ជាតិ
AirAsia នឹង​បើក​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា​
19, May 2017 , 8:19 pm         5379
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia គ្រោង​ចំណាយ​ទុន​បើក​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា ។ បើតាម​គម្រោង​អាកាសចរណ៍​នេះ នឹងមាន​ការរៀបចំ​ជើងហោះហើរ​ស្រដៀង​គ្នា នឹង​ក្រុមហ៊ុន AirAsia ដែល​គ្រោង​បើក​ដំណើរការ​នៅ​ប្រទេស​ចិន​ដែរ​។​


​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា ជើងយន្តហោះ​ដែលមាន​តម្លៃ​ទាប​នេះ នឹង​បើក​ក្រុមហ៊ុន​នៅ​កម្ពុជា ដោយ​ដាក់ឈ្មោះ «AirAsia Cambodia»​។

​សារព័ត៌មាន Khmer Time បាន​ស្រង់​សម្ដី​លោក ស៊ុន ចាន់ថុល យ៉ាង​ដូច្នេះ​ថា​៖«​គោលបំណង​នៃ​ការបង្កើត​ក្រុមហ៊ុន AirAsia Cambodia ត្រូវបាន​លោក​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​លោក Tan Sri Tony Fernandes បាន​លើកយក​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​សប្ដាហ៍​មុន ក្រោយពី​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​»​។

​បើតាម​លោក ស៊ុន ចាន់ថុល សំណើរ​បង្កើត​ក្រុមហ៊ុន​នេះ បាន​បញ្ជូនទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​និង​មុន​អនុម័ត​ហើយ​។​

​ក្នុងជំនួប​ពិភាក្សា​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia លោក Fernandes បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​លោក នឹង​បើក​ការហោះហើរ​ត្រង់​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ឆ្ពោះ​មកកាន់​ក្រុងព្រះសីហនុ ដោយ​ការហោះហើរ​លើកដំបូង​មាន​ចំនួន ៤​ជើង​ក្នុង​១​សប្តាហ៍​។ ហើយ​ក្រោយ​រយះពេល​៣​ខែ​បន្ទាប់មក នឹងមាន​ការហោះហើរ រៀងរាល់ថ្ងៃ​ជាធម្មតា​វិញ​។​

​បើតាម​លោក Anthony ក្រុមហ៊ុន AirAsia កំពុង​ដាក់លក់​សំបុត្រ​នៃ​ការហោះហើរ​ត្រង់​មក​កម្ពុជា​ហើយ ។ «​ការហោះហើរ​ត្រង់នោះ​នឹង​ជួយ​ជំរុញ​ភ្ញៀវទេសចរ​មកកាន់​កម្ពុ​ជា​កាន់តែ​ច្រើនឡើង​ថែមទៀត ជាពិសេស​ក្នុង​រយះពេល​៥​ឆ្នាំ​ខាងមុខ ក្រុមហ៊ុន​នឹង​អាច​នាំ​ភ្ញៀវ​ទេសចរណ៍​ប្រមាណ ៣​លាន​នាក់​មកកាន់​ប្រទេស​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក Anthony​។​

​សម្តេច ហ៊ុន សែន យល់ថា ការហោះ​ហើយ​ត្រង់នេះ គឺ​នឹង​នាំមក​នូវ​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកកាន់​កម្ពុជា​។ ម្យ៉ាងវិញទៀត​វា​ក៏​ផ្តល់នូវ​ជំរើស​ដល់​ប្រជាជន​កម្ពុជា ដែល​ចង់​ធ្វើដំណើរ​តាមរយៈ​ការហោះហើរ​ត្រង់ ពី​រាជធានី​ភ្នំពេញ ឬ​ពី​ក្រុងព្រះសីហនុ និង​ទៅកាន់​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ផងដែរ​៕

Tag:
 AIRASIA
 ​ អាកាសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង