កីឡាជាតិ
ជាតិ
អតីតកីឡាករ អាត់ សំរិទ្ធ៖ កីឡាករត្រូវឡើងសង្វៀនប្រកួតយ៉ាងតិច១ដងក្នុង១ខែទើបល្អ លោក អាត់ សំរិទ្ធ គ្រូបង្វឹកក្រុមយុវជនជម្រើសជាតិថ្នាលផ្នែកកីឡាប្រដាល់សកល។
× ដើម្បីជួយពង្រឹងសមត្ថភាព ក៏ដូចជាបច្ចេកទេសរបស់កីឡាករឲ្យកាន់តែរីកចម្រើន ក្រៅពីការហ្វឹកហាត់ជាមួយគ្រូបង្វឹក លោក អាត់ សំរិទ្ធ គ្រូបង្វឹកក្រុមយុវជនជម្រើសជាតិថ្នាល និងជាអតីតកីឡាករដែលពោរពេញទៅដោយបទពិសោធន៍យល់ឃើញថា កីឡាករត្រូវឡើងសង្វៀនប្រកួតយ៉ាងតិច១ដងក្នុង១ខែបន្ថែមទៀតទើបល្អ។ លោកបញ្ជាក់ថា ការឡើងសង្វៀនប្រកួតទើបធ្វើឲ្យកីឡាករ និងគ្រូបង្វឹកដឹងពីចំណុចខ្វះខាតដែលត្រូវអភិវឌ្ឍន៍បន្ថែម។
គ្រូបង្វឹកក្រុមយុវជនជម្រើសជាតិថ្នាលប្រដាល់សកល លោក អាត់ សំរិទ្ធ យល់ឃើញថា ការហ្វឹកហាត់ដោយយកចិត្តទុកដាក់តែមួយមុខ គឹមិនគ្រប់គ្រាន់នោះឡើយសម្រាប់អភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេសរបស់កីឡាករឲ្យមានការរីកចម្រើន ពោលគឺត្រូវឲ្យកីឡាករឡើងសង្វៀនប្រកួតយ៉ាងតិច១ដងក្នុង១ខែទៀតទើបល្អ។ តាមបទពិសោធន៍ ការឡើងសង្វៀនប្រកួតមិនត្រឹមតែធ្វើឲ្យកីឡាករទទួលបាននូវបទពិសោធន៍ប៉ុណ្ណោះទេ លើសពីនេះ គ្រូបង្វឹកអាចដឹងពីចំណុចខ្វះខាតរបស់កីឡាករដែលត្រូវអភិវឌ្ឍន៍។
បញ្ហាឡើងសង្វៀនប្រកួតមិនគ្រប់គ្រាន់បានធ្វើឲ្យលោក អាត់ សំរិទ្ធ មានក្តីកង្វល់យ៉ាងខ្លាំងក្នុងនាមជាគ្រូបង្វឹកក្រុមយុវជម្រើសជាតិថ្នាល សម្រាប់ត្រៀមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបានបញ្ជាក់ថា តាំងពីធ្វើការប្រមូលផ្តុំក្នុងចំណោមយុវជនជម្រើសជាតិទាំង១២នាក់ គឺមានកីឡាករតិចតួចណាស់ដែលបានឡើងសង្វៀនប្រកួត ហើយការឡើងសង្វៀននោះទៀតសោត ក៏មានចន្លោះពេលយូរៗផងដែរ ពោលគឹកីឡាករខ្លះរយៈពេល៣មិនបានឡើងសង្វៀនម្តងក៏មាន។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗគ្រូបង្វឹករូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«តាមបទពិសោធន៍របស់ខ្ញុំ ដើម្បីឲ្យកីឡាករមានការប្រកួតល្អ គឺត្រូវឡើងសង្វៀនយ៉ាងតិច១ដងក្នុង១ខែ។ តែសព្វថ្ងៃមានកីឡាករថ្នាលយើងមួយចំនួន៣ខែមិនទាន់បានឡើងសង្វៀនមួយដងផងក៏មាន ដោយសារមានសង្វៀនតែមួយដែលរៀបចំឲ្យមានការប្រកួតប្រដាល់សកល គឺទូរទស្សន៍អាស៊ីអាគ្នេយ៍។ កត្តាទាំងនេះជាហេតុធ្វើឲ្យខ្ញុំមានក្តីបារម្ភយ៉ាងខ្លាំងនៅស៊ីហ្គេមឆ្នាំ២០២៣។ យើងមិនបានដឹងថា ពួកគាត់មានបច្ចេកទេសខ្វះខាតត្រង់ណាដែលត្រូវកែតម្រូវនោះទេ ព្រោះបញ្ហាបច្ចេកទេស យើងមិនអាចមើលដោយភ្នែកតាមការហ្វឹកហាត់នោះទេ ទាល់តែប្រកួតទើបយើងដឹង»។
អាស្រ័យហេតុនេះ លោកបានអំពាវនាវដល់ថ្នាក់ដឹកនាំសហព័ន្ធ រៀបចំចាត់ចែងធ្វើយ៉ាងណាឲ្យកីឡាករបានឡើងសង្វៀនប្រកួតយ៉ាងតិចមួយខែឲ្យបានដង ដើម្បីឲ្យកីឡាករទទួលបានបទពិសោធន៍សម្រាប់អភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែរីកចម្រើនថែមទៀត។ ជាពិសេស លោក អំពាវនាវដល់បណ្តាស្ថានីយទូរទស្សន៍មេត្តាជួយរៀបចំឲ្យមានកម្មវិធីប្រកួតប្រដាល់សកលប្រចាំសប្តាហ៍ ឬប្រចាំខែ ដើម្បីផ្តល់ឱកាសដល់យុវជនថ្នាលបានចូលរួមប្រកួតគ្រប់ៗគ្នា។
លោកគ្រូបង្វឹករូបនេះជឿជាក់ថា ប្រសិនបើយុវជនថ្នាលទាំងអស់បានឡើងសង្វៀនប្រកួតទាំងអស់គ្នា១ដងក្នុងរយៈពេល១ខែ នឹងមានការរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស ជាពិសេសមានសង្ឃឹមជោគជ័យខ្ពស់នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម៕
Tag:
ប្រដាល់
អាត់ សំរិទ្ធ
គ្រូបង្វឹកក្រុមយុវជនថ្នាល
© រក្សាសិទ្ធិដោយ thmeythmey.com