ​ក្របខណ្ឌ​អឺរ៉ុប លោកស្រី​បានឈ្នះ​មេដាយមាស​១​នៅ​ឆ្នាំ​២០០៧ និង​មេដាយសំរិទ្ធ​៥​បន្ថែមទៀត​នា​ការប្រកួត​នៅ​ឆ្នាំ​ជា​បន្តបន្ទាប់​។ ចំពោះ​ការប្រកួត​ថ្នាក់ជាតិ រដ្ឋមន្ត្រី​កីឡា​ថ្មី​រូបនេះ ឈ្នះ​ជើងឯក​៦​លើក​ផ្នែក​ឯកត្តជន និង​៩​លើក​លើ​វិញ្ញាសា​ជា​ក្រុម​។​

​ឈ្មោះ​របស់​លោកស្រី Laura Flessel ក៏​ត្រូវបាន​យកទៅដាក់​ឲ្យ​ទីតាំង​កីឡា​មួយ​នៅ Guadeloupe និង​កីឡដ្ឋាន​នៅ Bussy Saint-Georges, Asnières-Sur-Seine, Chanteloup-les-Vignes ជាដើម​។​

​លោកស្រី​ស្ថិត​ក្នុងចំណោម​រដ្ឋមន្ត្រី​ថ្មី​១៨​រូប និង​រដ្ឋលេខាធិការ​៤​រូប​របស់​រដ្ឋាភិបាល​បារាំង​ដែល​ទទួលបាន​ការតែងតាំង​កាលពី​ថ្ងៃទី​១៧ ខែឧសភា​។ លោកស្រី Flessel ជំនួស​តំណែង​របស់លោក Patrick Kanner៕



Tag:
 Laura Flessel
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com