ជាតិ
នយោបាយជាតិ
CPP និងCNRP ដង្ហែក្បួនឃោសនា លក្ខណៈទ្រង់ទ្រាយធំ សម្រាប់ការឃោសនាបោះឆ្នោត ថ្ងៃដំបូង
× ភ្នំពេញ៖ គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ រៀបចំក្បួនឃោសនានយោបាយជាលក្ខណៈទ្រង់ទ្រាយធំ នៅទូទាំងប្រទេស សម្រាប់ការឃោសនារកសន្លឹកឆ្នោតនៅថ្ងៃដំបូងនេះ។ គណបក្សទាំងពីរអំពាវនាវឲ្យ សកម្មជន និងអ្នកគាំទ្ររៀងៗខ្លួន ប្រកាន់យកឥរិយាបទអហិង្សា ក្នុងការឃោសនាបោះឆ្នោតនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងថា គណបក្សលោកនឹងរៀបចំអង្គមិទ្ទិញជួបជុំសមាជិក សមាជិកា និងសកម្មជន នៅតាមឃុំ-សង្កាត់នីមួយៗ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងសម្មិទ្ធផល ដែលរដ្ឋាភិបាលសម្រេចបានរយៈពេលជាង៣០ឆ្នាំកន្លងមក ។ ក្រៅពីនេះគណបក្សប្រជាជន ក៏នឹងមានការរៀបចំដង្ហែក្បួនក្នុងឃុំ-សង្កាត់ ទូទាំងប្រទេសផងដែរ ដើម្បីបំផុសស្មារតីឲ្យពលរដ្ឋគាំទ្រគណបក្ស។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដូច្នេះថា៖« យើងគោរពច្បាប់ស្តីពីការបោះឆ្នោតឃុំ-សង្កាត់។ ទី២ យើងគោរពគោលការណ៍នីតិវីធី ខ្លឹមសារ និងក្រមសីលធម៌របស់គជប ដែលបានកំណត់។ នៅថ្ងៃបើកក្បាលឃោសនានេះ យើងនឹងមានការរៀបចំអង្គមិទ្ទិញ ព្រោះវាចំថ្ងៃទី២០ ឧសភា ដែលជាថ្ងៃទិវាចងកំហឹង ក្រោយរួចផុតពីសង្គ្រាម ដើម្បីផ្សព្វផ្សាយពីគោលនយោបាយគណបក្ស និងសម្មិទ្ធផលរដ្ឋាភិបាលសម្រេចបាន។ ហើយយើងក៏ហែក្បួននៅក្នុងឃុំ-សង្កាត់រៀងៗខ្លួនទូទាំងប្រទេស។ ប៉ុន្តែមិនឲ្យមានការហែក្បួងឆ្លងឃុំ-សង្កាត់ ទេ ។ ចំណែកថ្ងៃបន្ទាប់មន្ត្រីយើងគ្រាន់តែចុះជួបពលរដ្ឋតាមផ្ទះផ្សព្វផ្សាយគោលនយោបាយធម្មតា»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចឲ្យគណបក្សនយោបាយឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២ មិថុនា។ ក្នុងអំឡុងពេល១៤ថ្ងៃនេះ គណបក្សទាំងអស់ អាចដង្ហែក្បួនឃោសនាបោះឆ្នោត បានត្រឹមពីរថ្ងៃប៉ុណ្ណោះ ។ គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ សុទ្ធតែសម្រេចយកថ្ងៃដង្ហែក្បួនឃោសនា នៅថ្ងៃដំបូង និងថ្ងៃបញ្ចប់សកម្មភាពឃោសនាដូចគ្នា។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺគណបក្សសង្គ្រោះជាតិ នឹងរៀបចំដង្ហែក្បួនទំនងជាឆ្លងឃុំ-សង្កាត់ ពីមួយទៅមួយ នៅទូទាំងប្រទេស ផ្ទុយពីបម្រាមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ត្រង់ចំណុចនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់ដូច្នេះថា៖«មូលហេតុដែលយើងហែក្បួនឃោសនាឆ្លង ឃុំ-សង្កាត់ គឺយើងបានជូនដំណឹងទៅ គ.ជ.ប រួចហើយ ។ ហើយបើមើលលើបម្រាម គ.ជ.ប បើយើងជូនដំណឹងប្រាប់គជបមុននោះ វាគឺមិនមានអ្វីដែលខុសច្បាប់ឡើយ»។
ជុំវិញបញ្ហានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលសេចក្ដីជូនដំណឹងពីគណបក្សសង្គ្រោះជាតិហើយ ។ ប៉ុន្តែ គ.ជ.ប មិនទាន់អាចវាយតម្លៃថា ការហែក្បួនរបស់គណបក្សសង្គ្រោះជាតិនេះ មានផលប៉ះពាល់យ៉ាងណានោះទេ ដោយរង់ចាំមើលទិដ្ឋភាពជាក់ស្ដែងនៃក្បួនដង្ហែនេះសិន។ អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ដូច្នេះថា៖ «គជប ឃើញថាយុទ្ធនាការបោះឆ្នោតឃុំសង្កាត់នេះតូចទេ ហើយបើហែក្បួនធំពេកក៏វាមិនកើតដែរ។ តែយើងក៏បានសម្រួលជាមួយអភិបាលរាជធានី ហើយចំពោះផ្លូវដែលសាលារាជធានីសុំមិនឲ្យហែក្បួននោះ ថាតើគួរទុកឲ្យគណបក្សប្រើប្រាស់ប៉ុន្មានមែត្រ សម្រាប់ហែក្បួនប៉ុន្មានដែរ។ ចំពោះក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិនេះ យើងចាំមើលលើទិដ្ឋភាពជាក់ស្ដែងសិន»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និងអ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានអំពាវនាវឲ្យសកម្មជន និងអ្នកគាំទ្ររៀងៗខ្លួន ប្រកាន់យកឥរិយាបទអហិង្សា បញ្ចៀសការឃោសនាបែបជេរប្រមាថ ជាលក្ខណៈបញ្ឆេះកំហឹង ដែលបង្កជាអំពើហិង្សា ក្នុងការឃោសនាបោះឆ្នោតនេះឡើយ៕
Tag:
CPP
CNRP
បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com