ជាតិ
​​​ន​យោ​បាយ​ជាតិ​
 លោក ហ៊ុន ម៉ា​នី​៖«​បក្ស​ប្រជាជន​កម្ពុ​ជាមាន​ទម្លាប់​ដឹកនាំ ដើម្បី​ប្រទេសជាតិ​»
20, May 2017 , 2:58 pm        
រូបភាព
​ឧដុង្គ​៖ គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ព្រះ​ស្រែ​នៃ​ស្រុក​ឧដុង្គ​បាន​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់​ក្រោម​វត្តមាន​លោក ហ៊ុន ម៉ា​នី​។ ការ​រំ​ឮ​ក និង​រំលេច​សមិទ្ធផល នៅតាម​ភូមិ​ឃុំ ដូចជា​ផ្លូវ ស្ពាន សាលារៀន និង​ការពង្រឹង​សេវាសាធារណៈ ព្រមទាំង​ស្ថិរភាព និង​សន្តិភាព គឺជា​សារ​ឃោសនា​សំខាន់ ដែល​លោក ហ៊ុន ម៉ា​នី ចង់​ឲ្យ​សមាជិក​គណបក្ស​ពន្យល់​ពលរដ្ឋ​អ្នកបោះឆ្នោត​។

 
​នៅ​ព្រឹក​ថ្ងៃទី​២០​ខែឧសភា​នេះ នៅក្នុង​ទីធ្លា​ការិយាល័យ​គណបក្ស​ប្រជាជន​កម្ពុជា​នៃ​ឃុំ​ព្រះ​ស្រែ​ក៏​អ៊ូអរ ដូច​នៅតាម​ទីស្នាក់ការ​គណបក្សនយោបាយ​នានា​នៅ​ទូទាំងប្រទេស​ដែរ​។ សមាជិក និង​សកម្មជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឃុំ​ព្រះ​ស្រែ​ប្រមាណ​៣០០​នាក់​​ដោយ​ពាក់អាវ​យឺត​ពណ៌​ស និង​មួក​ពណ៌​ស​ដែលមាន​ស្លាក​សញ្ញា​ទេវតា បាន​អង្គុយ​ជុំគ្នា​នៅក្រោម​រោង​ធំ​មួយ​នៅ​ពីមុខ​វេទិកា​ដែលមាន​ផ្ទាំង​អក្សរ​សរសេរថា «​អបអរសាទរ​ពិធី​បើក​យុទ្ធនា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤»​។​

​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្នាក់មូលដ្ឋាន​នៅក្នុង​ឃុំ​ព្រះ​ស្រែ​នៃ​ស្រុក​ឧដុង្គ​ក្នុង​ខេត្តកំពង់ស្ពឺ ត្រូវបាន​ប្រកាស​បើក​ដោយ​លោក ហ៊ុន ម៉ា​នី ដែលជា​អនុប្រធាន​ទីមួយ​នៃ​ក្រុមការងារ​ថ្នាក់កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្តកំពង់ស្ពឺ​។​

​ពិធី​ផ្លូវការ​បានចាប់ផ្តើម​។ លោក នួន ផា​រ័ត្ន ប្រធាន​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ព្រះ​ស្រែ​បាន​អាន​សារ​របស់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ផ្តោតទៅលើ​សមិទ្ធផល​ដែល​រដ្ឋាភិបាល​សម្រេចបាន​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។​



​ការជួបជុំ​ត្រូវបាន​រៀបចំ​នៅក្បែរ​ផ្លូវជាតិ​៤៤ ដែលមាន​រថយន្ត​តូចធំ​បរ​ក្នុង​ល្បឿន​លឿន​ទៅវិញទៅមក ហើយ​ក៏មាន​រថយន្ត​ឃោសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​បំពង​សំឡេង​ចម្រៀង​លើកតម្កើង​គណបក្ស​ខ្លួន បរ​ឆ្លងកាត់​ការជួបជុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះដែរ​។ ប៉ុន្តែ​សមាជិក និង​សកម្មជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​អាច​ឮ​សំឡេង​របស់លោក ផា​រ័ត្ន ដែល​អាន​សារ​សម្តេច ហ៊ុន សែន ចេញពី​មីក្រូ​ចំនួន​ពីរ​ដែល​បែរ​ទៅរក​ពួកគេ យ៉ាង​ដូច្នេះ​៖«​ដំណើរការ​កែទម្រង់រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ បានធ្វើ​ឲ្យ​រដ្ឋបាល​ឃុំ​សង្កាត់ កាន់តែ​មានលទ្ធភាព​ផ្តល់​សេវាសាធារណៈ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ រាប់ពាន់​គម្រោង​ក្នុង​មួយឆ្នាំៗ ដូចជា ផ្លូវ ស្ពាន ស្រះ​ទឹក ប៉ុស្តិ៍​សុខភាព និង​ការផ្តល់សេវា​សង្គម​ផ្សេងៗ ដែល​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​មូលដ្ឋាន និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជា​បន្តបន្ទាប់​»​។​

​សមិទ្ធផល​ទាំងអស់​នេះហើយ​ដែល​លោក ហ៊ុន ម៉ា​នី បានបញ្ជាក់​ប្រាប់​សមាជិក​គណបក្ស​ក្នុង​ឃុំ​ព្រះ​ស្រែ​ថា វា​ជា​សមិទ្ធផល​ជាក់ស្តែង ដែល​លោក​ស្នើ​ឲ្យ​សមាជិក​គណបក្ស​រំលេច​ប្រាប់​អ្នកបោះឆ្នោត​ក្នុង​រយៈពេល​នៃ​យុទ្ធនា​ការឃោសនា​នេះ​។ ដោយ​លើក​ឧទាហរណ៍​ផ្លូវជាតិ​លេខ​៤៤ ដែល​កាលពី​៥​ឆ្នាំមុន​នៅ​ជា​ផ្លូវដី​តូច​នៅឡើយ លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖«​សូម​ពូ​មីង​អ៊ំ​ប្រុស​អ៊ំស្រី សាខា​បក្ស​ឃុំ ប្រឹងប្រែង​ពន្យល់​ប្រជាពលរដ្ឋ និង​សមាជិក​បក្ស​យើង​ផងដែរ​អំពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យើង សមិទ្ធផល​ជាក់ស្តែង ការអភិវឌ្ឍ​ក្នុងភូមិ​ឃុំ​យើង​។ គណបក្ស​ប្រជាជ​កម្ពុជា​យើង​មាន​ទម្លាប់​ដឹកនាំ ដើម្បី​ប្រទេសជាតិ គឺ​មិនមែន​ដើម្បី​បក្ស​ទេ​»​។​

​មិន​ខុសពី​សារ​របស់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ លោក ហ៊ុន ម៉ា​នី បាន​អធិប្បាយ​ប្រាប់​សមាជិក​គណបក្ស​ក្នុង​ឃុំ​ព្រះ​ស្រែ​ថា ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មានន័យ​ស្មើនឹង​ស្ថិរភាព និង​សន្តិភាព តែ​ថា​ជ័យជម្នះ​នេះ​នឹង​បានមកពី​ការរួម​គ្នា​រវាង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងមូល​៕



Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  ហ៊ុន ម៉ា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com