ជាតិ
សម្តេច ហ៊ុន សែន៖ ត្រូវរក្សាសន្តិសុខឲ្យបាន ចាប់ពីការឃោសនា រហូតដល់ការបោះឆ្នោត
× ភ្នំពេញ៖ អំឡុងនៃការឃោសនាបោះឆ្នោត និងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ គឺជាកាលៈទេសៈដ៏ចាំបាច់ ដែលតម្រូវឲ្យកងកម្លាំងនគរបាលជាតិកម្ពុជា ត្រូវយកចិត្តទុកដាក់ឲ្យបានដិតដល់ ដើម្បីរក្សាសន្តិសុខ។ នេះ គឺជាប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលប្រាប់ទៅកងកម្លាំងនគរបាលជាតិកម្ពុជា។
ខណៈការឃោសនាបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នៅសល់តែមួយថ្ងៃទៀត ដែលនឹងចាប់ផ្តើមហើយនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រាប់ទៅកងកម្លាំងនគរបាលជាតិកម្ពុជា ឲ្យយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ សម្តេច ហ៊ុន សែន បានលើកឡើងដូច្នេះថា៖«ចាប់ពីថ្ងៃទី២0 ខែឧសភា រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១៧ គឺជាយុទ្ធនានៃការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ដូច្នេះកងកម្លាំងនគរបាលគ្រប់រូប ត្រូវលើកកម្ពស់ស្មារតីយកចិត្តទុកដាក់ក្នុងការធានាឲ្យបាននូវបរិយាកាសសន្តិសុខ សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ និងត្រូវអញ្ជើញទៅបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋឲ្យគ្រប់ៗគ្នា»។
បញ្ជារបស់សម្តេច ហ៊ុន សែន ខាងលើ គឺធ្វើឡើងតាមរយៈលិខិតជូនពរ ដែលផ្ញើទៅកាន់កងកម្លាំងនគរបាលទូទាំងប្រទេស នៅក្នុងទិវារម្លឹកខួបលើកទី៧២ នៃការកើតឡើងនូវកងកម្លាំងនគរបាលជាតិកម្ពុជា។ បើតាមលិខិតរបស់សម្តេច ហ៊ុន សែន កងកម្លាំងនគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងដោយព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥។
នៅក្នុងលិខិតនោះ សម្តេច ហ៊ុន សែន បានកោតសរសើរកងកម្លាំងនគរបាល ដែលបានខិតខំបំពេញការងារ ដោយទទួលបានជោគជ័យធំៗជាច្រើន ជូនប្រទេសជាតិ ដូចជាការបង្ក្រាបបទល្មើសផ្សេងៗ ការបង្ក្រាបគ្រឿងញៀន និងការទប់ស្កាត់មិនឲ្យបទឧក្រិដ្ឋកើនឡើង ជាដើម។ យ៉ាងណា សម្តេច ហ៊ុន សែន នៅតែជំរុញឲ្យកងកម្លាំងនគរបាល បន្តប្រឹងប្រែងបំពេញកិច្ចការ ប្រកបដោយមនសិការនិងវិជ្ជាជីវៈ ដើម្បីធានានូវស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ចំណែកឯ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំដល់កងកម្លាំងនគរបាលផងដែរ ដោយធ្វើយ៉ាងណា ត្រូវរក្សាភាពស្ងប់ស្ងាត់ឲ្យបាន នៅក្នុងអំឡុងនៃការឃោសនាបោះឆ្នោត ហើយរហូតដល់ថ្ងៃបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ត្រូវបានបញ្ចប់។ នេះបើតាមការចុះផ្សាយនៅក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
គេហរទំព័រនេះ បានឲ្យដឹងទៀតថា ការណែនាំរបស់លោក នេត សាវឿន គឺធ្វើឡើងក្នុងកិច្ចប្រជុំមួយ ជាមួយស្នងការនគរបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា រដ្ឋាភិបាលបានបង្កើត «គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍» ដើម្បីការពារសន្តិសុខនិងសណ្តាប់ធ្នាប់ នៅក្នុងដំណើរការនៃការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាអាណត្តិទី៤នេះ ។ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជាប្រធាន «គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍»។ កន្លងមកសម្តេច ស ខេង ធ្លាប់ប្រកាសថា «គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍» នឹងដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចប្រមាណជា៣ម៉ឺននាក់ នៅតាមការិយាល័យបោះឆ្នោត នៅទូទាំប្រទេស៕
Tag:
ឃោសនា
បោះឆ្នោតឃុំ-សង្កាត់
ហ៊ុន សែន
នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com