ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ ដើរ​ចែក​ខិតប័ណ្ណ​​តាមផ្លូវ​សាធារណៈ​បាន​
20, May 2017 , 1:05 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) សម្រេច​អនុញ្ញាត​ឲ្យ​គ្រប់​គណបក្សនយោបាយ​ទាំង​១២ ដើរ​ចែក​ខិតប័ណ្ណ​តាម​ផ្ទះ និង​តាមផ្លូវ​សាធារណៈ​បាន ក្នុងអំឡុងពេល​ឃោសនា​នេះ​។


 
​អ្នកនាំពាក្យ​គជប លោក ហង្ស ពុទ្ធា បាន​ឲ្យ​ដឹងថា គ​.​ជ​.​ប បាន​បើក​កិច្ចប្រជុំ​លើ​សំណើរ​សុំ​ចែក​ខិតប័ណ្ណ​ហើយ ឃើញថា​មិនមាន​បញ្ហា​អ្វី​ចោទ ដែល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​នោះទេ ទើប​គជប សម្រេច​ឲ្យ​គណបក្សនយោបាយ​អាច​ចែក​ខិតប័ណ្ណ​តាម​សាធារណៈ​បែបនេះ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ គ​.​ជ​.​ប រូបនេះ បាន​បញ្ជាក់ថា​៖«​បើ​គណបក្ស​ណា​ចង់​ឃោសនា​ចែក​ខិតប័ណ្ណ​នោះ ពួកគេ​គ្រាន់តែ​ជូនដំណឹង​ទៅ​អាជ្ញាធរ ឬ​គណៈកម្មាធិការ​រៀបចំ​បោះឆ្នោត ឃុំ​-​សង្កាត់ ឬ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​រាជធានី​-​ខេត្ត ទៅបាន​ហើយ​។ ហើយ​បើ​មានការ​ស្នើសុំ​ហើយ​តែ​មិនមាន​ការអនុញ្ញាត​នោះ ពួកគេ​អាច​ជូនដំណឹង​មក គ​.​ជ​.​ប បាន​»​។​
 
​តែ​យ៉ាងណា​ក្រោយពី​បញ្ចប់​ការឃោសនាបោះឆ្នោត ស្លាក​សញ្ញា​គណបក្សនយោបាយ ដែល​ស្ថិតនៅក្នុង​រង្វង់​១០០​ម៉ែត្រ ពី​ការិយាល័យ​បោះឆ្នោត ត្រូវ​យកចេញ​យ៉ាងយូរបំផុត​នៅ​ថ្ងៃ​បញ្ចប់​ការឃោសនាបោះឆ្នោត លើកលែងតែ​ស្លាក​សញ្ញា​ដែល​មាននៅ​ទីស្នាក់ការ​អចិន្ត្រៃយ៍​របស់​គណបក្ស​នយោបាយ ដែល​ត្រូវ​គ្រប​ឬ​បិទបាំង​។ ហើយ​គណបក្ស​ក៏ត្រូវ​ប្រមូល​មកវិញ​ទាំងអស់ នូវ​ស្លាក​សញ្ញា សម្ភារៈ​និង​ខិតប័ណ្ណ ពី​គ្រប់​ទីកន្លែង​សាធារណៈ​ក្នុង​រយៈពេល​១៥​ថ្ងៃ​បន្ទាប់ ពីថ្ងៃ​បោះឆ្នោត ។ ទាំងនេះ​ជាការ​ណែនាំ​របស់ គ​.​ជ​.​ប ដែល​បាន​បង្គាប់​ឲ្យ​គណៈកម្មការ​ឃុំ -​សង្កាត់ រៀបចំ​ការបោះឆ្នោត និង​អាជ្ញាធរ​ដែនដី សហការគ្នាជាមួយ​គណ​បក្សនយោបាយ​ឲ្យ​បាន​ត្រឹមត្រូវ ដែល​ប្រកបដោយ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សោ​ភ័​ណ្ឌ​ភាព​សាធារណៈ​៕
 
 
 
 

Tag:
 គជប​
 ​បោះឆ្នោត ឃុំ​-​សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com