អន្តរជាតិ
បារាំង​និង​អាល្លឺម៉ង់ ជំរុញ​ការបង្កើតទ័ព​អឺរ៉ុប ដើម្បី​បន្ថយ​ការពឹង​ផ្អែកលើ​បក្សសម្ព័ន្ធណា​តូ​
19, May 2017 , 8:39 pm         3493
រូបភាព
លោកស្រី អេនជឺឡា មឺគែល និងលោកអេម៉ានុយអែល ម៉ាក្រុង នា​ជំនួប​នៅ​ក្នុងប៊ែរឡាំងកាលពី​ថ្ងៃចន្ទ។ រូបថត DPA
លោកស្រី អេនជឺឡា មឺគែល និងលោកអេម៉ានុយអែល ម៉ាក្រុង នា​ជំនួប​នៅ​ក្នុងប៊ែរឡាំងកាលពី​ថ្ងៃចន្ទ។ រូបថត DPA
ដោយ: ថ្មីៗ
​គំនិត​នៃ​ការបង្កើត​កងទ័ព​អឺរ៉ុប បាន​លេច​ជា​រូបរាង​ម្ដងទៀត ស្របពេល​បារាំង និង​អាល្លឺម៉ង់ កំពុង​រៀបចំ​ផែនការ​បង្កើត​ហិរញ្ញវត្ថុ​ការពារជាតិ​រួមគ្នា​នៅ​តំបន់​អឺរ៉ុប​។ រឿងរ៉ាវ​បង្កើត​កងទ័ព​រួម​នេះ ផុស​ឡើងវិញ​ជាថ្មី ព្រោះ​អង់គ្លេស​ដែល​ជំទាស់​គំនិត​នេះ​ដាច់ខាត​តាំងពី​ដើមទី បានសម្រេច​ចិត្ត​ចាក​ចេញពី​អឺរ៉ុប ដែល​នេះ​ជា​ឱកាស​សម្រាប់​រដ្ឋ​សមាជិក​អឺរ៉ុប​ផ្សេងទៀត​បន្ត​គំនិត​បង្កើត​ទ័ព​រួមគ្នា​នេះ​។ សម្រាប់​ការចំណាយ​វិញ សមាជិក​អឺរ៉ុប នឹងត្រូវ​ចូលរួម​វិភាគទាន​ទាំងអស់គ្នា​។


​បំណង​បង្កើត​យោធា​ប្រចាំ​តំបន់​អឺរ៉ុប កំពុងស្ថិត​លើផ្លូវ​លេច​ជា​រូបរាង​ជាក់ស្ដែង​ហើយ​។ បារាំង និង​អាល្លឺម៉ង់ ដែល​បាន​សន្យា​ចាប់ដៃគ្នា​ដឹកនាំ​អឺរ៉ុប​ទៅមុខ ស្ថិត​ពីក្រោយ​ចលនា​បង្កើត​យន្តការ​រួមគ្នា​មួយ​ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ការចំណាយ​លើ​វិស័យ​យោធា​រួមគ្នា​របស់​រដ្ឋ​សមាជិក​អឺរ៉ុប​។ ក្រុងប៉ារីស និង​ក្រុង​បែរ​ឡាំង ចង់ឃើញ​អឺរ៉ុប​មាន​កងទ័ព​ផ្ទាល់ខ្លួន ដើម្បី​ទប់ទល់​ការគំរាមកំហែង​មកលើ​តំបន់​ដូចជា​ភេរវកម្ម និង​លំហូរ​ជនអន្តោប្រវេសន៍​ជាដើម​។

​បារាំង អ៊ីតាលី អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ រួម​នឹង​សមាជិក​សហភាព​អឺរ៉ុប​មួយចំនួនទៀត នឹង​ចាប់ផ្ដើម​ការចរចា​នៅ​ខែក្រោយ​ជុំវិញ «​យន្តការ​សហប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​» ដែល​អាច​លេច​ជា​រូបរាង​នៅ​ឆ្នាំក្រោយ​។ គម្រោង​នេះ នឹង​ផ្ដោត​សំខាន់​លើ​ការផ្ដល់​ហរិញ្ញវត្ថុ​សម្រាប់​គោលដៅ​អភិវឌ្ឍ​ឧបករណ៍​យោធា ក៏ដូចជា​បង្កើន​សមត្ថ​ភាព​បច្ចេកវិទ្យា​ការពារ​មានការ​អភិវឌ្ឍ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​មនុស្ស​យន្ត​ជាដើម​។

​បើតាម​សារព័ត៌មាន​អង់គ្លេស Express គម្រោង​ប្រមូល​ហិរញ្ញវត្ថុ​នេះ នឹងត្រូវ​ដាក់​បង្ហាញ​នៅ​ខែមិថុនា​ខាងមុខ​ដោយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​។ គេ​ជឿថា​ក្នុង​មួយឆ្នាំ អឺរ៉ុប​ត្រូវ​ចំណាយ​ប្រមាណ​៥០០​លាន​អឺរ៉ុប​រហូតដល់​ឆ្នាំ​២០២០ ដែល​ការចំណាយ​នឹង​ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ​ឧបករណ៍​ធ្វ់ើសង្គ្រាម​ទំនើប​។ ជាមួយគ្នានេះ រដ្ឋមន្ត្រី​ការពារជាតិ និង​រដ្ឋមន្ត្រីការបរទេស​នៃ​រដ្ឋ​សមាជិក​អឺរ៉ុប ក៏​នឹង​ជួបគ្នា​នៅពេល​ខ្លី​ខាងមុខ​ដើម្បី​ពិភាក្សា​លើ​ផែនការ​នេះដែរ​។  

​តាមពិតទៅ គំនិត​បង្កើត​កងទ័ព​ប្រចាំ​អឺរ៉ុប មាន​យូរ​មកហើយ​ដែរ ប៉ុន្តែ​អង់គ្លេស​ជំទាស់​ដាច់ខាត​តែម្ដង និង​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​គោលដៅ​រារាំង​ការ​លេច​ជា​រូបរាង​កងទ័ព​រួមគ្នា​នេះ​។ ក្រុង​ឡុង​ដ៏ ចង់​ឲ្យ​ប្រតិបត្តិការ​យោធា​របស់​អឺរ៉ុប ធ្វើឡើង​ក្រោម​ក្របខណ្ឌ​សម្ព័ន្ធ​យោធា​ណា​តូ​វិញ​។ ប៉ុន្តែ​ការចាកចេញ​របស់​អង់គ្លេស ក្លាយជា​ឱកាស​ថ្មី​របស់​អឺរ៉ុប​ក្នុងការ​បង្កើត​យោធា​រួមគ្នា ព្រោះ​លែងមាន​អ្នកជំទាស់​ទៀតហើយ​។  

១. កងទ័ព​ថ្មី នឹង​បង្កើន​ឥទ្ធិពល​អឺរ៉ុប​

​ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្ស​ង់ ក្លូដ ចាំង​គើ (Jean-Claude Juncker) បាន​និយាយថា កម្លាំងយោធា​ថ្មី​នេះ នឹង​ជួយ​បង្កើន​ឥទ្ធិពល​ថែមទៀត​ក្នុង​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​របស់​អឺរ៉ុប​។ ទោះ​មាន​សុទិដ្ឋិនិយម​លើ​គម្រោង​បង្កើត​កងទ័ព​នេះ​ក្ដី លោក ចាំង​គើ បញ្ជាក់ដែរថា គម្រោង​នេះ នឹង​មិនអាច​កើតឡើង​ភ្លាម​ឡើយ ពោលគឺ​ត្រូវបាន​ពេលវេលា​បន្ថែមទៀត តែ​វា​ជាការ​ត្រៀមខ្លួន​រួចស្រេច​សម្រាប់​សន្តិសុខ​អឺរ៉ុប​ខ្លួនឯង​ផ្ទាល់​។

​បើតាម​សម្ដី​ប្រធាន​គណៈកម្មការ​អឺរ៉ុប​រូបនេះ ការបង្កើត​យោធា​រួមគ្នា នឹង​ជួយ​សន្សំ​ថវិកា​សមាជិក​បានជា​ច្រើន​លាន​ដុល្លារ​តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​រួមគ្នា ការចែករំលែក​សព្វាវុធ ក៏ដូចជា​ការធ្វើ​ពិសោធ​បច្ចេកវិទ្យា​ការពារជាតិ​រួមគ្នា​ជាដើម​។ ការធ្វើ​ដូចនេះ នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​សមាជិក​លើ​ការងារ​ការពារជាតិ​នេះ​។ ជាមួយគ្នានេះ គណៈកម្មការ​អឺរ៉ុប ក៏មាន​គម្រោង​បង្វែរ​ថវិកា​មួយចំនួន​ពី​ថវិកា​របស់​អឺរ៉ុប​សម្រាប់​គម្រោង​នេះដែរ​។​

២. ចង់​មាន​ទ័ព​ខ្លួនឯង ព្រោះ​ពិបាក​ពឹង​ណា​តូ​

​ភាពមិនច្បាស់លាស់​រប​ស់​រដ្ឋបាល ដូ​ណា​ល់ ត្រាំ ជុំវិញ​សម្ព័ន្ធ​យោធា​ណា​តូ អាចជា​មូលហេតុ​សំខាន់ ដែល​នាំ​ឲ្យ​បារាំង និង​អាល្លឺម៉ង់ ខំប្រឹង​ជំរុញ​ឲ្យ​មាន​កងទ័ព​អឺរ៉ុប​។ ក្រៅពី​ធ្លាប់​ហៅ​ណា​តូ ជា​អង្គការ​ហួស​សម័យ លោក ត្រាំ បានដាក់​សម្ពាធ​លើ​សមាជិក​ណា​តូ​មកពី​អឺរ៉ុប​ឲ្យ​បង់ប្រាក់​វិភាគទាន​ចំនួន​២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​របស់ខ្លួន ដើម្បី​ជួយ​ទប់ទល់​ការចំណាយ​របស់​អាមេរិក​។ ដូច​ដឹង​ស្រាប់ អាមេរិក​ជា​អ្នកចេញលុយ​ចំណាយ​ច្រើនជាងគេ​ក្នុងចំណោម​សមាជិក​ណា​តូ​ទាំងអស់​។​

​ដោយសារ​រឿងនេះ សមាជិក​អឺរ៉ុប​ធំៗ​ខ្លះ​ដូចជា​បារាំង និង​អាល្លឺម៉ង់​ជាដើម ទំនង​ចង់បាន​កងទ័ព​ដើម្បី​ទុក​ការពារ​អឺរ៉ុប ជាជាង​ចាំ​ពឹង​ណា​តូ​។ ម្យ៉ាងទៀត​នោះ ណា​តូ​មិនអាច​លូកដៃ​ចូល​ជួយ​ការពារ​សន្តិសុខ​រដ្ឋ​សមាជិក​របស់ខ្លួន ព្រោះ​បើតាម​គោលការណ៍​របស់ខ្លួន ណា​តូ​ជួយ​សមាជិក​តែ​ពេល​មានការ​វាយប្រហារ​ពី​ប្រទេស​ផ្សេង​ប៉ុណ្ណោះ​។ ការគំរាមកំហែង​ផ្សេងទៀត​ដូចជា​ភេរវកម្ម និង​បញ្ហា​អន្តោប្រវេសន៍ តម្រូវ​ឲ្យ​អឺរ៉ុប​ដោះស្រាយ​ខ្លួនឯង​។​

​ខុសពី​ណា​តូ កងទ័ព​ថ្មី​ដែល​បារាំង និង​អាល្លឺម៉ង់ កំពុង​ជំរុញ​នេះ អាចជួយ​សមាជិក​អឺរ៉ុប​បាន​លើ​បញ្ហា​ខាងលើ​។ ចុងក្រោយ​នោះ ការ​ដែលមាន​កម្លាំង​ផ្ទាល់ខ្លួន នឹង​ជួយ​បង្កើន​សន្តិសុខ​នៅ​តំបន់​អឺរ៉ុប ហើយ​អាច​កាត់បន្ថយ​ការពឹង​ផ្អែកលើ​សម្ព័ន្ធ​យោធា​ណា​តូ​បាន​ទៀតផង​។ យ៉ាងណាក្ដី ផ្លូវ​ស្ថិតនៅ​វែងឆ្ងាយ​ទៅមុខទៀត ព្រោះ​គេ​ឃើញ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ជាការ​ចំណាយ​ប្រចាំឆ្នាំ និង​បញ្ហា​អ្នកដឹកនាំ​ជាដើម​៕    

Tag:
 អឺរ៉ុប​
  បារាំង​
  អាល្លឺម៉ង់​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next