អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
 ជម្លោះ​ឧបទ្វីប​៖ កូរ៉េខាងជើង​ប្រាប់​អាមេរិក​ថា បើ​ចង់​ចរចា ត្រូវ​ឈប់​រករឿង​មុន​សិន
20, May 2017 , 9:39 pm        
រូបភាព
​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ បន្ត​ឡើងក​ម្ដៅ​ខ្លាំង ក្រោយ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​កាលពី​សប្ដាហ៍​មុន​។ ទាំង​អាមេរិក ទាំង​កូរ៉េខាងជើង សុទ្ធតែ​បង្ហាញ​ជំហរ​ចរចា ដើម្បី​បញ្ចប់​វិបត្តិ​នេះ តែ​ក៏​បានដាក់​លក្ខខណ្ឌ​ឲ្យ​គ្នា​ទៅវិញទៅមក មុននឹង​ចូល​តុ​ចរចា​វិញ​។ អាមេរិក បាន​ប្រាប់​ឲ្យ​កូរ៉េខាងជើង​ឈប់​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់​មី​ស៊ី​ល​ទៀ​តទៅ ទើប​មាន​បរិយាកាស​ល្អ​សម្រាប់​ជជែក​គ្នា តែ​កូរ៉េខាងជើង​ក៏​ឆ្លើយ​វិញ​ថា អាមេរិក​ត្រូវ​ឈប់​បង្ក​អរិភាព​ជាមុន​ទៅ​។


 
​បេសកជន​រង​របស់​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១៩ ខែឧសភា បាន​ហៅ​នយោបាយ​បង្ក​សត្រូវ​របស់​អាមេរិក​ដែល​ដាក់​លើ​កូរ៉េខាងជើង​រាប់​ឆ្នាំ​ជា​ឬ​សគល់​នៃ​បញ្ហា ដែល​កំពុង​កើតឡើង​នៅ​ឧបទ្វីប​កូរ៉េ​។ កូរ៉េខាងជើង បាន​ប្រាប់​ឲ្យ​អាមេរិក​បញ្ចប់​នយោបាយ​បែបនេះ​ទៅ ទើប​ខ្លួន​អាច​ចូល​តុ​ចរចា​តាម​ការអំពាវនាវ​រប​ស់​អាមេរិក​បាន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។
 
​លោក Kim In Ryong អគ្គរដ្ឋទូត​រង​កូរ៉េខាងជើង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គ្រប់គ្នា​សុទ្ធតែ​ដឹង​អាមេរិក​ចង់​ចរចា ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​ទង្វើ មិនមែន​និយាយ​ឲ្យ​តែ​បានឡើយ​។ លោក​បន្តថា ការបញ្ចប់​នយោបាយ​បង្ករឿង​ដាក់​កូរ៉េខាងជើង គឺ​រឿង​ត្រូវធ្វើ​មុនគេ​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ដូច្នេះ​ច្រកចេញ​នៃ​ជម្លោះ​នេះ គឺជា​ការបញ្ចប់​ឲ្យ​សូន្យ​បង់​នយោបាយ​របស់​អាមេរិក ដែលជា​ឬ​សគល់​នៃ​បញ្ហា​តែម្ដង​។
​តាំងពីដើម​មក កូរ៉េខាងជើង​តែង​លើកឡើង​ម្ដង​ហើយ​ម្ដង​ទៀតថា កម្មវិធី​នុយក្លេអ៊ែរ ក៏ដូចជា​ការពង្រឹង​សមត្ថភាព​មី​ស៊ី​ល​របស់ខ្លួន គឺ​ដើម្បី​តែ​ការពារ​ទឹកដី​ពី​ការ​នយោបាយ​បង្ក​សត្រូវ​របស់​អាមេរិក​តែប៉ុណ្ណោះ​។ ដោយសារ​មូលហេតុ​នេះ កូរ៉េខាងជើង​បាន​ប្រឹងប្រែង​ឥតឈប់ឈរ​ក្នុងការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​សាកល្បង​មី​ស៊ី​ល​ជា​ញឹកញាប់​។ គេ​បារម្ភ​ថា កូរ៉េខាងជើង​កំពុងមាន​មី​ស៊ី​ល​អន្តរទ្វីប​បាញ់​ដល់​ទឹកដី​អាមេរិក​ទៀតផង​។     
 
​ទង្វើ​របស់​កូរ៉េខាងជើង​បែបនេះ ធ្វើ​ឲ្យ​គេឯង​បារម្ភ​យ៉ាងខ្លាំង​។ រដ្ឋបាល​អាមេរិក​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានបង្ហាញ​តឹងរ៉ឹង​ដាក់​កូរ៉េខាងជើង ដោយបាន​បញ្ជូន​នាវា​ដឹក​យន្តហោះ និង​នាវាមុជទឹក ទៅ​កៀក​ឧបទ្វីប​កូរ៉េ ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​មហិច្ឆតា​នុយក្លេអ៊ែរ​ចោល​។ ក្រុង​វ៉ាស៊ីនតោន ថែមទាំង​គំរាម​ប្រើ​កម្លាំង​ទ័ព​ដើម្បី​ដោះស្រាយ​បញ្ហា​ទៀតផង ប៉ុន្តែ​ចុងក្រោយ​ក៏​សម្រេចចិត្ត​ដាក់​សម្ពាធ​លើ​ចិន​ឲ្យ​ជួយ​ចេញមុខ​រក​ដំណោះស្រាយ​ដែរ​។
​ចុងក្រោយ​នេះ​ទៀត បន្ទាប់​បង្ហាញ​សាច់ដុំ​យ៉ាង​គគ្រឹក​គ្រេង​រួចមក រដ្ឋបាល​លោក ត្រាំ បាន​បន្ទន់ឥរិយាបថ​របស់ខ្លួន​បន្តិច និង​បង្ហាញ​ជំហរ​ចង់​ចរចា និង​បាន​ប្រាប់​ឲ្យ​កូរ៉េខាងជើង​ជឿជាក់​លើ​សន្យា​របស់ខ្លួន​ដែលថា អាមេរិក មិន​វាយប្រហារ​កូរ៉េ​ជើង ឬ​មានបំណង​ផ្លាស់ប្ដូរ​មេដឹកនាំ​កូរ៉េខាងជើង​ឡើយ​។ ទន្ទឹមគ្នា​នោះ អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​បង្កើត​បរិយាកាស​ល្អ​សម្រាប់​ការចរចា​គ្នា​។ យ៉ាងណាក្ដី គេ​មិនដឹង​លក្ខខណ្ឌ​ទាំងសងខាង​នេះ នឹង​អាចមាន​ផល​វិជ្ជមាន​យ៉ាងណាដែរ​៕

Tag:
 ​កូរ៉េខាងជើង​
  អាមេរិក​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com