ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់មេដឹកនាំចិនថា កម្ពុជារក្សាជំហប្រឆាំង«ការប្រកាសឯករាជ្យរបស់តៃវ៉ាន់»
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់មេដឹកនាំចិនថា កម្ពុជានៅរក្សាជំហគាំទ្រគោលនយោបាយចិន ហើយប្រឆាំងដាច់ខាតចំពោះ ការប្រកាសឯករាជ្យភាពរបស់តៃវ៉ាន់ ទោះស្ថិតនៅក្នុងរូបភាពណាក៏ដោយ។
សេចក្ដីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជា ដែលបានស្រង់ខ្លឹមសារនៃជំនួបរវាងនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំចិន បានចុះផ្សាយដូច្នេះថា៖«ភាគីកម្ពុជាបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលនយោបាយចិនតែមួយ។ ទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ហើយតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្ដាច់ពីចិនបាន។ ប្រឆាំងចំពោះការប្រកាសឯករាជ្យភាពរបស់តៃវ៉ាន់តាមគ្រប់រូបភាព»។
រដ្ឋាភិបាលកម្ពុជា បន្តការឲ្យគាំទ្រការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងចិន និងតៃវ៉ាន់ ក្នុងការបង្រួបបង្រួមចិនដោយសន្តិភាព។
កន្លងរដ្ឋាភិបាលក្រុងប៉េកាំង តែងតែបង្ហាញការមិនពេញចិត្តឡើយ រាល់ដំណើរទស្សនកិច្ចរបស់មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ប្រទេសផ្សេងៗ ទៅកាន់កោះតៃវ៉ាន់។ ចិន ចាត់ទុកទង្វើររបស់ថ្នាក់ដឹកនាំទាំងនោះ គឺចង់បង្កទំនាស់ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។ ជាពិសេស រាល់ប្រទេសដែលទទួលស្គាល់ឯករាជ្យភាពតៃវ៉ាន់តែម្ដង។
កោះតៃវ៉ាន់ បានបែកចេញពីចិន ក្រោយកងទ័ពជាតិនិយមភៀសខ្លួមកកាន់កោះនេះក្នុងឆ្នាំ១៩៤៩ ។ ប៉ុន្តែចិន នៅតែចាត់ទុកកោះនេះ ជាអាណាខេត្តរបស់ខ្លួន ហើយក៏មិនដែលបោះបង់គំនិតបង្រួមបង្រួបជាមួយកោះនេះឡើយ ទោះជាត្រូវប្រើកម្លាំងទ័ពក្ដី។ ប៉េកាំង តែងចាត់ទុកបញ្ហានយោបាយចិនតែមួយ ជារឿងរសើប និងមិនអាចយកមកចរចាបានអ្វីបានឡើយ ហើយប៉េកាំងក៏តែងប្រាប់គេរាល់គ្នាឲ្យគោរពសិទ្ធិរបស់ខ្លួនលើបញ្ហានេះ៕
Tag:
ហ៊ុន សែន
ចិន
តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com