ជាតិ
​​​ន​យោ​បាយ​ជាតិ​
សកម្មភាព​បក្ស ១០ ផ្សេងទៀត ក្រៅពី​CPP និង​CNRP នៅក្នុង​ថ្ងៃ​ឃោសនាបោះឆ្នោត​ដំបូង​
20, May 2017 , 5:43 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ៤ នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពិធី​ហែ​ក្បួន​ឃោសនា​ធំ​ជាង​គណបក្ស​ទាំង ១០ ផ្សេងទៀត ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។ តើ​គណបក្ស​ទាំង ១០ ផ្សេងទៀត​នោះ បានធ្វើ​សកម្មភាព​អ្វីខ្លះ​នៅ​ថ្ងៃ​ឃោសនា​ដំបូង​នេះ​?



​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលមាន​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន បាន​យាង​ឃោសនាបោះឆ្នោត​ថ្ងៃ​ដំបូង នៅក្នុង​ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​។ នេះ​បើតាម​លោក ញ៉េប ប៊ុនជិន អនុប្រធាន​កណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​។ លោក ប៊ុនជិន ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការឃោសនា​នៅ​អាណត្តិ​នេះ គណបក្ស​រាជានិយម​មួយ​នេះ មិនមាន​គោលការណ៍​ឲ្យ​អ្នកគាំទ្រ ហែ​ក្បួន​ធំដុំ​នោះទេ តែ​លោ​កថា បើ​អ្នកគាំទ្រ​នៅ​ឃុំ​សង្កាត់​ណា​ចង់​ហែ​ក្បួន​ក៏បាន ដោយ​គ្រាន់តែ​អនុវត្តតាម​ការណែនាំរ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។
​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដាក់​បេក្ខជន​ឈរឈ្មោះ​ចំនួន ៨៦៦ ឃុំ​សង្កាត់​នៅ​ទូទាំងប្រទេស​កម្ពុជា​។



​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ អ្នកគាំទ្រ​បានធ្វើ​ពិធី​ហែ​ក្បួន​នៅតាម​បណ្តា​ឃុំ​នៅក្នុង​ខេត្ត​នានា ដែល​គណបក្ស​នេះ បានដាក់​បេក្ខជន​ឈរឈ្មោះ​។ គណបក្ស​សម្ព័ន្ធ​ដែល​ដឹកនាំ​ដោយ​លោក ខឹម វាសនា បានដាក់​បេក្ខជន​ឈរឈ្មោះ​ចំនួន ៨២៧ ឃុំ​-​សង្កាត់ ក្នុងចំណោម​ឃុំ​សង្កាត់​ទូទាំងប្រទេស ចំនួន ១៦៤៦ ។



​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដាក់​បេក្ខជន​ឈ្មោះ​ចំនួន ៧១៨ ឃុំ​-​សង្កាត់ នៅ​ទូទាំងប្រទេស​កម្ពុជា ហើយ​គណបក្ស​នេះ ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ​។ គណបក្ស​នេះ បាន​ជួបជុំ​អ្នកគាំទ្រ ដើម្បី​ធ្វើ​យុទ្ធនា​ការឃោសនា នៅ​សង្កាត់​ជ្រោយចង្វារ ក្រោម​អធិបតីភាព ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ​។​


​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​វិញ បាន​ដឹកនាំ​អ្នកគាំទ្រ​ខ្លួន​ឃោសនា​រក​សំឡេងឆ្នោត​នៅក្នុង​ខេត្តកំពង់ចាម​នៅ​ថ្ងៃ​ដំបូង​នេះ​ផងដែរ​។ លោក សូណង់ដូ ឃោសនា នៅក្នុង​ស្រុក​បាធាយ និង​ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម​។ លោក ម៉ម សូណង់ដូ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ពី​ទីកន្លែង​លោក​ឃោស​នាម​កថា មូលហេតុ​ដែ​លោក​សម្រេច​ទៅ​ឃោសនា​នៅក្នុង​ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ និង​ឃុំ​តាំងក្រសាំង ស្រុក​បាធាយ ខេត្តកំពង់ចាម ព្រោះ​ធ្វើតាម​សំណូមពរ​ពលរដ្ឋ​នៅក្នុង​តំបន់​នេះ​។ គណបក្ស​របស់លោក ម៉ម សូណង់ដូ បានដាក់​បេក្ខជន​ឈរឈ្មោះ​ចំនួន ២៥០ ឃុំ​សង្កាត់​។



​គណបក្ស​សញ្ជាតិ​ខ្មែរ ដឹកនាំ​ដោយ​លោក សេង សុ​ខេង ដាក់​បេក្ខជន​ឈរឈ្មោះ​ចំនួន ៧១ ឃុំ​សង្កាត់​។ លោក កែវ ណា​រ៉េ​ន ប្រធាន​ប្រតិបត្តិ​គណបក្ស​សញ្ជាតិ​ខ្មែរ​រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការឃោសនា អ្នកគាំទ្រ​គណបក្ស​សញ្ជាតិ​ខ្មែរ​ដើរ​ឃោសនា​ខ្លះ​ដែរ​នៅតាម​ឃុំ ក្នុង​ខេត្ត​មួយចំនួន​។ លោក មិនទាន់​អាច​បញ្ជាក់ថា គណបក្ស​នេះ នឹង​រៀបចំ​យុទ្ធនា​ការឃោសនា​ទ្រង់ទ្រាយ​ធំ​នៅពេលណា​នោះឡើយ​។
​នៅ​ថ្ងៃ​ឃោសនា​ដំបូង​នេះដែរ គណបក្ស​ប្រជា​ធិ​តប​តេ​យ្យ​មូលដ្ឋាន បាន​ហែ​ក្បួន​ឃោសនា​ធំ នៅ​ឃុំ​ស្វាយ​រំពារ ខេត្តកំពង់ស្ពឺ ឃុំ​គោខ្ចក ខេត្តព្រៃវែង និង​ឃុំ​យ៉ា​ទុង ខេត្តរតនគិរី​។ លោក បណ្ឌិត យ៉ង សាំង​កុមារ ប្រធាន​កម្មវិធី​ពង្រឹង​សមត្ថភាព​អ្នកដឹកនាំ​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដឹកនាំ​ការឃោសនា នៅក្នុង​ឃុំ​ស្វាយ​រំពារ​។ ចំណែក​លោក ប្រធាន​គណបក្ស យ៉េ​ង វីរៈ ដឹកនាំ​ការឃោសនា​នៅ​ឃុំ​គោខ្ចក ខេត្តព្រៃវែង​។ គណបក្ស​នេះ ដាក់​បេក្ខជន​ឈ្មោះ​ចំនួន ២៨ ឃុំ​។​



​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ  មិនមាន​សកម្មភាព​ហែ​ក្បួន​អ្វី​នោះទេ​។ បក្ស​នេះ ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​ចំនួន ២១ ឃុំ ដែលមាន​លោកស្រី សុខ​រតន៍ សុវណ្ណ​បញ្ច​សិលា ជា​ប្រធាន​បក្ស​។ លោក រ៉​ន គឹម​ស្រេង ប្រធាន​ចលនា​យុវជន​គណបក្ស បាន​ថ្លែងថា គណបក្ស​លោក​នឹងធ្វើ​សកម្មភាព​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី ២៨ ខែ ឧសភា ខាងមុខ តែ​នៅ​ថ្ងៃ​ឃោស​ន​នា​ដំបូង​នេះ លោក​ថា គណបក្ស​សាធារណរដ្ឋ​គ្រាន់តែ​ឲ្យ​បេក្ខជន ដើរ​ចែក​ខិត​បណ្ណ​បក្ស​ជូន​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។



​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ប្រាប់​ថ្មីៗ​ថា នៅ​ថ្ងៃទី ២០ ខែឧសភា  គណបក្ស​លោក​មិនបាន​ធ្វើ​ពិធី​ជួបជុំ​ឬ​ឃោសនា​ធំ​នោះឡើយ តែ​លោ​កថា នៅ​ថ្ងៃទី ២១ ខែឧសភា អ្នកគាំទ្រ​គណបក្ស​លោក​នឹង​ជួបជុំគ្នា​ធំ​នៅ​ស្នាក់ការ​កណ្តាល​បក្ស​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។ គណបក្ស​យុវជន​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ​ចំនួន ១៩ ឃុំ​សង្កាត់​។



​ងាក​មក​គណបក្ស​អំណាច​ខ្មែរ​របស់លោក សួន សេរី​រដ្ឋា វិញ គណបក្ស​ដែល​ដាក់​បេក្ខជន​ឈរឈ្មោះ​តែ ១៧ ឃុំ មួយ​នេះ មិនបាន​រៀបចំ​ពិធី​ហែ​ក្បួន​អ្វី​នោះទេ នៅ​ថ្ងៃ​ឃោសនា​ដំបូង​នេះ​។ លោក សួន សេរី​រដ្ឋា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ពី​ខេត្តបាត់ដំបង​មក​ថា ថ្ងៃ​ដំបូង​នេះ បេក្ខជន​គណបក្ស​លោក​គ្រាន់​តេ​ដើរ​តាម​ផ្ទះ បង្ហាញមុខ បង្ហាញ​កម្មវិធី​នយោបាយ​មូលដ្ឋាន ។ ចំណេ​ក​រូបលោក​វិញ នៅ​ថ្ងៃ​ដំបូង​នេះ បាន​ទៅ​ចូលរួម​ឃោសនា​នៅក្នុង​ឃុំ ខ្នាចរមាស និង​ឃុំ​កំពង់​ព្រៀង ក្នុង​ខេត្តបាត់ដំបង​។



​ចុងក្រោយ​គណបក្ស​ជនជាតិដើម ប្រជាធិបតេយ្យ​កម្ពុជា  គ្មាន​សកម្មភាព​អ្វី​ឡើយ​នៅថ្ងៃនេះ​។ លោក ប្លា​ង ស៊ីន ប្រធាន​គណបក្ស បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ពី​ខេត្តមណ្ឌលគិរី​មក​ថា គណបក្ស​លោក​មិនទាន់មាន​ផែនការ​ជួបជុំ ឬ​ហែ​ក្បួន​ឃោសនា​អ្វី​នោះឡើយ​នៅ​ថ្ងៃ​ដំបង​នេះ​។ លោក​ថា នៅ​ថ្ងៃ​បន្តបន្ទាប់​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត បក្ស​លោក​អាច​នឹង​ជួបជុំគ្នា​ធំ​នៅក្នុង​ឃុំ​ណាមួយ​ក្នុង​ខេត្តមណ្ឌលគិរី​។ បក្ស​នេះ ដាក់​បេក្ខជន​ឈរឈ្មោះ​ចំនួន ១៧ ឃុំ នៅក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​៕


Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com