អន្តរជាតិ
អាមេរិក​ប្តេជ្ញា​ជំរុញ​ការអនុវត្ត​សន្ធិសញ្ញា​គ្មាន​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​
21, May 2017 , 8:19 pm        
រូបភាព
​សហរដ្ឋអាមេរិក​ប្តេជ្ញា​បន្ត​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​គាំទ្រ​សន្ធិសញ្ញា​ហាមឃាត់​ការរីក​សាយភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ (NPT) ដើម្បី​ទប់ស្កាត់​ប្រទេស​ផ្សេងទៀត​ដែលមាន​មហិច្ឆតា​បន្ត​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​រក្សា​សន្តិសុខ​ពិភពលោក​ផង ស្របពេល​ដែល​ខួប​គម្រប់​ទី ៥០​នៃ​ការបង្កើត​សន្ធិសញ្ញា​នេះ​មកដល់​ឆ្នាំ​២០២០​។ ក្រុង​វ៉ាស៊ីនតោន​ក៏​នឹង​បន្ត​សិក្សា​ពី​លទ្ធភាព​នៃ​ការផ្តល់​សច្ចាប័ន​សន្ធិសញ្ញា​ហាមឃាត់​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​។


 
​តំណាង​អចិន្ត្រៃយ៍​អាមេរិក​ប្រចាំ​សន្និសីទ​ស្តីពី​ការរំសាយ​អាវុធ Robert Wood  ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការត្រួតពិនិត្យ​ភាគី​នៃ​សន្ធិសញ្ញា​ហាមឃាត់​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ (NPT) ដើម​សប្តាហ៍​នេះ លើកឡើងថា អាមេរិក​បន្ត​ប្តេជ្ញា​គាំទ្រ​ការអនុវត្ត​កិច្ចព្រមព្រៀង NPT ឲ្យ​បាន​ពេញលេញ ដែល​វា​ជា​យន្ត​ការជំរុញ​ឲ្យ​ពិភពលោក​ក្លាយជា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​បាន​នៅពេល​អនាគត​។
១.​អាមេរិក បន្ត​ជំរុញ​ការអនុវត្ត​សន្ធិសញ្ញា​គ្មាន​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​សកល​
​សន្ធិសញ្ញា​ស្តីពី​ការហាមឃាត់​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ (NPT) ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា​ជា​លិខិតបទដ្ឋាន​អន្តរជាតិ​ដ៏​សំខាន់​ដែល​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ ១៩៧០ និង​មាន​គោលដៅ​ហាមឃាត់​ការ​សាយភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ​និង​ជំរុញ​ការរំសាយ​សភា​វុ​ធ​សកល​និង​ធ្វើយ៉ាងណា​ធានា​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​ក្នុងន័យ​បម្រើ​ប្រយោជន៍​ស៊ីវិល​។ នៅ​ឆ្នាំ ២០២០​ខាងមុខនេះ កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​នឹងមាន​អាយុ ៥០​ឆ្នាំ​ល្មម​។​
​ ​
​ប្រទេស​ដែល​អាវុធ​នុយក្លេអ៊ែរ ក្រៅពី​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ទាំង​ប្រាំ ពោលគឺ​ក្រោយ​ការបង្កើត​សន្ធិសញ្ញា NPT មិនត្រូវ​បាន​គេ​ចាត់ទុកជា​មហាអំណាច​នុយក្លេអ៊ែរ​ដែលមាន​អាវុធ​ស្របច្បាប់​ឡើយ​។ ប្រទេស​ទាំងនោះ​មាន​តួយ៉ាង​ដូចជា​អ៊ីស្រាអែល​, ប៉ា​គី​ស្ថាន​,​ឥណ្ឌា និង​កូរ៉េខាងជើង​នោះ​។ ដូច្នេះ វា​ក្លាយជា​ឧបសគ្គ​ធំ​ក្នុងការ​ឈានទៅ​រំសាយ​អាវុធ​នុយ​ក្លែ​អ៊ែរ និង​បង្កើត​ពិភពលោក​គ្មាន​នុយក្លេអ៊ែរ​។
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក Robert Wood  បាន​សង្កត់ធ្ងន់ អាមេរិក​នៅតែ​ប្រឹងប្រែង​គាំទ្រ​ការអនុវត្ត និង​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​កំណត់​ជាស​កល​នៃ​សន្ធិសញ្ញា​គ្មាន​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ផង​។
 
​លោក​ថ្លែងថា​៖«​សហរដ្ឋអាមេរិក​នៅតែ​ប្តេជ្ញាចិត្ត​សម្រេច​គោលដៅ​កិច្ច​សន្ធិសញ្ញា​ហាមឃាត់​ការរីក​សាយភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ​នេះ​ឲ្យ​បាន​។ យើង​នឹង​បន្ត​ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់​ដែល​មិនទាន់បាន​ចូលរួម​ជាមួយ​សន្ធិសញ្ញា​ហាមឃាត់​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ឲ្យ​ចូលរួម​នៅពេល​អនាគត​»​។
​ក្រៅពី​សន្ធិសញ្ញា​ហាមឃាត់​ការរីក​សាយភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ ប្រទេស​ជាច្រើន​កំពុង​ស្វះស្វែង​ជំរុញ​ឲ្យ​មានការ​ចូលរួម​គាំទ្រ​សន្ធិសញ្ញា​ហាមឃាត់​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ផងដែរ ដែល​វា​នឹង​ក្លាយជា​យន្តការ​សំខាន់​ក្នុងការ​ហាមឃាត់​រាល់​ការ​បំផ្ទុះ​សាកល្បង​នុយក្លេអ៊ែរ​ក្នុងន័យ​ស៊ីវិល ឬ​ដើម្បី​ប្រយោជន៍​យោធា​ក្តី​។
​ពេល​សួរថា តើ​អាមេរិក​មាន​គម្រោង​ផ្តល់​សច្ចាប័ន​សន្ធិសញ្ញា​ហាមឃាត់​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ឆាប់ៗ​ឬទេ លោក Robert Wood ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មី​ថា អាមេរិក​កំពុង​ត្រួតពិនិត្យ​គោលនយោបាយ​ខ្លួន​ឡើងវិញ ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់​ឡើយ​ថា អាមេរិក​នឹងចូលរួម​ឬ​អត់​ឡើយ​។
 
« អាមេរិក​កំពុង​ត្រួតពិនិត្យ​ឡើងវិញ​លើ​គោលនយោបាយ​គ្រប់គ្រង​និង​រំសាយ​នុយក្លេអ៊ែរ រួមទាំង​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​ក្នុង​សន្ធិសញ្ញា​ហាមឃាត់​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ (CTBT)​ដែរ​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក​តំណាង​ពិសេស​អាមេរិក​។
​ចាប់ពី​ឆ្នាំ ១៩៩៤ ដល់​ឆ្នាំ ១៩៩៦ ប្រទេស​ជាច្រើន​ចាប់ផ្តើម​ចរចា​សន្ធិសញ្ញា​ហាមឃាត់​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នេះ​នៅ​ក្រុង​ហ្សឺ​ណែវ ប៉ុន្តែ​មកដល់​ឥឡូវ​វា​មិនទាន់​ចូល​ជា​ធរមាន​ឡើយ​។ ប្រទេស ១៨៣ បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ ហើយ​១៦៤​ប្រទេស​ប៉ុណ្ណោះ​ដែល​សម្រេច​ផ្តល់​សច្ចាប័ន​។  ចំណែក អាមេរិក និង​ចិន​មិនមែនជា​ភាគី​នៃ​សន្ធិសញ្ញា​ហាមឃាត់​ការបាញ់​សាកល្បង​អាវុធ​នេះឡើយ ថ្វីបើ​ប្រទេស​ទាំងពីរ​ជា​សមាជិក​នៃ​សន្ធិសញ្ញា​ហាមឃាត់​ការរីក​សាយភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ (NPT) ក៏ដោយ​។
 
​ដ្បិតថា​អាមេរិក​មិនទាន់​ផ្តល់​សច្ចាប័ន​សន្ធិសញ្ញា CTBT​មែន លោក Robert Wood ក៏បាន​បាន​ពន្យល់ថា អាមេរិក​ក៏បាន​ចូលរួមចំណែក​ច្រើន​រួចទៅហើយ​ក្នុងការ​ផ្តួចផ្តើម​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​អន្តរជាតិ​ដែលមាន​តួនាទី​ឃ្លាំមើល​និង​តាមដាន​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​ជាដើម​។  វាទ​ទួលបាន​ការគាំទ្រ​ពី​មជ្ឈមណ្ឌល​ទិន្នន័យ​អន្តរជាតិ​ស្ថិតនៅក្នុង​ទីក្រុង​វ្យ៉ែ​ន ប្រទេស​អូទ្រីស ហើយ​រាល់​ទិន្នន័យ​នេះ​នឹងត្រូវ​ចែករម្លែក​ជាមួយ​ភាគី​នៃ​សន្ធិសញ្ញា​ហាមឃាត់​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នេះ​៕

Tag:
 NPT
  Robert Wood
© រក្សាសិទ្ធិដោយ thmeythmey.com