កីឡាអន្តរជាតិ
អន្តរជាតិ
ច្បាប់​ថ្មី FA៖ ធ្វើ​ពុត​ជា​ដួល​លើ​ទីលាន ត្រូវ​រង​ពិន័យ​២​ប្រកួត​
19, May 2017 , 3:10 pm        
រូបភាព
​កីឡាករ​រូប​ណា​ដែល​ធ្វើ​ពុត​ជា​ដួល​ក្នុង​ទីលាន​អំឡុងពេល​ប្រកួត នឹងត្រូវ​រង​ពិន័យ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស FA ចំនួន​២​ប្រកួត​។ ច្បាប់​ថ្មី​នេះ​នឹង​ចាប់ផ្តើម​អនុវត្តន៍​ក្នុង​ក្របខណ្ឌ​លី​ក​អង់គ្លេស​នា​រដូវ​កាល​ក្រោយ​។​



​បើតាម​ការចុះផ្សាយ​រប​ស់ The Guardian កាលពី​ថ្ងៃទី​១៨ ខែឧសភា សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស​បានចែង​ច្បាប់​ថ្មី​មួយនា​រដូវ​កាល​ក្រោយ ២០១៧-២០១៨ ដោយ​ដាក់ពិន័យ​លើ​កីឡាករ​រួប​ណា​ដែល​ធ្វើ​ពុត​ជា​ដួល​ដើម្បី​បោក​ភ្នែក​អាជ្ញាកណ្តាល​នាពេល​ប្រកួត​។

FA នឹង​ចាត់​មនុស្ស​បីនាក់ រួមមាន អតីត​គ្រូបង្វឹក​ម្នាក់ អតីត​អ​ជ្ញា​កណ្តាល​ម្នាក់ និង​អតីត​កីឡាករ​ម្នាក់​ដើម្បី​សហការគ្នា​ពិនិត្យ​រាល់​សម្មភាព​របស់​កីឡាករ​នៅលើ​ទីលាន​ឡើងវិញ​តាមរយៈ​វីដេអូ ដើម្បី​ស្វែងរក​ការធ្វើ​ពុត​ណាមួយ​ដែលមាន​ចេតនា​បោកប្រាស់​ភ្នែក​អាជ្ញាកណ្តាល​។ ប្រសិនបើ​អ្នក​ទាំង​៣​ពិតជា​រកឃើញ​កំហុស និង​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ​ថា​មាន​ការធ្វើ​ពុត​មែន​នោះ កីឡាករ​រូបនោះ​នឹងត្រូវ​រង​ពិន័យ​ចំនួន​២​ប្រកួត​។​

​ច្បាប់​ថ្មី​ខាងលើនេះ​គឺ​ប្រើ​សម្រាប់​ពិន័យ​តែ​កីឡាករ​រូប​ណា​ដែល​ធ្វើ​ពុត​ជា​ដួល​ដើម្បី​ឲ្យ​អាជ្ញាកណ្តាល​ពិន័យ​ទៅលើ​គូប្រជែង ឲ្យ​ទទួលបាន​កាត​ក្រហម ឬ​កាត​លឿង​ទី​២ និង​បាល់​ពិន័យ​១១​ម៉ែត្រ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា​ច្បាប់​ពិន័យ​ពី​ការធ្វើ​ពុត​នេះ​ត្រូវបាន​អនុវត្តន៍​ក្នុង​លី​ករ​បស់​ប្រទេស​ស្កុ​តឡែ​ន​ដោយ​ជោគជ័យ​នាពេល​កន្លងមក ហើយនឹង​ត្រូវ​យកមក​ប្រើប្រាស់​សាកល្បង​នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup រវាង​ក្រុម​តោ​ខៀវ Chelsea និង​កាំភ្លើង​ធំ Arsenal នា​កីឡដ្ឋាន Wembley ខាងមុខនេះ​៕


Tag:
 ​បាល់ទាត់​
  FA
© រក្សាសិទ្ធិដោយ thmeythmey.com