ការផ្សាយផ្ទាល់នានារបស់ទូរទស្សន៍ ជួបរឿងមិននឹកស្មានដល់ជាច្រើន។ កាលពីពេលថ្មីៗកន្លងមកនេះ អ្នកកាសែតម្នាក់របស់ទូរទស្សន៍ BBC បានយកដៃច្រានប៉ះសុដន់នារីម្នាក់ ដែលបានរំខានខ្លួននាអំឡុងពេលដែលលោកធ្វើបទសម្ភាសមួយ។ លោក Ben Brown បានអះអាងថា វាជាទង្វើអចេតនា ពីព្រោះពេលនោះ លោកផ្តោតតែលើការងារឲ្យល្អតែប៉ុណ្ណោះ។
នាបទសម្ភាសតាមដងផ្លូវដែលមានការផ្សាយផ្ទាល់ អ្នកកាសែតទូរទស្សន៍ BBC លោក Ben Brown បានសាកសួរលោក Norman Smith អ្នកវិភាគ និងជាលេខាការីនិពន្ធផ្នែកព័ត៌មាននយោបាយ ទាក់ទងនឹងយុទ្ធនាការបោះឆ្នោតរបស់គណបក្សការងារនៅក្រុង Bradford ប្រទេសអង់គ្លេស។ នៅពេលនោះ នារីម្នាក់បានដើរទៅឈរជិត ហើយរំខានដល់ការសម្ភាស។
ដោយផ្តោតអារម្មណ៍តែទៅលើសម្តីអ្នកវិភាគ លោក Ben Brown មិនបានមើលមុខនារីម្នាក់នោះចំឡើយ ហើយយកដៃច្រានចេញ ដើម្បីកុំឲ្យរំខានដល់ការផ្សាយផ្ទាល់។ លោក Brown ដែលបម្រើការនៅ BBC អស់ប្រមាណ៣ទសវត្សរ៍មកហើយនោះ មិនបានចាប់អារម្មណ៍ថា គាត់បានយកដៃប៉ះសុដន់នារីនោះឡើយ។
ស្ត្រីដែលពាក់វែនតាខ្មៅម្នាក់នោះ បានត្រឹមតែហួសចិត្ត ហើយយកដៃវាយស្មាលោក Brown មុននឹងដើរចេញពីមុខកាម៉ារ៉ា ខណៈលោក Brown និងលោក Smith នៅតែបន្តបទសម្ភាសរបស់ខ្លួន។