កីឡាជាតិ
ជាតិ
 លោក ព្រំ ប៊ុណ្ណ​យី​៖ ប្រភេទ​កីឡា​នៅតាម​សាលា​នឹងចូលរួម​ប្រកួត​គ្រប់​ព្រឹត្តិការណ៍​អន្តរជាតិ​
20, May 2017 , 4:39 pm        
រូបភាព
លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា
លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា និង​ចម្រាញ់​ធនធាន​ថ្នាល​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​បានកំណត់​ថា ចាប់ពី​ឆ្នាំ​២០១៧ នេះ​ទៅ រាល់​ប្រភេទ​កីឡា​ដែលមាន​នៅតាម​សាលា​ចាប់ពី​កម្រិត​មធ្យមសិក្សា នឹងចូលរួម​ប្រកួត​គ្រប់​ព្រឹត្តិការណ៍​អន្តរជាតិ​ក្របខណ្ឌ​សិស្ស​ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក​។ លើសពីនេះ​ថ្នាក់​ដឹក​កីឡា​កម្ពុជា ជំរុញ​ឲ្យ​គ្រប់​បណ្តា​សាលា​របស់​រដ្ឋ​ទាំងអស់​ត្រូវមាន​ទីលាន​កម្រិតស្តង់ដា​អន្តរជាតិ​។


 
​ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក ព្រំ ប៊ុណ្ណ​យី បាន​បញ្ជាក់ថា ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ដោយ​កំណត់​ចាប់ពី​ឆ្នាំ​២០១៧ នេះ​តទៅ នឹង​បញ្ជូន​ប្រភេទ​កីឡា​នៅតាម​សាលា​រដ្ឋ​ចាប់ពី​កម្រិត​មធ្យមសិក្សា ឲ្យ​ចូលរួម​ប្រកួត​គ្រប់​ព្រឹត្តិការណ៍​អន្តរជាតិ​ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក​។ ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា ក៏​បាននិងកំពុង​ត្រៀម​រៀបចំ​ឲ្យ​មានការ​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​ចាប់​កម្រិត​បឋមសិក្សា​ផងដែរ​។
 
​ការដាក់ចេញ​ផែនការ​បែបនេះ គឺ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា ក៏ដូចជា​សមត្ថភាព​ធ​ន​ធាន​ថ្នាល​ឲ្យ​កាន់តែ​មានការ​រីកចម្រើន ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុងការ​ចម្រាញ់​ធនធាន ដែលមាន​សមត្ថភាព សម្រាប់​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ​ទៀត​។
​ថ្លែង​ក្នុង​អង្គ​មហាសន្និបាត​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា កាលពីពេល​ថ្មីៗ​លោក ព្រំ ប៊ុណ្ណ​យី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ប្រភេទ​កីឡា​នៅក្នុង​សាលារៀន​ទាំងអស់​ចាប់ពីពេលនេះ​តទៅ នឹងចូលរួម​គ្រប់ការ​ប្រកួត​ជា​លក្ខណ​អន្តរជាតិ​(​ក្របខណ្ឌ​សិស្ស​)»​។
​លោ​ន​បាន​បន្តថា ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​បានធ្វើការ​កែទម្រង់​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​នៃ​ការប្រកួត ក្នុងនោះ​ថ្នាក់ដឹកនាំ​កីឡា​បាន​ជំរុញ​ឲ្យ​គ្រប់​បណ្តា​សាលា​រដ្ឋ​ទាំងអស់​ត្រូវមាន​ទីលាន​ស្តង់ដា​កម្រិត​អន្តរជាតិ ដើម្បី​ផ្តល់​ជា​កន្លែង​ហ្វឹកហាត់​សម្រាប់​កីឡាករ និង​រៀបចំ​ការប្រកួត​ជើងឯក​ផ្សេងៗ​នៅតាម​សាលា​នីមួយ​។
​ជាក់ស្តែង​នៅក្នុង​អំឡុង​ខែកក្កដា ខាងមុខនេះ ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​បញ្ជូន​កីឡា​៥​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ School Games នៅ​ប្រទេស​សិង្ហ​បុរី​។ កីឡា​ទាំងនោះ​រួមមាន វាយ​កូនឃ្លី​លើ​តុ វាយ​កូន​បាល់ វាយ​សី អត្តពលកម្ម និង​ហែល​ទឹក​៕

Tag:
 ​ព្រំ ប៊ុណ្ណ​យី​
  កីឡា​នៅតាម​សាលា
© រក្សាសិទ្ធិដោយ thmeythmey.com