អន្តរជាតិ
អាស៊ាននិងចិនបញ្ចប់ការព្រាងក្របខណ្ឌនៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងមុនកំណត់
× អាស៊ាននិងចិនឯកភាពគ្នាទទួលយកសេចក្តីព្រាងក្របខណ្ឌនៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(draft framework for Code of Conduct) ក្រោយចំណាយពេលចរចានិងប្រឹក្សាយោបល់រួមគ្នាអស់ពេល១៥ឆ្នាំមកនេះ។ យ៉ាងណាមិញគេមិនទាន់បានឃើញខ្លឹមសារលម្អិតសេចក្តីព្រាងក្របខណ្ឌសម្រាប់ក្រមប្រតិបត្តិនេះទេ ខណៈដែលមន្ត្រីទូតមួយចំនួននៅបារម្ភពីបទបញ្ញត្តិដែលមានចែងក្នុងនោះផងព្រោះគេមិនដឹងថាវានឹងផ្តល់ទម្ងន់ដល់អាស៊ានកម្រិតណាក្នុងការដោះស្រយាបញ្ហាជម្លោះជាមួយចិននោះ។
ដំណើរការចរចានិងចងក្រងសេចក្តីព្រាងក្របខណ្ឌសម្រាប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ដែលគេទន្ទឹងរង់ចាំអស់ពេល១៥ ឆ្នាំមកនោះឈានមកដល់ទីបញ្ចប់ជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍ទី ១៨ ឧសភានៅក្នុងជំនួបនារវាងមន្ត្រីជាន់ខ្ពស់អាស៊ាននិងចិននៅទីក្រុងភាគខាងត្បូងរបស់ចិន Guiyang ។
មន្ត្រីជាន់ខ្ពស់មក ពីប្រទេសអាស៊ាននិងចិនខាងលើ ជួបពិភាក្សាគ្នានៅថ្ងៃ ១៨ ឧសភាម្សិលមិញនេះ នៅក្នុងកិច្ចប្រជុំលើកទី១៤ ដែលផ្តោតលើការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីភាគីសមុទ្រចិនខាងត្បូង (DOC)។
តាមសេចក្តីថ្លែងការណ៍រួមដែលដាក់ចេញក្រោយកិច្ចប្រជុំ តំណាងអាស៊ាន និងចិនបានឯកភាពគ្នារួចរាល់ហើយលើសេចក្តីព្រាងក្របខណ្ឌក្រមប្រតិបត្តិនេះ ហើយភាគីក៏ត្រៀមដាក់ស្នើទៅរដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិនដើម្បីត្រួតពិនិត្យនិងពិចារណាមើលដែរ។ ប៉ុន្តែគ្មានការបញ្ជាក់លម្អិតពីខ្លឹមសារ និងមាតិកានៃសេចក្តីព្រាងក្របខណ្ឌក្រមប្រតិបត្តិដែលនឹងក្លាយជាវិធានមានអនុភាពគតិយុត្តិសម្រាប់ភាគីជម្លោះសមុទ្រចិនខាងត្បូងអនុវត្តឡើយ។
«យើងសូមប្រកាសថា មន្ត្រីជាន់ខ្ពស់អាស៊ាននិងចិនបានសម្រេចការចរចាចងក្រងក្របខណ្ឌនៃក្រមប្រតិបត្តិហើយ មុនពាក់កណ្តាលឆ្នាំ ២០១៧ ដែលជាកាលបរិច្ឆេទដែលមេដឹកនាំអាស៊ាននិងចិនបានកំណត់ទៀត។ សេចក្តីព្រាងនេះនឹងត្រូវដាក់ទៅកាន់រដ្ឋមន្ត្រីការរបទេសដើម្បីពិចារណាបន្ថែមថាគួរគាំទ្រ ឬយ៉ាងណានោះ»។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តំណាងអាស៊ាននិងចិនបានប្រឹងប្រឹងពន្លឿនៃការចរចាគ្នាដើម្បីសម្រេចឲ្យបានត្រឹមតែ មិថុនា ហើយសេចក្តីព្រាងដែលគេឯកភាពគ្នានេះនឹងត្រូវសម្រេចដោយរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងកិច្ចប្រជុំមួយនៅខែសីហានៅក្រុងម៉ានីលខាងមុខ។
តាមពិតទៅក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងដែលត្រូវអាស៊ាននិងចិនស្នើឡើងនេះមានអនុភាពគតិយុត្តិដើម្បីចាប់បង្ខំគូភាគី ហើយក៏មានគោលដៅសំខាន់កែលម្អសេចក្តីថ្លែងការណ៍គូភាគីសមុទ្រចិនខាងត្បូងដែលសម្រេចបានពីឆ្នាំ ២០០២ ដែលជំរុញការគោរពច្បាប់សមុទ្រ (UNCLOS)ជាពិសេសធានាសេរីភាពនាវាចរណ៍ និងការហោះហើរ និងទប់ស្កាត់ការផ្ទុះជម្លោះជាដើមផង។
ថ្វីបើការសម្រេចបានសេចក្តីព្រាងក្របខណ្ឌសម្រាប់ក្រមប្រតិបត្តិនេះជាសមិទ្ធផលវិជ្ជមានក៏ដោយ មន្ត្រីការទូតអាស៊ានខ្លះបារម្ភថាមិនដឹងជាចិនស្មោះត្រង់កម្រិតណា ហើយអាស៊ានមានទឹកមាត់ប្រៃឬយ៉ាងណាក្នុងការបង្ខំឲ្យចិនគោរពបទបញ្ញត្តិដែលមានចែងនោះ។
មន្ត្រីខ្លះពិពណ៌នា សេចក្តីព្រាងក្រមប្រតិបត្តិនេះថាជាអ្វីដែលបង្កើតឡើងគ្រាន់តែឲ្យល្អមើលតែប៉ុណ្ណោះ ព្រោះវាមិនបង្ហាញឲ្យឃើញពីអ្វីដែលអាស៊ានបារម្ភពិតប្រាកដឡើយ។ នេះក៏ដោយសារ មកដល់បច្ចុប្បន្ន ទោះមានការស្នើឲ្យបញ្ឈប់ពីអាស៊ានក៏ដោយ ចិនតែបន្តគម្រោងរាតទីនៅសមុទ្រចិនខាងត្បូង កសាងកោះសិប្បនិម្មិតនិងសាងសង់សំណង់ស៊ីវិលនិងយោធានៅទីនោះដដែល និងបន្តលើកហេតុផលប្រវត្តិសាស្ត្រជាសម្អាងថែមទៀត៕
Tag:
អាស៊ាន
ចិន
ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com