ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​មេដឹកនាំ​ចិន​ថា កម្ពុជា​រក្សា​ជំហ​ប្រឆាំង​«​ការប្រកាស​ឯករាជ្យរ​បស់​តៃវ៉ាន់​»
19, May 2017 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​មេដឹកនាំ​ចិន​ថា កម្ពុជា​នៅ​រក្សា​ជំហ​គាំទ្រ​គោលនយោបាយ​ចិន ហើយ​ប្រឆាំង​ដាច់ខាត​ចំពោះ ការប្រកាស​ឯករាជ្យភាព​របស់​តៃវ៉ាន់ ទោះ​ស្ថិតនៅក្នុង​រូបភាព​ណាក៏ដោយ​។​



​សេចក្ដីថ្លែងការណ៍​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​ស្រង់​ខ្លឹមសារ​នៃ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​ចិន បាន​ចុះផ្សាយ​ដូច្នេះ​ថា​៖«​ភាគី​កម្ពុជា​បញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ចំពោះ​គោលនយោបាយ​ចិន​តែមួយ​។ ទទួលស្គាល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយគត់ ហើយ​តៃវ៉ាន់​ជា​ផ្នែក​ដែល​មិនអាច​កាត់ផ្ដាច់​ពី​ចិន​បាន​។ ប្រឆាំង​ចំពោះ​ការប្រកាស​ឯករាជ្យភាព​របស់​តៃវ៉ាន់​តាម​គ្រប់​រូបភាព​»​។​

​រដ្ឋាភិបាល​កម្ពុជា បន្ត​ការ​ឲ្យ​គាំទ្រ​ការអភិវឌ្ឍ​ដោយ​សន្តិភាព​នៃ​ទំនាក់ទំនង​ចិន និង​តៃវ៉ាន់ ក្នុងការ​បង្រួបបង្រួម​ចិន​ដោយ​សន្តិភាព​។​

​កន្លង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង តែងតែ​បង្ហាញ​ការមិន​ពេញចិត្ត​ឡើយ រាល់​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​ប្រទេស​ផ្សេងៗ ទៅកាន់​កោះ​តៃវ៉ាន់​។ ចិន ចាត់ទុក​ទង្វើរ​របស់​ថ្នាក់ដឹកនាំ​ទាំងនោះ គឺ​ចង់​បង្កទំនាស់​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ ជាពិសេស រាល់​ប្រទេស​ដែល​ទទួលស្គាល់​ឯករាជ្យភាព​តៃវ៉ាន់​តែម្ដង​។​

​កោះ​តៃវ៉ាន់ បាន​បែក​ចេញពី​ចិន ក្រោយ​កងទ័ព​ជាតិនិយម​ភៀស​ខ្លួ​មកកាន់​កោះ​នេះ​ក្នុង​ឆ្នាំ​១៩៤៩ ។ ប៉ុន្តែ​ចិន នៅតែ​ចាត់ទុក​កោះ​នេះ ជា​អាណាខេត្ត​របស់ខ្លួន  ហើយក៏​មិនដែល​បោះបង់​គំនិត​បង្រួម​បង្រួប​ជាមួយ​កោះ​នេះឡើយ ទោះជា​ត្រូវ​ប្រើ​កម្លាំង​ទ័ព​ក្ដី​។ ប៉េកាំង តែង​ចាត់ទុក​បញ្ហានយោបាយ​ចិន​តែមួយ ជា​រឿង​រសើប និង​មិនអាច​យកមក​ចរចា​បាន​អ្វី​បានឡើយ ហើយ​ប៉េកាំង​ក៏​តែង​ប្រាប់​គេ​រាល់គ្នា​ឲ្យ​គោរព​សិទ្ធិ​របស់ខ្លួន​លើ​បញ្ហា​នេះ​៕


Tag:
 ហ៊ុន សែន​
 ​ ចិន​
 ​ តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com