ជាតិ
ទេសចរណ៍​ដោយ​ការ​ជិះ​កង់​កំពុង​ពេញនិយម​នៅ​ខេត្តសៀមរាប​
22, May 2017 , 7:19 am        
រូបភាព
​សៀមរាប​៖ ភ្ញៀវទេសចរ​នឹង​ប្លែក​អារម្មណ៍ ពេលដែល​ពួកគេ​ធ្វើដំណើរ​ដោយ​ការ​ជិះ​កង់ ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ដើមឈើ​ស្កឹមស្កៃ វាលស្រែ ចម្ការ​ឈូក ទេសភាព​ជនបទ​-​ល​- នៅក្នុង​ខេត្តសៀមរាប​។ ខុសពី​កញ្ចប់​ទេសចរណ៍ ដែល​រៀបចំ​ដោយ​ការ​ជិះ​រថយន្ត នៅពេលនេះ​សេវា​កញ្ចប់​ទេសចរណ៍​ដោយ​ការ​ជិះ​កង់​កំពុង​ទាក់ទាញ​ខ្លាំង​ដល់​ភ្លៀវ​ទេសចរ ព្រោះថា​សេវា​នេះ អាច​ឲ្យ​ពួកគេ​មានលទ្ធភាព​ទូលំទូលាយ​គយគន់​ទិដ្ឋភាព និង​ទីកន្លែង​ដែល​ពួកគេ​បាន​ទៅដល់ ក៏ដូចជា​ស្វែង​យក​ពី​ការរស់នៅ​របស់​អ្នកស្រុក​ផង​។


​ការកម្សាន្ត​ដោយ​ការ​ជិះ​កង់ កំពុង​ពេញនិយម​ក្នុង​ខេត្តសៀមរាប​។ គេ​សង្កេតឃើញ​មាន​ក្រុមហ៊ុន​ទេសចរណ៍​ជាច្រើន កំពុងដំណើរការ​នៃ​កញ្ចប់​ទេសចរណ៍ ដោយ​ការនាំ​ភ្ញៀវ​ជិះ​កង់​នេះ​។ ទេសចរណ៍​ប្រភេទ​នេះ​ចំណេញ​ទាំង​ថវិកា ទាំង​សុខភាព ពិសេស​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។
​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​សាយ​ឃ្លី​ង គឺជា​ក្រុមហ៊ុន​ទេសចរណ៍​មួយ ដែលមាន​រៀបចំ​កញ្ចប់​ទេសចរណ៍​ដោយ​ការ​ជិះ​កង់​។ ម្ចាស់​ក្រុមហ៊ុន​បាន​និយាយថា បច្ចុប្បន្ន​ភ្ញៀវទេសចរ​ចាប់ អារម្មណ៍​ច្រើន​ទៅនឹង​ទេសចរណ៍​បែប​បញ្ចេញ​សកម្មភាព ដូចជា​ការ​ជិះ​កង់​នេះ​។


​លោក ហ៊ុន សុជាតិ បាន​ឲ្យ​ដឹងថា ទេសចរណ៍​ប្រភេទ​នេះ​ចំណេញ​ទាំង​សុខភាព បានឃើញ​ទេសភាព​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ ដែល​អាច​ឲ្យ​ភ្ញៀវ​មើលឃើញ​ទូលំទូលាយ ការ​ទស្សនា​ប្រាង្គ​ប្រាសាទ ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅតាម​ជនបទ ហើយ​ពួកគេ​អាច ឈប់​ថត​នៅតាម​ផ្លូវ កន្លែង​ដែល​ពួកគេ​បាន​ទៅដល់ ដូចជា​ការបង់​សំណាញ់​ជាដើម​។​ល​។
​តាម​លោក សុជាតិ កញ្ចប់​សេវា​ទេសចរណ៍​ដោយ​ការ​ជិះ​កង់​កម្សាន្ត​នេះ​នៅ​ខេត្តសៀមរាប គឺមាន​យូរ​មកហើយ ហើយ​ក្រុមហ៊ុន​របស់លោក ទើបនឹង​រៀបចំ​នៅក្នុង​ឆ្នាំ​២០០៧​។ លោក​ថា ដោយសារ​មាន​តម្រូវការ និង​ទីផ្សារ​នៃ​កញ្ចប់​ទេសចរណ៍​នេះ​ល្អប្រសើរ ដែលជា​ឳ​កាស​សម្រាប់​ក្រុមហ៊ុន​របស់លោក​។ ភ្ញៀវទេសចរ​យល់ដឹង​ច្រើន​ពី​សេវាកម្ម​មួយ​នេះ ព្រោះ​ពួកគេ​គិតពី​សុខភាព និង​បរិស្ថាន​ជាសំខាន់​។
​លោក សុជាតិ បញ្ជាក់ថា​៖« សេវា​ប្រភេទ​នេះ គឺមាន​ការកើនឡើង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ អាច​ចាត់ទុកថា ៥០%​នៃ​ទេសចរ ដែល​កម្សាន្ត​ដោយ​ការ​ជិះ​កង់​។ ពួកគេ​មាន​ទាំង​ក្មេង​ទាំងចាស់ ខ្លះ​អាយុ​ជាង​៧០​ក៏​នៅតែ​ជិះ​ដែរ​»​។  លោក​បន្ថែមទៀតថា ការរៀបចំ​កញ្ចប់​ទេស​ចរណ៍​ដោយ​ការ​ជិះ​កង់​នេះ គឺ​ដូច​ទៅនឹង​កញ្ចប់​ធម្មតា​ដែរ ជាទូទៅ​មាន​រយៈពេល​៣​ថ្ងៃ​។ ថ្ងៃ​ទីមួយ​ទៅតាម​ប្រាសាទ  ថ្ងៃទី​ពីរ​អាច​ទៅ​កំពង់​ភ្លក់ ហើយ​ថ្ងៃទី​៣ អាច​ទៅ​បេង​មាលា ឬ​ក្បាលស្ពាន​ជាដើម​។
​ទេសចរ​ដែល​ចាប់អារម្មណ៍​នឹង​ការកម្សាន្ត​ដោយ​ការ​ជិះ​កង់ ច្រើនជាងគេ​គឺ​ទេសចរ​អ៊ឺរ៉ុប មានដូចជា​អង់គ្លេស និង​អាឡឺម៉ង់ តែ​លោក សុជាតិ បញ្ជាក់ថា​ជនជាតិ​អង់គ្លេស គឺមាន​ចំនួន​លើសលុប ពេល​មក​កម្សាន្ត​នៅ​សៀមរាប​។ ក្រៅពី​អ៊ឺរ៉ុប ក្នុងនោះ​ក៏មាន​ទេសចរ​អាស៊ី​ផងដែរ មាន​សិង្ហ​បុរី និង​ហុងកុង​ជាដើម​។
​លោក ប៊ុត សោ​ន ដែលជា​មគ្គុទ្ទេសក៍​នៅ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​សាយ​ឃ្លី​ង បាន​ឲ្យ​ដឹងថា ការនាំ​ភ្ញៀវ​ដោយ​ការ​ជិះ​កង់​ពិតជា​ហត់​បន្តិច​មែន​។ លោក​ថា ព្រោះ​ត្រូវ​ប្រើ​កម្លាំង​ច្រើន ទាំង​ការ​ជិះ​កង់ និង​និយាយ​រៀបរាប់​ប្រាប់​ភ្ញៀវ​។ តែ​យ៉ាងណា​លោក​ថា ពិតជា​ស្រឡាញ់​និង​ចូល​ចិត្តការ កម្សាន្ត​បែប​ជិះ​កង់​នេះ​ណាស់ ដោយសារ​វា​ធ្វើ​ឲ្យ​លោក​ប្លែក​អារម្មណ៍ ក៏ដូចជា​បាន​ហាត់ ប្រាណ​ផង​។
​លោក ប៊ុត សោ​ន គឺជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​អង់គ្លេស​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក ហើយ និង​បាន​ចូលធ្វើការ​នៅ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​សា​ឃ្លី​ង តាំងពី​ឆ្នាំ​២០០៧​មក​។ លោក​បន្ថែម ថា​មិន​ខុសពី​ការរៀបចំ​កញ្ចប់​ទេសច​រណ៍​ផ្សេងទៀត គឺ​ការនាំ​ភ្ញៀវ​កម្សាន្ត​ដោយ​ការ​ជិះ​កង់ មាន​ជា​ក្រុមៗ ឬ​ចាប់ពី​ម្នាក់​ដល់​១០​នាក់​។ «​ខ្ញុំ​ជា​មគ្គុទ្ទេសក៍​គឺ​ត្រូវ​ជិះ​ខាងមុខ​នាំ​ផ្លូវ ហើយ​យើង​មាន​ជំនួយការ​ម្នាក់​សម្រាប់​ជិះ​តាម​ក្រោយ ដើម្បី​ក្រែង​មាន​កង់​ខូច ឬ​បញ្ហា​ផ្សេង ទៀត​។ ក្នុង​មួយថ្ងៃ យើង​ជិះ​តាមផ្លូវ​ជិត​ផ្លូវ​ឆ្ងាយ បើ​ឆ្ងាយ​ទៅ​បេង​មាលា គឺ​ចំងាយ ៦៥ គីឡូម៉ែត្រ រយៈពេល​៣​ម៉ែត្រ ឬ​២​ម៉ោង​កន្លះ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៊ុត សោ​ន​៕



Tag:
 ជិះ​កង់​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com