ជាតិ
គ.ជ.ប ព្រមានពិន័យប្រាក់ពី៥ទៅ២០លានរៀល ចំពោះអ្នកដែលបន្លំបោះឆ្នោតលើសពីមួយដង
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមានពិន័យប្រាក់ចន្លោះពី១០០០ដុល្លារ ទៅ៥០០០ដុល្លារ ចំពោះជនណាដែលចូលបន្លំបោះឆ្នោតលើសពីមួយដង។ វិធានការរបស់គជប នេះគឺដើម្បីផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីនយោបាយ ដែលមានការព្រួយបារម្ភពីភាពត្រឹមត្រូវរបស់គជប ពាក់ព័ន្ធនឹងបញ្ហាទឹកថ្នាំខ្មៅជ្រលក់ដៃ។
វិធានការទាំង៥ ដែលលោក ស៊ិក ប៊ុនហុក បានលើកឡើង ដើម្បីកុំឲ្យម្ចាស់ឆ្នោត និងអ្នកនយោបាយព្រួយបារម្ភ ពីដំណើរការបោះឆ្នោតនោះ គឺការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដល់អ្នកដែលមិនមានឬបាត់អត្តសញ្ញាណបណ្ណ, ពង្រឹងភារកិច្ចនៃលេខាធិការការិយាល័យបោះឆ្នោត, ណែនាំឲ្យលេខាធិការ គូសលើប្រអប់លេខរៀងនៃបញ្ជីបោះឆ្នោត, រម្លឹកដល់ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីឈ្មោះនៅក្នុងដៃ ឲ្យតាមដានមើលដំណើរការពិនិត្យផ្ទៀងផ្ទាត់ឯកសារប្រើប្រាស់សម្រាប់ការបោះឆ្នោតរបស់អ្នកបោះឆ្នោត និងព្រមានផាកពិន័យជាប្រាក់ពី ៥លានរៀល ដល់ ២០លានរៀល ចំពោះជនណា ដែលធ្វើឲ្យមានការភាន់ច្រឡំ ហើយនាំឲ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត។
ថ្លែងក្នុងសន្និសីទពិសោធន៍ទឹកថ្នាំជ្រលក់ដៃកាលពីថ្ងៃទី១៧ ឧសភា ប្រធានគ.ជ.បរូបនេះ សង្កត់ធ្ងន់ៗថា៖«ខ្ញុំគិតថា វិធានការ៥យ៉ាងនេះ សំខាន់ជាង (ទឹកខ្មៅ)។ វិធានការទាំងហ្នឹង ខ្ញុំឲ្យសារសំខាន់ជាង ហើយនឹងផ្សាយឲ្យបានទូលំទូលាយជាង។ វិធានការទាំងហ្នឹង ធ្វើឲ្យអ្នកដែលចង់ (បន្លំបោះឆ្នោតលើសពីម្តង) មិនហ៊ានប្រថុយប្រថានទេ»។
សូមបញ្ជាក់ថា គ.ជ.ប បានចំណាយថវិកាចំនួន ៧.៩ ម៉ឺនដុលា្លរ ដើម្បីទិញទឹកខ្មៅចំនួន ៤៦៥០០ ដប ពីក្រុមហ៊ុននៃប្រទេសឥណ្ឌា៕
Tag:
គ.ជ.ប
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com