ជាតិ
ខ្សែភាពយន្ត​ថ្មី​ពញ្ញាក់​ស្មារតី​យុវជន​ខ្មែរ​ឲ្យ​មាន​ក្តីសង្ឃឹម​ឡើងវិញ
19, May 2017 , 7:59 pm        
រូបភាព
រូបឯកសារ៖ ភាពយន្តឯកសារ Angkor Awakens (Courtesy Photo)
រូបឯកសារ៖ ភាពយន្តឯកសារ Angkor Awakens (Courtesy Photo)
ដោយ:
​វ៉ាស៊ីនតោន ៖ ជា​កុមារ​ម្នាក់​កើត​ក្រោយ​សម័យ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ជ្វី​ស​នៅ​អឺរ៉ុប និង​ក្រុម​ជនជាតិភាគតិច​ដទៃទៀត និង​ជា​បុគ្គល​ម្នាក់​ដែលមាន​ចំណាប់អារម្មណ៍​ខ្ពស់​លើ​តំបន់​អាស៊ីអាគ្នេយ៍ លោក Robert H. Lieberman បាន​ព្យាយាម​បង្ហាញ​ពី​ឥទ្ធិពល​នៃ​អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ជន​ជំនាន់​ក្រោយ​នៅ​កម្ពុជា​។ សាស្ត្រាចារ្យ​ផ្នែក​រូបវិទ្យា​រូបនេះ ដែល​ចូលចិត្ត​សៀវភៅ​ប្រលោមលោក និង​សិល្បៈ​ជារួម បាន​ផលិត​ចេញ​នូវ​ភាពយន្ត​ឯកសារ​មួយ​ក្រោម​ចំណងជើង​ថា “Angkor Awakens: A Portrait of Cambodia” ដែលជា​ភាសា​ខ្មែរ​ថា​៖ «​អង្គរ​ភ្ញាក់ឡើង​៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា​»​។ ភាពយន្ត​ឯកសារ​នេះ​ផ្តោត​ជា​ចម្បង​ទៅលើ​ប្រទេសមួយ ដែល​រើប​ឡើងវិញ​ពី​ការបាក់​ស្បាត​បង្កឡើង​ដោយ​អំពើ​ប្រល័យពូជសាសន៍​។​



​ភាពយន្ត​ឯកសារ «​អង្គរ​ភ្ញាក់ឡើង​៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា​» ត្រូវបាន​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត Landmark E. Street Cinema ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​០៧ ខែឧសភា កន្លងទៅនេះ ដោយមាន​អ្នកចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​។ ក្រោយពី​ការចាក់​បញ្ចាំង ទស្សនិកជន​បានបង្ហាញ​ចំណាប់អារម្មណ៍​វិជ្ជមាន​ទៅលើ​ភាពយន្ត​ឯកសារ​មួយ​នេះ ហើយ​លោក Robert H. Lieberman សង្ឃឹមថា នឹងមាន​ការនិយាយ​ពិភាក្សា​តៗ​គ្នាច្រើន​អំពី​ដំណើរ​រឿងរ៉ាវ​កើត​មាននៅ​កម្ពុជា​។​



​ភាពយន្ត​ឯកសារ ដែលមាន​រយៈពេល ៩០​នាទី​នេះ បានបង្ហាញ​តួអង្គ​ជាច្រើន​នាក់​រួមទាំង​យុវជន​ខ្មែរ​អាមេរិក អ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន និង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផងដែរ​។​

​ការដាក់បញ្ចូល​នូវ​ឈុត​និយាយ​មួយ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​កម្រ​នឹង​បង្ហាញ​វត្តមាន​ក្នុង​បទសម្ភាសន៍​ផ្ទាល់​ណាមួយ​ជាមួយនឹង​ជនបរទេស គឺជា​ចំណុច​មួយ ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍ លោក Bobby Bywater អ្នកត្រួតពិនិត្យ​ការហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​មួយ​នៅ​អាមេរិក​។​

​លោក Bobby Bywater វ័យ ៦៨​ឆ្នាំ បាន​ថ្លែងថា​៖

«​ខ្ញុំ​ពិតជា​ចូលចិត្ត​ភាពយន្ត​ឯកសារ​មួយ​នេះ​ណាស់​។ ខ្ញុំ​គិតថា ភាពយន្ត​នេះ​ត្រូវបាន​ផលិត​យ៉ាង​ល្អ​។ ដំណើរ​សាច់រឿង​គឺ ទាក់ទាញ​អារម្មណ៍ ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ត្រកាល​របស់​ប្រទេស​កម្ពុជា និង​ប្រជាជន​ប្រកបដោយ​ស្នាមញញឹម​។ ខ្ញុំ​គិតថា ភាពយន្ត​នេះ​ផលិតឡើង​ដោយ​ត្រឹមត្រូវ និង​លម្អិត​។ ហើយ​ក្នុងនោះ​ថែមទាំង​មាន លោក​ហ៊ុន សែន​ផ្តល់​ការអធិប្បាយ គឺ​អ្វីមួយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​មក​មើល​ភាពយន្ត​មួយ​នេះ​។ ប៉ុន្តែ​សរុបមក គឺជា​ភាពយន្ត​មួយ ដែល​ផលិត​បានល្អ​។ ខ្ញុំ​ពិតជា ចូលចិត្ត​ណាស់​»​។​

​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​ទៅលើ​ខ្សែ​ផ្លូវ​ផ្គត់ផ្គង់​គ្រឿង​សម្ភារៈ ដែល​គេ​ហៅថា ខ្សែ​ផ្លូវ​ហូជីមិញ ក្រោម​អាណត្តិ​របស់​ប្រធានាធិបតី Richard Nixon ក្នុង​ទសវត្សរ៍ ១៩៦០ និង ១៩៧០ នៅ​ទីបំផុត​បានរួម​ចំណែក​ក្នុងការ​ធ្វើ​ឲ្យ​ខ្មែរក្រហម​ឡើងកាន់​អំណាច ដែល​បានសម្លាប់​ប្រជាជន​កម្ពុជា ជិត​បី​លាន​នាក់​។ នេះ​បើ​យោងទៅតាម​លោក Bobby ដែល​នៅ​ជា​និស្សិត​ម្នាក់ អំឡុងពេល​មាន​បាតុកម្ម​នៅ​មហាវិទ្យាល័យ Kent State ដែល​គេ​ឃើញ​មាន​ហេតុការណ៍​បាញ់ប្រហារ​ទៅលើ​ក្រុមនិស្សិត ធ្វើបាតុកម្ម ប្រឆាំងនឹង​សង្គ្រាម​វៀតណាម​។ ដំណើរ​ជីវិត​របស់​ជនរងគ្រោះ​ក្នុងសម័យ​ប៉ុល ពត​បានធ្វើ​ឲ្យ​រូបលោក​មាន​អារម្មណ៍​ក្ដុកក្ដួល​។​



​លោក Bobby បាន​មានប្រសាសន៍ថា​៖

«​ខ្ញុំ​បាន​សិក្សា​បន្តិចបន្តួច​ដែរ​អំពី​រឿងនេះ​។ អំពី​ខ្មែរក្រហម សង្គ្រាម​ដ៏​អាក្រក់ ក៏ដូចជា​យុទ្ធនា​ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក​ក្នុង​ឆ្នាំ ៦៩ និង​៧០​។ ហើយ​អាមេរិក​ក៏មាន​ការទទួលខុសត្រូវ​មួយផ្នែក​ក្នុង​រឿងនេះ​ផងដែរ​។ ទុក្ខលំបាក​ដែល​ប្រជាជន​ខ្មែរ​បាន​ឆ្លងកាត់ វា​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​រំជួលចិត្ត​យ៉ាងខ្លាំង​។ ការណ៍​ដែល​បានឃើញ​ប្រជាជន​នៅតាម​ទីជនបទ និង​បាន​ដឹងឮ​ពី​ដំណើរ​ជីវិត​ផ្ទាល់​របស់​ពួកគេ ខ្ញុំ​គិតថា ភាពយន្ត​ឯកសារ​នេះ​អស្ចារ្យ​ណាស់​»​។​

​សម្បត្តិ​វប្បធម៌​របស់​ប្រទេស​កម្ពុជា បាន​ទាក់ទាញ​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ Georgetown University ឲ្យ​មក​ទស្សនា​ភាពយន្ត​ឯកសារ «​អង្គរ​ភ្ញាក់ឡើង​៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា​»​។ លោក Theodore Christov ចង់ដឹង​ឲ្យ​កាន់តែច្បាស់​ថែមទៀត​ពី​ការវិវត្ត​របប​នយោបាយ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។​

​សាស្ត្រាចារ្យ វ័យ ៤១​ឆ្នាំ​រូបនេះ បាន​មានប្រសាសន៍ថា​៖

«​ហេតុផល​ដែល​ខ្ញុំ​មក​មើល​ភាពយន្ត​នេះ គឺ​ពីព្រោះ​ខ្ញុំ​បាន​ទៅ​ប្រទេស​កម្ពុជា​កាលពី​ខែមករា​។ ហើយ​ខ្ញុំ​បាន​ចាប់អារម្មណ៍​ទៅលើ​សម្បត្តិ​វប្បធម៌​នៅ​កម្ពុជា ដូចជា ប្រាសាទអង្គរវត្ត និង​កន្លែង​ដទៃទៀត​។ ប៉ុន្តែ ខ្ញុំ​មិនបាន​ដឹង​ជ្រៅជ្រះ​ពី​ស្ថានភាព​នយោបាយ​នោះទេ ហើយ​ខ្ញុំ​ចង់ដឹង​បន្ថែម​អំពី​សង្គ្រាម​។ នេះហើយ​ជា​ចំណាប់អារម្មណ៍​ចម្បង​របស់ខ្ញុំ ក្នុងការ​មក​ទស្សនា​ភាពយន្ត​នេះ​»​។​

​ជា​ជនជាតិ​ប៊ុលហ្គារី​ម្នាក់​ធ្លាប់​ឆ្លងកាត់​របប​កុ​ម្មុយ​និ​ស្ត លោក Theodore Christov នៅ​មានការ​រន្ធត់​ខ្លាំង​ចំពោះ​របប​ខ្មែរក្រហម ដែល​ប្រជាជន​ខ្មែរ​សម្លាប់​ជាតិ​សាសន៍​ខ្លួនឯង​។​

​លោក​បាន​និយាយថា​៖

«​ខ្ញុំ​បាន​ទៅ​គុក ស​២១ នៅ​ក្រុងភ្នំពេញ ដែល​គុក​នោះ ក៏ត្រូវ​បានបង្ហាញ​ផងដែរ​ក្នុង​ភាពយន្ត​ឯកសារ​។ ខ្ញុំ​ជា ជនជាតិ​ប៊ុលហ្គារី​ម្នាក់​។ យើង​ធ្លាប់មាន​ប្រវត្តិ​ជាមួយ​របប​កុ​ម្មុយ​និ​ស្ត និង​ភាពឃោរឃៅ​នៃ​របប​នេះ​។ វា​ពិតជា​គួរ​ឲ្យ​ទាក់ទាញ​អារម្មណ៍​ណាស់​ពេល​ឃើញ​អ្វីៗ​ក្នុង​ទស្សនៈ​កុ​ម្មុយ​និ​ស្ត​និយម​ដូចនេះ​។ ដូចនេះ ផ្នែក​មួយ​នៃ​ភាពយន្ត​ឯកសារ ដែល​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​អំពើ​ប្រល័យពូជសាសន៍ ដោយ​ខ្មែរ​ទៅលើ​ខ្មែរ​គ្នាឯង​ផ្ទាល់ ដែល​នេះ​ជា​អ្វីមួយ​ចម្លែក​ខ្លាំងណាស់​។ ដោយសារតែ​អំឡុងពេល​ប្រល័យពូជសាសន៍​ដោយ​ពួក​ណា​ស៊ី​អាល្លឺម៉ង់​វិញ គឺ​អំពើ​ឃោ​ឃៅ​បាន​ប្រព្រឹត្តឡើង​ទៅលើ​ជនជាតិ​ជ្វី​ស ឬ​ជនជាតិ​ផ្សេងទៀត​តែប៉ុណ្ណោះ​។ ដូច្នេះ​នេះ​ជា​អ្វីមួយ​ដែល​ប្លែក ហើយ​ជា​អ្វីមួយ​ដែល​ខ្ញុំ​មិនសូវ​ដឹងឮ​បាន​ច្រើន​ឡើយ​»​។​



​តាមរយៈ​ការ​ទស្សនា​ភាពយន្ត​ឯកសារ «​អង្គរ​ភ្ញាក់ឡើង​៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា​» លោក Brian Eyler បាន​យល់ដឹង​ពី​ដំណើរ​ការវិវត្ត​ពី​អតីតកាល​ប្រកបដោយ​បញ្ហា​ញាំញី​មកដល់​បច្ចុប្បន្នកាល​ពោរពេញ​ទៅដោយ​បញ្ហា​ប្រឈម​ផ្សេងៗ​សម្រាប់​ប្រជាជន​កម្ពុជា​។ ប្រធាន​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson Center ដែលមាន​ការស្រាវជ្រាវ​ផ្ដោត​ខ្លាំង​ទៅលើ​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា បាន​និយាយថា ភាពយន្ត​ឯកសារ​នេះ​បានបង្ហាញ​លម្អិត​ពី​ភាពឃោរឃៅ​នៃ​ការបង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ចេញពី​ទីលំនៅ​របស់​ពួកគេ​នៅ​កម្ពុជា​។​

​លោក Brian បាន​មានប្រសាសន៍ថា​៖

«​អ្វីដែល​ខ្ញុំ​បានដឹង និង​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺថា វា​ខ្សែ​វីដេអូ​ឯកសារ​ពី​អ្វីដែល​កំពុងតែ​កើតឡើង​នៅ​កម្ពុជា ដូចជា បាតុកម្ម​នានា និង​ការវាយដំ​របស់​កងសន្តិសុខ​ទៅលើ​ប្រជាពលរដ្ឋ ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ចាក​ចេញពី​ដីធ្លី​របស់​ពួកគេ​»​។​

​ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ VOA លោក Robert H. Lieberman ផលិតករ​ភាពយន្ត​ឯកសារ «​អង្គរ​ភ្ញាក់ឡើង​៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា​» ក៏បាន​សម្តែង​ទស្សនៈ​ផ្ទាល់ខ្លួន​មួយ​ចំពោះ​សង្គម​កម្ពុជា​ដោយ​និយាយថា​៖

«​បើ​យើង​ក្រឡេកមើល​ក្នុងប្រទេស​កម្ពុជា​សព្វថ្ងៃ យើង​ឃើញថា ការភ័យខ្លាច​មានការ​កើនឡើង​ជាថ្មី​ម្ដងទៀត​។ មនុស្ស​គ្រប់គ្នា​មានការ​ភ័យខ្លាច ហើយ​ខ្ញុំ​គិតថា រដ្ឋាភិបាល​ចាប់ផ្ដើម​មាន​ភាព​ផ្ដាច់ការ​សារជាថ្មី​ហើយ​»​។​

​លោក Joshua Cooper ប្រធាន​វិទ្យា​សា្ថ​ន Hawaii សម្រាប់​ការ​គាំពារ​សិទ្ធិមនុស្ស បាន​ប្រាប់ VOA បន្ទាប់ពី​ការចាក់​បញ្ចាំង​ថា ភាពយន្ត​ឯកសារ «​អង្គរ​ភ្ញាក់ឡើង​៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា​» ឆ្លុះបញ្ចាំង​ពី​បញ្ហា​ចោទនា​នា​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ស្របពេល​ដែល​លោក​ទទួលស្គាល់​ផងដែរ​ថា មេដឹកនាំ​គណបក្សកាន់អំណាច​នាពេល​សព្វថ្ងៃ​នៅតែ​រក្សា​អំណាច​ដឹកនាំ​។​

​លោក Joshua បាន​មានប្រសាសន៍ថា​៖

«​តាម​បែបផែន​មួយចំនួន ខ្ញុំ​គិតថា ជា​អកុសល ប្រហែល​ចាប់តាំងពី​ពេលដែល​ភាពយន្ត​ឯកសារ​នេះ​ត្រូវបាន​ថត​ឡើង ខ្ញុំ​គិតថា មាន​លក្ខន្តិកៈ​ផ្លូវច្បាប់​មួយចំនួន​ដែល​រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​ឡើង ដែល​ពង្រឹង​ការ​កាន់អំណាច​របស់លោក​ហ៊ុន សែន​»​។​

​លោក​បាន​បន្ថែមថា​៖

«​ប៉ុន្តែ​ខ្ញុំ​គិតថា នៅតែមាន​មនុស្ស​មួយចំនួន​បាន​ប្រមូល​ផ្តុំគ្នា ធ្វើ​យុទ្ធនាការ​គូរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេងៗ​ទៅ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស និង​យុទ្ធនាការ​អហិង្សា​នានា ជាពិសេស​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​រឹបអូស​ដីធ្លី​»​។​

​ជាមួយនឹង​ពីរភាគបី​នៃ​ប្រជាពលរដ្ឋ​ស្ថិតនៅក្រោម​វ័យ ៣០​ឆ្នាំ ប្រទេស​កម្ពុជា គឺជា ប្រទេស​ដែលមាន​ប្រជាពលរដ្ឋ​វ័យក្មេង​ច្រើនជាងគេបង្អស់​មួយ​នៅ​អាស៊ី​។ នេះ​បើ​យោងទៅតាម​អង្គការ UNDP ប្រចាំ​នៅ​កម្ពុជា​។​

​ជួន ចិន្តា យុវជន​ខ្មែរ​អាមេរិកាំង​វ័យ ២៩​ឆ្នាំ គិតថា ភាពយន្ត​ឯកសារ «​អង្គរ​ភ្ញាក់ឡើង​៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា​» ផ្តល់​ជា​ទស្សនៈ​ស៊ីជម្រៅ​មួយ​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និង​ជំរុញ​ឲ្យ​ខ្លួន​ស្វែងយល់​បន្ថែមទៀត​។​

​យុវជន​ចិន្តា ដែល​ធ្លាប់ជា​កុមារ​ម្នា​ក់កើត​នៅ​ជំរំ​ជនភៀសខ្លួន មុនពេល​មក​រស់នៅ​សហរដ្ឋអាមេរិក បាន​និយាយថា​៖

«​ខ្ញុំ​គិតថា ភាពយន្ត​ឯកសារ​នេះ​ធ្វើ​បានល្អ​ក្នុងការ​បង្ហាញ​ពីអ្វី​ដែល​បាន​កើតឡើង​នៅ​ប្រទេស​កម្ពុជា នៅ​សម័យ​ខ្មែរក្រហម ព្រឹត្តិការណ៍​វិ​វត្ត​បន្តបន្ទាប់​ដើម្បី​ឈានទៅដល់​សម័យកាល​នោះ និង​មូល​ហេតុដែល​ធ្វើ​ឲ្យ​កម្ពុជា​ទៅជា​ដូចនេះ​។ ខ្ញុំ​គិតថា ភាពយន្ត​នេះ​ជាការ​អប់រំ​ល្អ​មួយ ដើម្បី​បង្ហាញ​ទៅ​ទស្សនិកជន​ទូទាំង​សកលលោក ឲ្យ​ដឹង​ពីអ្វី​ដែល​បាន​កើតឡើង​នៅ​កម្ពុជា និង​អ្វីដែល​កំពុង​កើតមានឡើង​នៅពេល​ឥឡូវនេះ​»​។​



​យុវជន​រូបនេះ​បាន​បន្តទៀតថា​៖

«​នៅ​ស្របពេល​ដូចគ្នានេះដែរ ភាពយន្ត​នេះ​គ្រាន់តែ​បង្ហាញ​ត្រួសៗ​ពីអ្វី​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​តែប៉ុណ្ណោះ​។ ខ្ញុំ​នៅតែមាន​អារម្មណ៍​ថា យើង​ត្រូវការ​ស្វែងយល់​បន្ថែមទៀត​អំពី​មូលហេតុ​ដែល​បង្ក​ឲ្យ​កើតមាន​អំពើ​ប្រល័យពូជសាសន៍ មូលហេតុ​នៅ​ពី​ចរិតលក្ខណៈ​របស់​ប្រជាជន​សព្វថ្ងៃ មុនពេល​យើង​អាច​ទទួលយក​អ្វីៗ​ទាំងអស់​បាន​»​។​

​ការលើកឡើង​របស់​យុវជន​ចិន្តា ត្រូវបាន​និស្សិត​ខ្មែរ​មួយរូប​នៅ​មហាវិទ្យាល័យ Montgomery College គាំទ្រ​។ យុវតី​ពិន ភូ​ណាំ និយាយថា នាង​មាន​អារម្មណ៍​សោកសៅ​ដូច​អ្នក​ដែល​បាន​ក្លាយជា​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម​ដែរ​។ ទោះបីយ៉ាងណា​ក៏ដោយ នាង​មាន​ក្តីសង្ឃឹម​ខ្ពស់​សម្រាប់​ពេលអនាគត​។​

​យុវតី អាយុ​២៥​ឆ្នាំ រូបនេះ បាន​និយាយថា​៖

«​វា​ពិតជា​គួរ​ឲ្យ​សោកសង្រេង​ខ្លាំងណាស់ ប៉ុន្តែ​ខ្ញុំ​ក៏បាន​យល់ដឹង​ច្រើន​ពី​ភាពយន្ត​នេះ​។ ដូច​ជន​វ័យក្មេង​មួយចំនួន​នៅ​កម្ពុជា ខ្ញុំ​នៅតែ​ស្រពិចស្រពិល​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ខ្លួនឯង​ផ្ទាល់​»​។​

​នាង​បាន​បន្តថា​៖

«​ប៉ុន្តែ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្លាំង​អំពី​អនាគត​ប្រទេស​កម្ពុជា​។ ទោះបី​វា​ជា​ផ្លូវ​ដ៏​លំបាក​មួយ​ក្តី ខ្ញុំ​នៅតែ​ប្រាកដថា នឹងមាន​ភាពខុសប្លែក​ពីនេះ​»​។​

​ទស្សនៈ​ប្រកបដោយ​សុទិដ្ឋិនិយម​នេះ​ក៏ត្រូវ​បាន​លោក​សាស្ត្រាចារ្យ Gregory H. Stanton ប្រធាន​ស្ថាបនិក​អង្គការ Genocide Watch ប្រកាន់យក​ផងដែរ​។ លោក​យល់ថា ភាពយន្ត​ឯកសារ «​អង្គរ​ភ្ញាក់ឡើង​៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា​» ផ្តល់​ជាការ​ឆ្លុះបញ្ចាំង​ប្រសើរ​មួយ​អំពី​អតីតកាល ស្របពេល​ដូចគ្នានេះដែរ លោក​ក៏​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រៀនសូត្រ​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ខ្លួន​។​

​លោក George ដែល​បាន​បង្កើត​គម្រោង «Cambodian Genocide» នៅ​សាកលវិទ្យាល័យ Yale University ក្នុង​ឆ្នាំ ១៩៨២ បាន​និយាយថា​៖

«​ដើម្បី​ដឹងថា​ពួកគេ​ជា​នរណា​នោះ ប្រជាជន​ទាំងអស់​ត្រូវ​ដឹង​ពី​ប្រវត្តិសាស្ត្រ​ផ្ទាល់​របស់​ពួកគេ​។ ប្រសិនបើ​ពួកគេ​មិនដឹង​ពី​ប្រវត្តិសាស្ត្រ​ទេ នោះ​នឹងមិន​មានការ​ឲ្យ​តម្លៃ​ពេញលេញ​ទៅលើ ថា​តើ​ពួកគេ​ជា​នរណា​ឲ្យ​ប្រាកដ ក្នុងឋានៈ​ជា​ប្រជាជន​របស់​ប្រទេសមួយ​»​។​

​លោក​សាស្ត្រាចារ្យ Theodore Christov នៃ​សាកលវិទ្យាល័យ Georgetown University ក៏បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​សម្រាប់​ជន​ជំនាន់​ក្រោយ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ប្រទេសជាតិ​ទាំងមូល​បោះជំហាន​ទៅមុខ​។​

​លោក​សាស្ត្រាចារ្យ​បាន​ថ្លែងថា​៖

«​ប្រសិនបើ​អ្នកមាន​ជន​វ័យក្មេង ដែល​មិនដឹង​ពី​ប្រវត្តិសាស្ត្រ ដែល​ឪពុកម្តាយ និង​ជីដូន​ជីតា​របស់​ពួកគេ មិនអាច​ប្រាប់​ពួកគេ​ទេ ដោយសារតែ​ពួកគាត់​ទុក​អារម្មណ៍​ទាំងនោះ​ក្នុង​ចិត្ត និង​មិន​លើក​មក​និយាយ​នោះ ខ្ញុំ​គិតថា វា​ជា​បញ្ហា​មួយ​។ ហើយ​ដរាបណា​បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ ប្រទេស​កម្ពុជា​មិនអាច​រំកិល​ទៅមុខ​បានទេ​»​។​

​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​រូបនេះ​បាន​បន្ថែមថា​៖

«​លិ​ទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ខ្ញុំ គឺ​មិនមែន​ផ្តោតលើ​ការបង្ហាញ​ជា​សាធារណៈ និង​ការ​បង្ហោះ​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​កំណែទម្រង់​នោះទេ​។ ពួកគេ​ត្រូវ​រៀនសូត្រ​ពី​រឿងរ៉ាវ​នៅ​អតីតកាល​។ ហើយ​ផ្លូវ​តែមួយ​ក្នុងការ​សម្រេច​វា​ឲ្យ​បាន គឺ​ត្រូវ​មានការ​ចោទសួរ​ផ្សេងៗ​អំពី​រដ្ឋាភិបាល​របស់​ពួកគេ​»​។​

​ជន​ជំនាន់​ក្រោយ ដែល​កើត​បន្ទាប់ពី​របប​ខ្មៅ​ងងឹត​ខ្មែរក្រហម កំពុងតែ​មានការ​ចោទសួរ​កាន់តែខ្លាំង ដោយសារតែ​ជា​បន្តបន្ទាប់ ពួកគេ​អាច​ទទួលបាន​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្រៅពី​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ ដែល​ភាគច្រើន​ផ្សព្វផ្សាយ​លើកកម្ពស់​ដល់​បក្ស​កាន់អំណាច​។​

​លោក Sebastian Strangio អ្នកនិពន្ធ​សៀវភៅ «​‍​ប្រទេស​កម្ពុជា​របស់លោក ហ៊ុន សែន​» បាន​ប្រាប់ VOA ថា នៅតែ​ជា​ផ្លូវ​ដ៏​វែងឆ្ងាយ​មួយ​សម្រាប់​ជន​វ័យក្មេង​នៅ​កម្ពុជា ក្នុងការ​ស្វែងរក​មធ្យោបាយ​ឆ្ពោះទៅកាន់​កំណែទម្រង់សង្គម និង​នយោបាយ​ប្រកបដោយ​ផ្លែផ្កា​មួយ ដោយសារតែ នៅ​ដំណាក់កាល​ដំបូង ពួកគេ​ត្រូវ​ដកស្រង់​បទពិសោធន៍ និង​ចំណេះដឹង​ជាមុនសិន​។​

​លោក​បាន​មានប្រសាសន៍ថា​៖

«​ជន​វ័យ​ក្មេងជំនាន់ក្រោយ​យល់ដឹង​ច្បាស់​ពី​ការចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ ប៉ុន្តែ​ពួកគេ​មិនទាន់​ដឹង​ច្បាស់​ពី​មធ្យោបាយ​ក្នុងការ​សម្រេច​ឲ្យ​បានការ​ផ្លាស់ប្តូរ​នៅឡើយ​ទេ​។ ដូច្នេះ បញ្ហា​ប្រឈម​សម្រាប់​ជន​ជំនាន់​នេះ គឺ​ធ្វើការ​ទាមទារ​ជាក់លាក់ និង​មុតមាំ ផ្នែក​នយោបាយ ពី​សំណាក់​រដ្ឋាភិបាល​របស់​ពួកគេ​»​។​



​លោក Sebastian ដែល​បាន​ចូលរួម​ធ្វើការ​អធិប្បាយ​ក្នុង​ភាពយន្ត​ឯកសារ «​អង្គរ​ភ្ញាក់ឡើង​៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា​» ផងដែរ​នោះ ជឿជាក់ថា យុវជន​កម្ពុជា​អាច​នាំមក​នូវ​កំណែទម្រង់​ជា​បន្តបន្ទាប់ តាមរយៈ​ការចែករំលែក​ការយល់ដឹង​ពី​ការទទួលខុសត្រូវ​ផ្នែក​ដឹកនាំ​ទៅកាន់​អ្នកដទៃ​ក្នុងសង្គម​ខ្លួន​។​

​លោក​បាន​និយាយថា​៖

«​ការណ៍​នេះ​នឹងមិន​ផ្លាស់ប្តូរ​ប្រទេស​កម្ពុ​ជាមួយ​រំពេច​ភ្នែក​នោះទេ ប៉ុន្តែ​ការយល់ដឹង​កាន់តែច្រើន គឺជា​ផ្នែក​សំខាន់​មួយ ក្នុងការ​បង្កើត​សង្គម​ប្រជាធិបតេយ្យ​។ យើង​ត្រូវការ​ប្រជាពលរដ្ឋ​ប្រជាធិបតេយ្យ​និយម​សិន មុននឹង​យើង​មាន​សង្គម​ប្រជាធិបតេយ្យ​មួយ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com