ពីនេះ ពីនោះ
វិធី​ជួយសង្គ្រោះ​សំខាន់ៗ នៅពេល​ជួប​ជន​រង​គ្រោះថ្នាក់​ចរាចរណ៍​តាមផ្លូវ​
20, May 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ខ្មែរ​យើង​សព្វថ្ងៃនេះ គឺមាន​ច្រើនណាស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ចំនួន​របស់​វា ក៏​កំពុងតែ​កើនឡើង​ផងដែរ​។ លទ្ធផល​ជាច្រើន​ក្រោយ​រងគ្រោះថ្នាក់​ចរាចរណ៍​នេះ អាចធ្វើ​ឲ្យ​ជនរងគ្រោះ​ពិការ រហូតដល់​ស្លាប់​បាត់បង់​ជីវិត​តែម្តង​។ មាន​ហេតុផល​ច្រើនណាស់ ដែល​ធ្វើ​ឲ្យ​ចំនួន​នៃ​ការស្លាប់​របស់​ប្រជាជន​យើង នៅតាម​ដងផ្លូវ​នេះ​កើនឡើង ហើយ​អ្វីដែល​គេ​ជួប​ញឹកញាប់​នោះ​គឺ យើង​ខ្វះ​វិធី​ជួយ​គ្រប់គ្រង​ស្ថានភាព​របស់​ជនរងគ្រោះ ជាពិសេស ការបាក់​បែក​ឆ្អឹង​តែម្តង​។


 
​ជាទូទៅ មនុស្ស​យើង​មិនសូវ​ដឹងថា ខ្លួនឯង​ដែល​កំពុងតែ​ធ្វើដំណើរ តាម​ដងផ្លូវ​ដូចគ្នា​នោះ គួរតែ​ជួយ​ជនរងគ្រោះ​ដូចម្តេច និង​គួរ​ធ្វើ​អ្វីខ្លះ ដើម្បី​អាច​ឲ្យ​ពួកគាត់ ទៅដល់​មន្ទីរពេទ្យ​ដោយ​សុវត្ថិភាព​។ ដូច្នេះ ក្រុមការងារ​គេហទំព័រ www.health.com.kh នឹង​ណែនាំ​នូវ​ចំណុច​សំខាន់ៗ ដែល​បងប្អូន​អាចធ្វើ​បាន ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាជន​យើង ដូចខាងក្រោម​នេះ ៖
 
​ពេលវេលា​ដ៏​សំខាន់​មួយ​ម៉ោង​ដំបូង​
​យក​ល្អ គួរតែ​ចាំ​ថា រយៈពេល​មួយ​ម៉ោង​ដំបូង ក្រោយពី​ជួប​គ្រោះថ្នាក់​រួច គឺជា​រឿង​មួយ​សំខាន់បំផុត​។ ចូរ​ប្រាកដថា ជនរងគ្រោះ​អាច​ទៅដល់​មន្ទីរពេទ្យ លឿន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​។ គ្រូពេទ្យ​និយាយថា ការស្ទះ​ផ្លូវដង្ហើម ហូរឈាម​ច្រើន និង​ពន្យារពេល​វះកាត់ គឺជា​មូលហេតុ​ចំបង​មួយ​នៃ​ការស្លាប់ ដោយសារតែ​ការបាក់​បែក​ឆ្អឹង​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់ របស់​មន្ទីរពេទ្យ​រដ្ឋ​យើង ដែលមាន​សម្ភារៈ​សង្គ្រោះ​គ្រប់គ្រាន់ សម្រាប់​ជួយ​ដល់​ការដកដង្ហើម និង​កាត់បន្ថយ​ការហូរ​ឈាម​របស់​អ្នកជំងឺ​ភ្លាមៗ​។ ចូរ​នាំ​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​ណា ដែល​នៅ​ជិត​បំផុត​។ ក្រៅពី​ការបាត់បង់​ឈាម ការ​មាន​របួស និង​កង្វះ​អុកស៊ីសែន ក៏​ជា​មូលហេតុ​នាំ​ឲ្យ​អ្នកជំងឺ​ស្លាប់​តាមផ្លូវ​ដែរ​។
 
​ពិនិត្យមើល​ការដកដង្ហើម​របស់​ជ​ន​រងគ្រោះ​
​ចូរ​ប្រាកដថា ជនរងគ្រោះ​ដកដង្ហើម​បាន និង​មិនមាន​អ្វី​ស្ទះ​ឡើយ​។ ចូរ​យក​របស់​គ្រប់យ៉ាង ចេញពី​មាត់​របស់​ជនរងគ្រោះ​ដូចជា ធ្មេញ​ដែល​បាក់​ជាដើម​។ ចុះ​បន្ធូរ​សម្លៀកបំពាក់​ត្រង់​តំបន់​ក ទ្រូង និង​ចង្កេះ​។ ចូរ​ប្រើ​វិធី​សង្កត់​ដើមទ្រូង និង​ផ្លុំ​ដង្ហើម​តាម​មាត់ (CPR) បើសិនជា​ករណី​ចាំបាច់​។
 
​បញ្ឈប់​ការហូរ​ឈាម​
​ការបង្ការ​ការហូរ​ឈាម គឺជា​កត្តា​ដ៏​សំខាន់​មួយទៀត ក្នុងការ​សង្គ្រោះ​ជីវិត​ជនរងគ្រោះ​។ ចូរ​បញ្ឈប់​ការហូរ​ឈាម តាមរយៈ​ការ​សង្កត់​លើ​របួស​នោះ​ដោយផ្ទាល់​។ ចូរ​ប្រើ​កន្សែង ឬ​សម្លៀកបំពាក់​ក្រាស់​បន្តិច​គ្រប់ និង​រុំ​នៅ​កន្លែង​ដែល​ហូរឈាម​នោះ​។
 
​កាត់បន្ថយ​ការខូចខាត​ដល់​ឆ្អឹង​កង​ខ្នង​
​យក​ល្អ អ្នក​គួរតែ​កាត់បន្ថយ ការ​មាន​របួស​ដល់​ឆ្អឹង​កង​ខ្នង និង​ក្បាល ក្នុងករណី​ដែល​ការគ្រោះថ្នាក់​នោះ មានការ​ខូចខាត​ដល់​ឆ្អឹង​កង​ខ្នង ព្រោះ​វា​អាច​នាំ​ឲ្យ​មាន ពិការភាព​មួយជីវិត​បាន​។ ចូរ​ប្រាកដថា ក្បាល និង​ឆ្អឹងខ្នង​របស់​អ្នកជំងឺ ស្ថិតក្នុង​បន្ទាត់​មួយ​ស្មើរ​គ្នា​។ ចូរ​ទ្រ​ក្បាល និង​ក​របស់​ជនរងគ្រោះ​ផង បើសិនជា​ករណី​ចាំបាច់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com