ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ទទូចចង់រៀបការស្របច្បាប់
20, May 2017 ,
5:39 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ អ្នកស្រឡាញ់ភេទដូចគ្នា បានស្នើឲ្យក្រសួងយុត្តិធម៌ ជួយកែសម្រួលច្បាប់អាពាហ៍ពិពាហ៍ ដើម្បីអនុញ្ញាតឲ្យពួកគេអាចរៀបការជាមួយគ្នាបានដោយស្របច្បាប់។ ឯតំណាងក្រសួងយុត្តធម៌ បានអះអាងថា មុននឹងចេញច្បាប់នេះ គឺត្រូវមានការសិក្សាឲ្យបានលម្អិតជាមុនសិន ដើម្បីការពារកុំឲ្យមានបញ្ហាចំពោះពលរដ្ឋទូទៅ ដែលអាចកើតឡើងពីការកែប្រែច្បាប់នេះ។
កាលពីថ្ងៃទី១៧ ខែឧសភា អ្នកស្រឡាញ់ភេទដូចគ្នា រួមមាន៖បុរសស្រឡាញ់បុរស នារីស្រឡាញ់នារី បានមកជួបជុំគ្នា ដើម្បីចូលរួមកិច្ចពិភាក្សាស្វែងរកការគាំទ្រសប្តាហ៍មោទនភាព និងទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា នៅភោជនីយដ្ឋានទន្លេបាសាក់២ក្នុងរាជធានីភ្នំពេញ។
ទន្ទឹមនឹងចំនួនអ្នកស្រឡាញ់ភេទដូចគ្នា បានកើនឡើងរហូតជាង៦ពាន់គូនៅកម្ពុជា ពួកគេក៏បានចងក្រងគ្នា ដើម្បីធ្វើយុទ្ធនាការ ឬតស៊ូមតិគ្រប់រូបភាព ដើម្បីទាមទារសិទ្ធិរបស់ខ្លួន និងកែប្រែផ្នត់គំនិតពលរដ្ឋនៅកម្ពុជា កុំឲ្យមានការរើសអើងពួកគេបន្តទៀត។ លើសពីនេះ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក៏ស្នើឲ្យក្រសួងយុត្តិធម៌ ជួយធ្វើវិសោធនកម្មច្បាប់អាពាហ៍ពិពាហ៍ ដើម្បីឲ្យពួកគេអាចរៀបការជាមួយគ្នាបានផងដែរ។
លោក ឈុំ វី ជនបង្គោលបណ្ដាញចតុមុខBC បាននិយាយថា បច្ចុប្បន្ន ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ត្រូវបានកាត់បន្ថយបានខ្លះដែរ ប៉ុន្តែ សិទ្ធិមួយចំនួនទៀត លោក និងមិត្តភក្តិ មិនទាន់ទទួលបាននៅឡើយទេ។
លោក វី ជាអ្នកស្រឡាញ់ភេទដូចគ្នាដែរនោះ និយាយបែបនេះថា៖«ខ្ញុំខំទាមទារឲ្យមានច្បាប់រៀបការ ពីព្រោះ ពួកគេ រួមទាំងខ្ញុំផង ក៏ជាមនុស្សដែរ។ បើមនុស្សស្រីប្រុសគេអាចរៀបការបាន ចុះហេតុអ្វីច្បាប់ព្រងើយកន្តើយជាមួយពួកខ្ញុំ»។
ដៃម្ខាងស្ពាយការបូប និងមានសក់វែងផងនោះ អ្នកខេត្តព្រៃវែងរូបនេះ បានត្អួញត្អែរថា បច្ចុប្បន្នក្រុមអ្នកស្រឡាញ់ភេទដូចគ្នា មិនអាចរស់នៅជាមួយគ្នាដោយស្របច្បាប់ ដែលជាហេតុធ្វើឲ្យពួកគេមានផលលំបាកជាច្រើន។ លោក ឈុំ វី បញ្ជាក់យ៉ាងដូច្នេះទៀតថា៖«បើប្រុសស្រីធម្មតា គេអាចមានកូនចិញ្ចឹមពេលខ្លួនចាស់ តែពួកខ្ញុំពេលចាស់ទៅ គ្មានកូនចិញ្ចឹមនោះទេ ព្រោះ ពួកខ្ញុំមានភេទដូចគ្នាមិនអាចបង្កើតកូនបានទេ ប៉ុន្តែបើច្បាប់ទទួលស្គាល់ឲ្យយើងអាចរៀបការបាន យើងនឹងមានសិទ្ធិសុំកូនកំព្រាដទៃ មកចិញ្ចឹមបាន»។
ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ ដែលចូលជាធរមានកាលពី ឆ្នាំ ១៩៨៩ ត្រង់ជំពូកទី២ មាត្រា ៣ បានចែងថា៖«អាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាដ៏ឱឡារិកមួយ ធ្វើឡើងដោយបុរសម្នាក់ និងស្ត្រីម្នាក់ ដែលប្តេជ្ញាថា ខ្លួននិងរួមសមគ្គសង្វាសជាមួយគ្នាតាមបញ្ញត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួន»។
លោក ស្រ៊ុន ស្រ៊ន ប្រធានអង្គការអនាគតយុវជនអាស៊ាន ដែលធ្វើការងារលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាជាង១២ឆ្នាំមកហើយនោះ បានថ្លែងថា បច្ចុប្បន្ន អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាមានជាង៦ពាន់គូ។ តាមការស្រាវជ្រាវរបស់អង្គការមួយនេះ ដែលកំណត់យក អ្នកដែលរស់នៅជាមួយគ្នាអស់រយៈ១០ ឆ្នាំឡើងទៅ បានរកឃើញថា ជាទូទៅ ពួកគេមិនត្រូវបានឪពុកម្តាយទទួលស្គាល់ឡើយ ព្រមទាំងរងគំនាបពីគ្រួសារ ដោយគ្រួសារខ្លះ បានចាប់ចង ស្រោចទឹក និងបញ្ចូលទៅព្យាបាលនៅវៀតណាមជាដើម ដោយយល់ថា អ្នកស្រឡាញ់ភេទដូចគ្នា គឺជាមនុស្សឆ្កួត។ «ឪពុកម្តាយក៏មិនទទួលស្គាល់ ច្បាប់ក៏មិនការពារ ដូច្នេះ បើនៅតែរង់ចាំរដ្ឋធម្មនុញ្ញដូរ តើអ្នកស្រឡាញ់ភេទដូចគ្នាទាំង៦ពាន់គូ រស់នៅយ៉ាងម៉េច? ពួកគេមានការលំបាកខ្លាំងណាស់ ដែលរស់នៅក្នុងសង្គមមួយដែលគ្មានច្បាប់ការពារ»។
លោក តេង សុម៉ារិទ្ធ តំណាងក្រសួងយុត្តិធម៌ ដែលមកចូលរួមក្នុងកម្មវិធីខាងលើនេះ បានថ្លែងថា នៅក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ និងសំបុត្រកំណើត គឺមានតែភេទប្រុសនិងភេទស្រី។ លោកបន្ថែមថា ច្បាប់អាពាហ៍ពិពាហ៍ ក៏មិនអនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការបានដែរ។ លោកពន្យល់ថា ច្បាប់ដែលមិនអនុញ្ញាតឲ្យពួកគេអាចរៀបការបាន គឺជាឧបសគ្គនៃការសុំកូនទៅចិញ្ចឹម និងការចែកទ្រព្យសម្បត្តិគ្នាផងដែរ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«បើសិនជាចង់ឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នានៅកម្ពុជាអាចទៅមុខរួច ទាល់តែធ្វើវិសោធនកម្មច្បាប់ជាច្រើន»។
សូមស្តាប់ការពន្យល់របស់លោក តេង សុម៉ារិទ្ធ ខាងក្រោមនេះ៖
ទាក់ទងនឹងបញ្ហានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការកែប្រែច្បាប់នេះ គឺមិនមែនជាការងាយស្រួលឡើយ ពីព្រោះ ត្រូវកែរដ្ឋធម្មនុញ្ញមុន រួចកែច្បាប់ផ្សេងៗទៀត។ លោករដ្ឋមន្ត្រី បន្តថា ដ្បិតមិនទាន់មានច្បាប់អនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបការបាន ប៉ុន្តែ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាជាច្រើនឆ្នាំមកហើយ។
លោករដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះថា៖«កន្លងមក ក្រសួងព័ត៌មានធ្វើសេចក្តីណែនាំមួយដល់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់ កុំឲ្យពិធីករ ឬពិធីការនី និយាយចំអកឡកឡាយដល់ភេទទី៣។ ក្នុងនោះ ក្រសួងក៏បានបង្កើតគណៈកម្មការមួយសម្រាប់ពិនិត្យ និងទទួលពាក្យបណ្តឹង ពីព្រោះ បើពលរដ្ឋស្តាប់ឮពិធីករណាមួយ បង្អាប់ចំអកឲ្យភេទទី៣ គណៈកម្មការនេះ នឹងទទួលដំណឹងរបស់ពួកគាត់ ដើម្បីណែនាំ អប់រំ ឬហាមមិនឲ្យឡើងប៉ុស្តិ៍ទូរទស្សន៍ទៀត»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អ្នកស្រឡាញ់ភេទដូចគ្នា
ច្បាប់អាពិពាហ៍ពិពាហ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
17 ម៉ោង
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
2 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
5 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
6 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម