បទយកការណ៍ / បទសម្ភាសន៍
និស្សិត​ក្រីក្រ តន់ រតនា ជិះ​កង់​តែមួយ​តាំងពី​វិទ្យាល័យ​ដល់​មហាវិទ្យាល័យ ហើយ​រៀន​ពូកែ​
21, May 2017 , 10:19 pm        
រូបភាព
ដោយ:
​ជិត ៦ ឆ្នាំ​មកហើយ ដែល​យុវជន តន់ រតនា ជិះ​កង់​មួយ​តម្លៃ ៦០ ដុល្លារ ដើម្បី​ទៅ​សាលារៀន​។ រតនា ជិះ​កង់​ចាស់​នោះ តាំងពី​រៀន​នៅ​វិទ្យាល័យ រហូតដល់​បច្ចុប្បន្ន​រៀន​នៅ​មហាវិទ្យាល័យ​ឆ្នាំ​ទី ៤ ។ និស្សិត​រូបនេះ ជិះ​កង់​ចាស់ ដោយសារ​គ្មាន​ថវិកា​ទិញ​កង់​ថ្មី ឬ​ទិញ​ម៉ូតូ​ជិះ​។ ប៉ុន្តែ​ថ្វីបើ​ក្រីក្រ​ក្តី និស្សិត​មកពី​តំបន់​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម​រូបនេះ បាន​ខិតខំ​ប្រឹងរៀន​រហូតដល់​ក្លាយជា​សិស្ស​ពូកែ​នៅក្នុង​ថ្នាក់ និង​មាន​ក្តី​ស្រមៃ​ចង់​ធ្វើជា​អភិបាលខេត្ត​នាពេល​អនាគត​។​



​នៅ​ឆ្នាំ ២០១៣ បន្ទាប់ពី​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ យុវជន តន់ រតនា បាន​ចាក​ចេញពី​ខេត្តស្វាយរៀង មក​បន្ត​ការសិក្សា​នៅ​រាជធានី​ភ្នំពេញ​។ រតនា បាន​ជិះ​រថយន្តឈ្នួល​មក​ភ្នំពេញ ជាមួយនឹង​កង់​ចាស់​របស់ខ្លួន ដែល​ជិះ​ទៅ​រៀន​កាល​នៅ​វិទ្យាល័យ ដើម្បី​យកមក​ធ្វើជា​យានជំនិះ​ដឹក​ខ្លួន​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​បន្តទៀត​។



​មាន​ដើមកំណើត​នៅ​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង រតនា បាន​រម្លឹក​ពី​អនុស្សាវរីយ៍​របស់ខ្លួន​ជាមួយ​កង់​តម្លៃ ៦០ ដុល្លារ កាល​ខ្លួន​រៀន​ថ្នាក់​ទី ១១ ថា ទម្រាំ​តែ​ទិញ​បាន​កង់​នេះ​ជិះ យុវជន​រូបនេះ បាន​ខំ​សន្សំ​លុយ​ទិញ​ជាច្រើន​ខែ ដោយ​លុយ​ទាំងនោះ បានមកពី​ការដើរ​ច្រូតស្រូវ​គេ​យកលុយ​។ «​ខ្ញុំ​មាន​អនុស្សាវរីយ៍​ជាច្រើន ដែល​មិនអាច​បំភ្លេចបាន កាល​នៅ​រៀន​វិទ្យាល័យ​។ កាលនោះ នា​រដូវវស្សា​ផ្លូវ​មាន​ដីស្អិត​ទឹក​ពេញ​ផ្លូវ​ពិបាក​ធ្វើដំណើរ និង​ពេលខ្លះទៀត​ធ្វើដំណើរ​មិនបាន ដែល​តម្រូវ​ឲ្យ​ខ្ញុំ​លី​កង់​លើ​ស្មា​ឆ្លងកាត់​ផ្លូវ​ទាំង​ថ្ងៃ​ក្តៅ ពេលខ្លះ​ទាំង​ភ្លៀង​ក៏មាន ជាមួយ​មិត្តភក្តិ​រៀន​ថ្នាក់​ជាមួយគ្នា​»​។ រតនា រម្លឹក​អនុស្សាវរីយ៍​បែបនេះ មុននឹង​បន្ត​បរិយាយ​ពី​បញ្ហា​ប្រឈម​របស់ខ្លួន​ដែល​បន្ត​ជិះ​កង់​ចាស់​នៅ​ថ្នាក់​មហាវិទ្យាល័យ​។

​តាមពិតទៅ និស្សិត​ខ្មែរ​ដែល​ជិះ​កង់​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ មាន​ច្រើន​។ អ្នកខ្លះ​ជិះ​កង់​ទៅ​រៀន​មិនមែន​ដោយសារ​គ្រួសារ​ក្រីក្រ ឬ​គ្មាន​លុយ​នោះទេ តែដោយសារ​ចំណង់​ចំណូលចិត្ត និង​ដើម្បី​រក្សា​សុវត្ថិភាព​។ និស្សិត​មួយចំនួនទៀត ជិះ​កង់​តម្លៃ​ដល់​រាប់ពាន់​ដុល្លារ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​រឿង យុវជន រតនា ដោយសារ​និស្សិត​រូបនេះ យក​កង់​ដែល​ខ្លួន​ជិះ​កាលពី​រៀន​នៅ​វិទ្យាល័យ មក​ជិះ ដើម្បី​បន្ត​សិក្សា​នៅ​មហាវិទ្យាល័យ ពីព្រោះ​ជីវភាព​គ្រួសារ​ក្រីក្រ គ្មាន​លុយ​ទិញ​កង់​ផ្សេងទៀត ឬ​ម៉ូតូ​ជិះ​។



​តន់ រតនា ដែលជា​កូន​ទី ៧ ក្នុងចំណោម​បងប្អូន​ទាំង ៩ នាក់ នៃ​គ្រួសារ​កសិករ ដែល​កំព្រាម្តាយ រៀបរាប់ថា ជីវិត​ជា​សិស្ស​ក្រីក្រ​ជិះ​កង់​កញ្ចាស់ មក​រៀន​នៅ​មហាវិទ្យាល័យ ត្រូវគេ​មើលងាយ និង​សើចចំអក​ជារឿយៗ​។ និស្សិត​សម្បុរ​ខ្មៅ​ស្រអែម​រូបនេះ ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​មានតែ​កង់​មួយ ហើយ​កង់​ហ្នឹង​មាន​តាំងពី​វិទ្យាល័យ​ម្លេះ ហើយ​ខ្ញុំ​យកមក​ជិះ​ដល់​សព្វថ្ងៃ​។ ពេលខ្លះ​ត្រូវគេ​សើចចំអក ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់ និង​មិន​ខ្មាស​គេ​ទេ​ធ្វើ​ម្តេច លទ្ធភាព​របស់ខ្ញុំ​មាន​ប៉ុណ្ណឹង​។ ខ្ញុំ​សប្បាយ​នឹង​អ្វីដែល​ខ្ញុំ​មាន​ប៉ុណ្ណឹង​ចុះ​។ បើសិន​ខ្ញុំ​ទៅ​ឈឺចាប់ វា​មិនបាន​ផលប្រយោជន៍​អ្វី​មក​ខ្ញុំ​ទេ ផ្ទុយទៅវិញ​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ទឹកចិត្ត​។ សំខាន់​ខ្ញុំ​មាន​បាយ​ញ៉ាំ​អាចរ​ស់បាន​ហើយ​។ ខ្ញុំ​មានតែ​ខាំមាត់សង្កត់ចិត្ត​ដើម្បី​វិជ្ជា និង​ប្រែ​ការឈឺចាប់​មកជា​ការ​ខំប្រឹង​»​។​

​ខំប្រឹង​រៀន​រហូត​បាន​លទ្ធផល​លេខ ១ នៅក្នុង​ថា្នក់​
​រតនា និយាយថា ខ្លួន​អាចមាន​លទ្ធភាព​រៀន​ប​ន្ត​នៅ​មហាវិទ្យាល័យ ដោយសារ​ជាប់​អាហារូបករណ៍​មុខវិជ្ជា​រដ្ឋបាល​សាធារណៈ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិ​ទ្យ​សាស្ត្រ​សេដ្ឋកិច្ច​។ និស្សិត​រូបនេះ លើកឡើងថា ដំបូង​ឡើយ ដោយសារ​ខ្លួន​ជា​និស្សិត​មកពី​ស្រែ​ចូល​ក្រុងមាន​ការលំបាក់​ក្នុងការ​រៀនសូត្រ​ឲ្យ​ទាន់​សិស្ស​ដទៃទៀត ពីព្រោះថា សិស្ស​ថ្នាក់​អាហារូបករណ៍​សម្បូរ​និស្សិត​ពូកែៗ ហើយ​បញ្ហា​ចម្បង​គឺ​ខ្លួន​មិនចេះ​ភាសា​អង់គ្លេស​។ «​ខ្ញុំ​មិនចេះ​ភាសា​អង់គ្លេស​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ខំ​រត់​ផង លូន​ផង ដើម្បី​រៀន​ឲ្យ​ទាន់​គេ​»​។ រតនា រម្លឹក​ដូច្នេះ ក៏​បន្ត​និយាយ​យ៉ាងនេះ​ថា​៖«​ខ្ញុំ​នៅតែ​ខំព្យាយាម​រហូតដល់​កើន​បន្តិច​ម្តងៗ ។ នៅ​ឆ្នាំ​ទី​៣ ខ្ញុំ​បាន​ជាប់​បាន​ចំណាត់ថ្នាក់​លេខ​១ ហើយ​ឆ្នាំ​ទី​៤ ខ្ញុំ​ក៍បាន​សរសេរ​សា​រណា​ដូច​បំណង​»​។​



​និស្សិត​វ័យ ២៣ ឆ្នាំ​រូបនេះ ខំប្រឹង​រៀនសូត្រ ដោយ​ចង់​សម្រេច​ក្តី​ស្រមៃ​ធ្វើជា​អភិបាលខេត្ត​នាពេល​អនាគត​។ រតនា ពន្យល់​ហេតុផល​ដែល​ជំរុញ​ឲ្យ​ខ្លួន​ចង់​ធ្វើ​អភិបាលខេត្ត​ព្រោះ​លោក​ធ្លាប់​ឆ្លងកាត់​ការលំបាក​នៅពេលដែល​ទៅធ្វើ​លិខិតស្នាម​ផ្សេងៗ​ពី​មន្ត្រី​សាធារណៈ​ម្តងៗ​។ និស្សិត​កូន​កសិករ​រូបនេះ បញ្ជាក់​យ៉ាងនេះ​ថា​៖«​គេ​ឃើញ​យើង​ក្រ​អ៊ីចឹង គេ​ហាក់​មិន​ចង់​ផ្តល់​សេវា​ឲ្យ​យើង និង​មាន​ភាពយឺត​យ៉ាង​ដោយសារ​យើង​មិនមាន​លុយ​ឲ្យ​គេ​។ ខ្ញុំ​ខឹង ចង់​កែ​ទម្លាប់​មិនល្អ​នេះ បើ​ខ្ញុំ​បាន​ធ្វើជា​អភិបាលខេត្ត​»​។ ជំហាន​បន្ទាប់​ទៀត និស្សិត​ជិះ​កង់​កញ្ចាស់​រូបនេះ ត្រូវ​បញ្ចប់ ការសរសេរ​សារ​ណា និង​ត្រៀមខ្លួន​ប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ​តាម​ក្រសួង​ផ្សេងៗ ជាពិសេស​សាលា​ភូមិន្ទ​រដ្ឋបាល ដើម្បី​សម្រេច​គោលដៅ​ទៅ​ថ្ងៃ​អនាគត​។

​យុវជន​មកពី​ស្រុក​ចន្ទ្រា​រូបនេះ នៅតែ​បន្ត​និយាយ​ពី​កង់​របស់ខ្លួន ដោយ​ថ្លែងថា  កង់​ចាស់​របស់លោក មិន​ត្រឹមតែ​ជា​យានជំនិះ​សម្រាប់​ដឹក​លោក​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ​ទេ តែ​វា​ក៏បាន​ដឹក​រតនា ទៅធ្វើ​ការងារ ជាពិសេស​ការងារ​ស្ម័គ្រចិត្ត​ជួយ​សង្គម​។ និស្សិត​ឆ្នាំ​ទី ៤ ផ្នែក​រដ្ឋបាល​សាធារណៈ​រូបនេះ ធ្លាប់​ធ្វើការ​ជា​អ្នកលក់​កាហ្វេ និង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ជួយ​សង្គម​។ «​ខ្ញុំ​មាន​វា​(​កង់​) ទើប​ខ្ញុំ​បាន​មកដល់​ថ្ងៃនេះ​។ វា​បាន​នៅ​ជាមួយ​ខ្ញុំ​តាំងពី​រៀន​ថ្នាក់​វិទ្យាល័យ​មក​ម្លេះ ។ ខ្ញុំ​ចាត់ទុក​វា​ជា​សំណព្វចិត្ត​របស់ខ្ញុំ​»​។ តន់ រតនា រៀបរាប់​យ៉ាងនេះ ក៏​បញ្ជាក់​ចុងក្រោយ​ថា បើ​លោក​មាន​ម៉ូតូ​ជិះ​នៅពេល​ខាងមុខ នឹង​រក្សា​កង់​នេះ​ទុកជា​អនុស្សាវរីយ៍​ជា​រៀងរហូត​៕





Tag:
 តន់ រតនា​
  សិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com