ជាតិ
 គ​.​ជ​.​ប ព្រមាន​ពិន័យ​ប្រាក់​ពី​៥​ទៅ​២០​លាន​រៀល ចំពោះ​អ្នក​ដែល​បន្លំ​បោះឆ្នោត​លើសពី​មួយដង​
20, May 2017 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ព្រមាន​ពិន័យ​ប្រាក់​ចន្លោះ​ពី​១០០០​ដុល្លារ ទៅ​៥០០០​ដុល្លារ ចំពោះ​ជន​ណា​ដែល​ចូល​បន្លំ​បោះឆ្នោត​លើសពី​មួយដង​។ វិធានការ​របស់​គជ​ប នេះ​គឺ​ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​គ្រប់ភាគី​នយោបាយ ដែលមាន​ការព្រួយបារម្ភ​ពី​ភាពត្រឹមត្រូវ​របស់​គជ​ប ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ដៃ​។ 



​វិធានការ​ទាំង​៥ ដែល​លោក ស៊ិ​ក ប៊ុន​ហុក បានលើកឡើង ដើម្បី​កុំ​ឲ្យ​ម្ចាស់ឆ្នោត និង​អ្នកនយោបាយ​ព្រួយបារម្ភ ពី​ដំណើរការ​បោះឆ្នោត​នោះ គឺ​ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត ដល់​អ្នក​ដែល​មិនមាន​ឬ​បាត់​អត្តសញ្ញាណ​បណ្ណ​, ពង្រឹង​ភារកិច្ច​នៃ​លេខាធិការ​ការិយាល័យ​បោះឆ្នោត​, ណែនាំ​ឲ្យ​លេខាធិការ គូស​លើ​ប្រអប់លេខ​រៀង​នៃ​បញ្ជី​បោះឆ្នោត​, រម្លឹក​ដល់​ភ្នាក់ងារ​គណបក្សនយោបាយ ដែលមាន​បញ្ជី​ឈ្មោះ​នៅក្នុង​ដៃ ឲ្យ​តាមដាន​មើល​ដំណើរការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​របស់​អ្នកបោះឆ្នោត និង​ព្រមាន​ផាកពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ដល់ ២០​លាន​រៀល ចំពោះ​ជន​ណា ដែល​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ ហើយ​នាំ​ឲ្យ​បាត់បង់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​។
​ថ្លែង​ក្នុង​សន្និសីទ​ពិសោធន៍​ទឹក​ថ្នាំ​ជ្រលក់​ដៃ​កាលពី​ថ្ងៃទី​១៧ ឧសភា ប្រធាន​គ​.​ជ​.​ប​រូបនេះ សង្កត់ធ្ងន់ៗ​ថា​៖«​ខ្ញុំ​គិតថា វិធានការ​៥​យ៉ាងនេះ សំខាន់​ជាង (​ទឹកខ្មៅ​)​។ វិធានការ​ទាំង​ហ្នឹង ខ្ញុំ​ឲ្យ​សារសំខាន់​ជាង ហើយនឹង​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ជាង​។ វិធានការ​ទាំង​ហ្នឹង ធ្វើ​ឲ្យ​អ្នក​ដែល​ចង់ (​បន្លំ​បោះឆ្នោត​លើសពី​ម្តង​) មិន​ហ៊ាន​ប្រថុយប្រថាន​ទេ​»​។​  
​សូមបញ្ជាក់ថា​ ​គ​.​ជ​.​ប បាន​ចំណាយ​ថវិកា​ចំនួន ៧.៩ ម៉ឺន​ដុ​លា្ល​រ ដើម្បី​ទិញ​ទឹកខ្មៅ​ចំនួន ៤៦៥០០ ដប​ ​ពី​ក្រុមហ៊ុន​នៃ​ប្រទេស​ឥណ្ឌា​៕  

Tag:
 គ​.​ជ​.​ប​
  ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com