ជាតិ
នយោបាយជាតិ
លោក យ៉ង សាំងកុមារ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លើកទី ១ ក្នុងជីវិត លោក យ៉ង សាំងកុមារ ជិះលើរថយន្តឃោសនារកសំឡេងឆ្នោត
× បណ្ឌិតផ្នែកកសិកម្ម លោក យ៉ង សាំងកុមារ នៅថ្ងៃនេះ បានដឹកនាំការឃោសនារបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅក្នុងឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ។ លោក កុមារ រំភើបយ៉ាងខ្លាំងនៅពេលដែលខ្លួនកាន់ឧគ្ឃោសនសព្ទ ប្រកាសស្វែងការគាំទ្រជូនបេក្ខជនគណបក្ស ពីព្រោះសកម្មភាពនេះជាលើកទី ១ ក្នុងជីវិតរបស់លោក។
អតីតប្រធានអង្គការសេដាក លោក យ៉ង សាំងកុមារ បានចេញឃោសនារកសំឡេងឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤ នេះ។ លោក កុមារ សោមនស្សយ៉ាងខ្លាំង នៅក្នុងយុទ្ធនាការឃោសនា លើកដំបូងក្នុងជីវិតរបស់ខ្លួនពេលនេះ។ ប្រធានកម្មវិធីពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋាននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន រូបនេះ បញ្ជាក់យ៉ាងប្រាប់សារព័ត៌មានថ្មីៗបែបនេះថា៖« ខ្ញុំរំភើបណាស់ នៅពេលឃើញអ្នកគាំទ្រគណបក្សយើងច្រើនគួរសមចូលរួម បើទោះបីជាគណបក្សយើងតូចក្តី។ ការឃោសនាបែបនេះ ជាលើកទី ១ ហើយនៅក្នុងជីវិតរបស់ខ្ញុំ ដែលធ្វើឲ្យអារម្មណ៍ខ្ញុំប្លែក និងរំភើបមែនទែន»។
នៅថ្ងៃទី ២០ ឧសភា នេះ លោក យ៉ង សាំងកុមារ បានជិះលើរថយន្តកាន់ឧគ្ឃោសនសព្ទស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ។ សារសំខាន់របស់លោក កុមារ ទៅកាន់ប្រជាពលរដ្ឋនៅក្នុងឃុំនេះ គឺបោះឆ្នោតឲ្យបេក្ខជនគណបក្សមូលដ្ឋាន គណបក្សនេះ នឹងអភិវឌ្ឍមូលដ្ឋាន ជួយឲ្យជីវភាពប្រជាជនរីកចម្រើន។ ជាងនេះទៅទៀត លោកក៏លើកឡើង ពីគោលនយោបាយធ្វើឲ្យមានមនុស្សល្អប្រាំយ៉ាង ដើម្បីបម្រើប្រជាជន គឺមេភូមិ
មេឃុំល្អ គ្រូបង្រៀនល្អ គ្រូពេទ្យល្អ គ្រូកសិកម្មល្អ និងនគរបាលល្អ។
បើតាមលោក យ៉ង សាំងកុមារ នៅថ្ងៃទី ២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ លោកនឹងទៅឃោសនានៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាទីកន្លែងកំណើតរបស់លោក៕
Tag:
យ៉ង សាំងកុមារ
បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com