អន្តរជាតិ
ព្រះ​ចៅ អាគី​ហ៊ី​តុ នឹង​ក្លាយជា​អធិរាជ​ជប៉ុន​ទីមួយ ដែល​ដាក់រាជ្យ​បាន​ក្នុងពេល​២០០​ឆ្នាំ
19, May 2017 , 9:39 pm        
រូបភាព
ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ និងរជ្ជទាយាទ ណារុហ៊ីតុ (រូបភាព AFP)
ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ និងរជ្ជទាយាទ ណារុហ៊ីតុ (រូបភាព AFP)
​គណៈរដ្ឋមន្ត្រី​ជប៉ុន បានអនុម័ត​សេចក្ដីស្នើច្បាប់​ពិសេស​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​អធិរាជ អាគី​ហ៊ី​តុ ដាក់រាជ្យ​បាន​។ ដោយ​លើក​ហេតុផល​បញ្ហា​ព្រះរាជសុខភាព ព្រះ​ចៅ​អាគី​ហ៊ី​តុ បានបង្ហាញ​ព្រះទ័យ​ដាក់រាជ្យ​កាលពី​ខែសីហា ឆ្នាំ​២០១៦ ហើយ​ផ្ទេរ​រាជ្យ​ថ្វាយ​រជ្ជទាយាទ ណា​រុ​ហ៊ី​តុ (Naruhito) ប៉ុន្តែ​ច្បាប់​ជប៉ុន​មិន​អនុញ្ញាត​ឡើយ​។ ដោយសារ​រឿងនេះ រដ្ឋាភិបាល​លោក ស៊ីន​ហ្សូ អា​បេ ក៏​ប្រញាប់​រៀបចំ​ច្បាប់​ពិសេស​មួយ ដែល​បើកផ្លូវ​ឲ្យ​ព្រះអង្គ​លាលែង​ពី​តំណែង​បាន​។



​ព្រះ​ចៅ អាគី​ហ៊ី​តុ នឹង​ក្លាយជា​អធិរាជ​ជប៉ុន​ដំបូង​គេ​ក្នុង​រយៈពេល​ពីរ​សតវត្ស​រ៍ ដែល​អាចដាក់​រាជ្យសម្បត្តិ ទោះ​នៅមាន​ព្រះជន្ម​ក៏ដោយ​។ រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ នៅ​ថ្ងៃទី​១៩ ខែឧសភា បាន​ឯកភាព​លើ​សេចក្ដីស្នើច្បាប់​ដែល​អនុញ្ញាត​ឲ្យ​អធិរាជ ផ្ទេរ​បល្ល័ង្ក​ឲ្យ​រាជបុត្រ​ណា​រុ​ហ៊ី​តុ ដែលជា​រជ្ជទាយាទ​។ បន្ទាប់មក សេចក្ដីស្នើច្បាប់​នេះ នឹងត្រូវ​បញ្ជូន​បន្តទៅ​កាន់​ស្ថាប័ន​នីតិបញ្ញត្តិ​ដើម្បី​អនុម័ត​ចុងក្រោយ​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ សេចក្ដីស្នើច្បាប់​នេះ ត្រូវបាន​តាក់តែងឡើង​សម្រាប់តែ​ករណី​អធិរាជ អាគី​ហ៊ី​តុ មួយអង្គ​ប៉ុណ្ណោះ​។ វា​មាន​ភាគរយ​ខ្ពស់​ដែល​សភា​ជប៉ុន​អនុម័ត​សំណើ​ច្បាប់​នេះ ព្រោះ​ត្រូវបាន​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់ ហើយ​ម្យ៉ាង​បក្ស​លោក អា​បេ ក៏មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ដែរ​។ បើតាម​សេចក្ដីស្នើច្បាប់​ដដែល អធិរាជ អាគី​ហ៊ី​តុ អាច​នឹងដាក់​រាជ្យ​ថ្វាយ​រជ្ជទាយាទ​នៅ​ខែធ្នូ ឆ្នាំ​២០១៨ នៅពេល​ព្រះអង្គ​មាន​ព្រះជន្ម​គម្រប់​៨៥​វស្សា​។

​ករណី​ដាក់រាជ្យ​ចុងក្រោយ​បំផុត​នៅ​ជប៉ុន កើតឡើង​នៅ​ឆ្នាំ​១៨១៧ ពេល​អធិរាជ Kokaku ដាក់រាជ្យ​។ យ៉ាងណាក្ដី ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន ករណី​ដាក់រាជ្យ​សម្បត្តិ​នេះ មាន​ដល់​ទៅ​ពាក់កណ្ដាល​នៃ​អធិរាជ​ជប៉ុន​ទាំងអស់​ចំនួន ១២៧​អង្គ​។​

​ច្បាប់​ជប៉ុន​បច្ចុប្បន្ន បាន​បិទផ្លូវ​មិន​ឲ្យ​មានការ​ដាក់រាជ្យ​ឡើយ ហើយ​អធិរាជ​ត្រូវបាន​កាន់តំណែង​រហូត​ដង្ហើមចុងក្រោយ​។ ច្បាប់​ដដែល ក៏​មិន​អនុញ្ញាត​ឲ្យ​រាជវង្ស​ជា​ស្ត្រី​ស្នងរាជ្យ​ដែរ ហើយ​នេះ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​សម្រាប់​អនាគត​រាជវង្ស​ជប៉ុន​។ មកទល់ពេលនេះ ក្នុងចំណោម​សមាជិក​រាជវង្ស​ទាំង ១៩​អង្គ មាន​បុរស​តែ​៤​អង្គ​ប៉ុណ្ណោះ អាច​ស្នងរាជ្យ​បាន គឺ​រជ្ជទាយាទ​ណា​រុ​ហ៊ី​តុ​, អនុជ​ព្រះ​អធិរាជ​, ព្រះអង្គម្ចាស់​អាគី​ស៊ី​ណុ និង​រាជបុត្រ​ហ៊ី​សា​ហ៊ី​តុ​វ័យ ១១​វស្សា​ជា​បុត្រា​ព្រះអង្គម្ចាស់​អាគី​ស៊ី​ណុ​។  

​នៅ​ឆ្នាំក្រោយ​សមាជិក​រាជវង្ស​ជប៉ុន នឹង​នៅសល់តែ ១៨​អង្គ ព្រោះ​ព្រះ​នាង​ម៉ា​កុ ចៅស្រី​អធិរាជ នឹង​រៀប​អភិសេក​ជាមួយ​រាស្ត្រសាមញ្ញ ហើយ​ព្រះ​នាង​ក៏​ក្លាយជា​រាស្ត្រសាមញ្ញ​ដែរ​។ ការថយចុះ​ចំនួន​សមាជិក​រាជវង្ស និង​ការមិន​អនុញ្ញាត​ឲ្យ​សមាជិក​ស្ត្រី​ស្នង​តំណែង ឬ​បន្ត​ជា​សមាជិក​រាជវង្ស​ពេល​រៀបការ ក្លាយជា​បញ្ហាសំខាន់​ដែរ ដែល​អ្នកនយោបាយ​ប្រឆាំង​ស្នើ​ឲ្យ​មានការ​ពិចារណា​។ ប៉ុន្តែ​រដ្ឋាភិបាល​អភិរ​ក្សរ​របស់លោក អា​បេ ហាក់​មិន​ខ្វល់ខ្វាយ​ពី​បញ្ហា​នេះឡើយ​។​

​តាមពិតទៅ បញ្ហា​ស្នងរាជ្យ​សម្បត្តិ​នេះ កើតមាន​ម្ដង​ហើយ​ទៅហើយ មុនពេល​ព្រះអង្គម្ចាស់ ហ៊ី​សា​ហ៊ី​តុ ប្រសូត​ក្នុង​ឆ្នាំ ២០០៦ ។ នៅពេលនោះ រដ្ឋាភិបាល​ជប៉ុន​រប​ស់​អតីត​នាយករដ្ឋមន្ត្រី Junichiro Koizumi ត្រៀម​កែប្រែ​ច្បាប់​ហាមឃាត់​ស្ត្រី​ឡើង​សោយរាជ្យ​ទៅហើយ ព្រោះ​ចៅ​របស់​អធិរាជ​អាគី​ហ៊ី​តុ សុទ្ធតែ​ស្រី ហើយ​សមាជិក​រាជវង្ស​ផ្សេងទៀត​ក៏មាន​ព្រះជន្ម​ច្រើន​ដែរ​។ យ៉ាងណាមិញ ការ​ប្រសូត​របស់​ព្រះអង្គម្ចាស់​ហ៊ី​សា​ហ៊ី​តុ ធ្វើ​ឲ្យ​ស្ថានភាព​ប្រសើរ​ឡើងវិញ​៕


Tag:
 ជប៉ុន​
  អធិរាជ​អាគី​ហ៊ី​តុ​
© រក្សាសិទ្ធិដោយ thmeythmey.com