អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកសម្រេចចុះកិច្ចព្រមព្រៀងទិញលក់អាវុធមានទំហំជិត១១០ពាន់លានដុល្លារអាមេរិកក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់រដ្ឋសេដ្ឋីប្រេងចុងសប្តាហ៍នេះ។ ការព្រមព្រៀងលក់អាវុធនេះកើតឡើង ស្របពេលដែលក្រុមសិទ្ធិមនុស្សអំពាវនាវឲ្យក្រុងវ៉ាស៊ីនតោនឈប់លក់អាវុធឲ្យអារ៉ាប៊ី សាអូឌីត ព្រោះប្រទេសនេះរំលោភសិទ្ធិមនុស្សនិងបន្តទម្លាក់គ្រាប់បែកលើប្រជាជនយេម៉ែនផងដែរ។
មន្ត្រីសេដ្ឋវិមានអាមេរិកបានបញ្ជាក់នៅថ្ងៃសៅរ៍ទី ២០ ឧសភាថា អាមេរិកនិងអារ៉ាប៊ីសាអូឌីតសម្រេចចុះកិច្ចព្រមព្រៀងទិញលក់សព្វាវុធរួមគ្នាក្នុងទំហំទឹកប្រាក់ជិត ១១០ពាន់លានដុល្លារអាមេរិក។ ការសម្រេចបង្កើតកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ ទៅទស្សនកិច្ចនៅអារ៉ាប៊ី សាអូឌីតដែលជាសម្ព័ន្ធមិត្តប្រពៃណីរបស់អាមេរិកជាលើកដំបូង។
ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សម្តីមន្ត្រីសេតវិមានអាមេរិកថា កិច្ចព្រមព្រៀងលក់សព្វាវុធពង្រឹងវិស័យការពារជាតិនេះនឹងជួយធានាបានពីសុវត្ថិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អារ៉ាប់ទាំងមូលផង។ វាក៏បញ្ជាក់ឲ្យឃើញពីការលូតលាស់នៃសម្ព័ន្ធភាពទ្វេភាគីរវាងប្រទេសទាំងពីរដែលមានជាងប្រាំពីរ ទសវត្សរ៍មកនោះ ហើយវាក៏ឆ្លុះបញ្ចាំងពីការប្រឹងប្រែងរបស់អាមេរិកនិងអ៊ីរ៉ង់ក្នុងការសហការគ្នាកម្ចាត់ក្រុមភេរវជនដែរ។
«កិច្ចព្រមព្រៀងនេះនឹងរួមចំណែកជួយគាំទ្រសន្តិសុខអារ៉ាប៊ីសាអូឌីតនិងតំបន់អារ៉ាប់ទាំងមូលក្នុងរយៈពេលវែង ក្នុងពេលដែលពួកគេប្រឈមការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់។ វាក៏នឹងជួយបង្កើនសមត្ថភាពអារ៉ាប៊ីសាអូឌីតក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងបន្ថយបន្ទុកក្នុងការបំពេញប្រតិបត្តិការប្រឆាំងភេរវកម្មរបស់ទាហានអាមេរិកផងដែរ»។ នេះជាការបញ្ជាក់របស់មន្ត្រីអាមេរិក។
ដោយឡែក គេឃើញមានកិច្ចព្រមព្រៀងមួយទៀតក៏ត្រូវបានគេប្រកាសឡើងដែរក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ត្រាំ នេះ។ កិច្ចព្រមព្រៀងនោះមានទំហំ ៦ពាន់លានដុល្លារដែលវាជាគម្រោងផ្គុំឧទ្ធម្ភាគចក្រ Blackhawk ចំនួន ១៥០គ្រឿងនៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត។
ក្រោមកិច្ចព្រមព្រៀងនេះ វានឹងមានការដំឡើងរោងចក្រសម្រាប់ផ្គុំឧទ្ធម្ភាគចក្រសម្រាប់ប្រយុទ្វនៅអារ៉ាប៊ីសាអូឌីត ហើយវានឹងជួយបង្កើតការងារ ៤៥០ កន្លែងសម្រាប់ប្រជាជនអារ៉ាប៊ីសាអូឌីតផងដែរ។
រដ្ឋឈូងសមុទ្រជាសេដ្ឋីប្រេងនេះប្រឹងនាំអាវុធចូលច្រើនបែបនេះក៏ដោយរដ្ឋាភិបាលប្រទេសនេះមានគោលបំណងវិនិយោគលើឧស្សាហកម្មផលិតអាវុធរបស់រដ្ឋដើម្បីក្លាយជាប្រទេសនាំអាវុធចេញនៅពេលខាងមុខ។ អារ៉ាប៊ីសាអូឌីតមានមហិច្ឆតាប្រែក្លាយខ្លួនជារដ្ឋនាំអាវុធចេញធំបំផុតក្នុងចំណោម ២៥លើពិភពលោកត្រឹមឆ្នាំ ២០៣០។
ត្រឡប់មកវិញ ការសម្រេចចុះកិច្ចព្រមព្រៀងរួមគ្នានេះកើតឡើង ស្របពេលដែលក្រុមសិទ្ធិមនុស្សបានអំពាវនាវឲ្យសហរដ្ឋអាមេរិកឈប់លក់សព្វាវុធឲ្យអារ៉ាប៊ី សាអូឌីត ព្រោះប្រទេសនេះជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាពិសេសបញ្ហាយេម៉ែនតែម្តង៕