ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំមើលងាយការខ្សោះជាតិទឹកឲ្យសោះណា ព្រោះវាអាចធ្វើឲ្យខ្សោយតម្រងនោមបាន
× កាលណាអាកាសធាតុក្តៅ ហើយអត់សូវញ៉ាំទឹកបានច្រើនទៀត វាពិតជាងាយធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួនណាស់។ ខណៈពេលការខ្សោះជាតិទឹកមានច្រើនកម្រិត ស្រួចស្រាវ ឬធ្ងន់ធ្ងរ វាសុទ្ធតែអាចបង្កជាផលវិបាកច្រើន ហើយក្នុងនោះក៏មានការខ្សោយតម្រងនោមដែរ។ តម្រងនោមគឺជាសរីរាង្គដ៏សំខាន់មួយដែលមាននាទីច្រោះជាតិទឹកក្នុងរាងកាយ ជាពិសេសបញ្ចេញជាតិពុល និងសារធាតុគ្រោះថ្នាក់ពីក្នុងឈាម។ តម្រងនោមក៏ជាអ្នកសម្រួលដល់ចំនួនជាតិទឹកក្នុងឈាមតាមរយៈការបញ្ចេញជាតិទឹកដែលលើស និងទាញទឹកបន្ថែមវិញដើម្បីបង្ការការខ្សោះជាតិទឹកតាមរយៈការកំណត់ចំនួនទឹកនោមដែលត្រូវផលិត។
ការខ្សោយរបស់តម្រងនោម កើតឡើងនៅពេលដែលវាបាត់បង់សមត្ថភាពច្រោះទឹកនោម និងកាកសំណល់ចេញពីឈាម។ ការកើនឡើងនៃជាតិពុលជាច្រើន វាធ្លាប់តែត្រូវបានបានបញ្ចេញចោលដោយតម្រងនោមនោះ អាចបង្កជាគ្រោះថ្នាក់ជាច្រើនដល់សុខភាពបាន។ ក្រោយមក ការខ្សោយតម្រងនោមស្រួចស្រាវក៏អាចកើតឡើងបានយ៉ាងលឿនដែរ។
ការខ្សោះជាតិទឹកគឺជាអាការៈមួយដែលបណ្តាលមកពីការបាត់បង់ជាតិទឹកពីក្នុងខ្លួនច្រើនពេកតាមរយៈជំងឺជាច្រើនដូចជា រាករូស បែកញើស ឬនោម ហើយវាក៏ជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធនឹងការខូចតម្រងនោមស្រួចស្រាវផងដែរ។ ការខ្សោះជាតិទឹកអាចបណ្តាលឲ្យកើនឡើងកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាម ដែលវាអាចបំផ្លាញតម្រងនោមបាន។ យ៉ាងណាមិញ ការខ្សោះជាតិទឹកក៏អាចដោយសារតែបាត់បង់ទាំងជាតិទឹក និងអំបិលពីក្នុងខ្លួនច្រើនដែរ។ ម្យ៉ាងវិញទៀត ការខ្សោះជាតិទឹកគឺមានឥទ្ធិពលច្រើនណាស់ចំពោះតម្រងនោម ដែលវាគ្រប់គ្រាន់នឹងបង្កជាអាការៈជំងឺខ្សោយតម្រងនោមណាស់។
ចំពោះការខ្សោះជាតិទឹករ៉ាំរ៉ៃវិញ អាចប៉ះពាល់ដល់មុខងារតម្រងនោម និងប្រឈមកាន់តែខ្លាំងនឹងគ្រួសក្នុងតម្រងនោមទៀត។ ការខ្សោះជាតិទឹកបែបនេះក៏អាចកើតឡើងដោយសារតែជំងឺផ្សេងៗជាច្រើនទៀតដែរដូចជា ការបាត់បង់ជាតិទឹកតាមរយៈផ្លូវក្រពះពោះវៀន រលាកសួត ស្ទះពោះវៀន និងការខូចខាតអ្វីមួយថ្មីក្នុងរាងកាយ។ យ៉ាងណាមិញ បើសិនជារាងកាយមិនអាចបំពេញជាតិទឹកវិញលឿនទេ វាក៏អាចបណ្តាលឲ្យមានជំងឺតម្រងនោមផ្សេងៗជាច្រើនទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com