អន្តរជាតិ
អ្នកកាសែត BBC ច្រាន​ប៉ះ​សុដន់​នារី​ម្នាក់​ដោយ​អ​ចេតនា​
19, May 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ការផ្សាយ​ផ្ទាល់​នានា​របស់​ទូរទស្សន៍ ជួប​រឿង​មិន​នឹកស្មាន​ដល់​ជាច្រើន​។ កាលពីពេល​ថ្មីៗ​កន្លងមកនេះ អ្នកកាសែត​ម្នាក់​របស់​ទូរទស្សន៍ BBC បាន​យកដៃ​ច្រាន​ប៉ះ​សុដន់​នារី​ម្នាក់ ដែល​បាន​រំខាន​ខ្លួន​នា​អំឡុង​ពេលដែល​លោក​ធ្វើ​បទ​សម្ភាស​មួយ​។ លោក Ben Brown បាន​អះអាងថា វា​ជា​ទង្វើ​អ​ចេតនា ពីព្រោះ​ពេលនោះ លោក​ផ្តោត​តែ​លើ​ការងារ​ឲ្យ​ល្អ​តែប៉ុណ្ណោះ​។​



​នា​បទ​សម្ភាស​តាម​ដងផ្លូវ​ដែលមាន​ការផ្សាយ​ផ្ទាល់ អ្នកកាសែត​ទូរទស្សន៍ BBC លោក Ben Brown បាន​សាកសួរ​លោក Norman Smith អ្នកវិភាគ និង​ជា​លេខា​ការី​និពន្ធ​ផ្នែក​ព័ត៌មាន​នយោបាយ ទាក់ទង​នឹង​យុទ្ធនាការ​បោះឆ្នោត​របស់​គណបក្ស​ការងារ​នៅ​ក្រុង Bradford ប្រទេស​អង់គ្លេស​។ នៅពេលនោះ នារី​ម្នា​ក់បាន​ដើរទៅ​ឈរ​ជិត ហើយ​រំខាន​ដល់​ការសម្ភាស​។

​ដោយ​ផ្តោតអារម្មណ៍​តែ​ទៅលើ​សម្តី​អ្នកវិភាគ លោក Ben Brown មិនបាន​មើលមុខ​នារី​ម្នាក់​នោះ​ចំឡើយ ហើយ​យកដៃ​ច្រាន​ចេញ ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​ការផ្សាយ​ផ្ទាល់​។ លោក Brown ដែល​បម្រើការ​នៅ BBC អស់​ប្រមាណ​៣​ទសវត្សរ៍​មកហើយ​នោះ មិនបាន​ចាប់អារម្មណ៍​ថា គាត់​បាន​យកដៃ​ប៉ះ​សុដន់​នារី​នោះឡើយ​។​

​ស្ត្រី​ដែល​ពា​ក់វែន​តាខ្មៅ​ម្នាក់​នោះ បានត្រឹមតែ​ហួសចិត្ត ហើយ​យកដៃ​វាយ​ស្មា​លោក Brown មុននឹង​ដើរចេញ​ពីមុខ​កា​ម៉ា​រ៉ា ខណៈ​លោក Brown និង​លោក Smith នៅតែ​បន្ត​បទ​សម្ភាស​របស់ខ្លួន​។​

​ក្រោយ​មានប្រតិកម្ម​ជាច្រើន​នៅតាម​បណ្តាញ​សង្គម លោក Brown បាន​សរសេរ​អះអាង​នៅលើ Twitter របស់ខ្លួន​ថា វា​ជា​រឿង​អ​ចេតនា​ប៉ុណ្ណោះ ពីព្រោះ​នៅពេលនោះ លោក​គ្រាន់តែ​មិន​ចង់​ឲ្យ​មានការ​រំខាន​ដល់​បទ​សម្ភាស​ដែល​ផ្សាយ​ផ្ទាល់​។ លោក​បាន​រៀបរាប់ថា​៖ «​ចៃដន្យ ស្រាប់តែ​មានការ​រំខាន​ដល់​ការផ្សាយ​ផ្ទាល់​នៅ Bradford​។ ខ្ញុំ​គ្រាន់តែ​មិន​ចង់​ឲ្យ​មានការ​រំខាន ហើយ​ពេលនោះ​មានការ​ផ្សាយ​ផ្ទាល់​។ វា​ជា​រឿង​មិនបាន​គិតទុក​ជាមុន​នោះឡើយ​»៕

សូមទស្សនាវីដេអូ៖



Tag:
 អ្នកកាសែត​
  BBC
© រក្សាសិទ្ធិដោយ thmeythmey.com