កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea, Real Madrid, Bayern Munich, Juventus និង Monaco លើកពាន
× ក្លិប Chelsea, Bayern Munich, Real Madrid, Juventus និង Monaco បានក្លាយជាម្ចាស់ជើងឯកនៃក្របខណ្ឌកំពូលក្នុងប្រទេសរៀងៗខ្លួនសម្រាប់រដូវកាលឆ្នាំ២០១៦-២០១៧ នេះ។
នៅ Premier League តោខៀវ Chelsea ទទួលបានពិន្ទុសរុប៩៣ ដោយមានគន្លាត៧ពិន្ទុពីក្រុមលេខ២ Tottenham Hotspurs។ Manchester City ស្ថិតនៅលេខ៣ ខណៈ Liverpool ទទួលបានកៅអីនៅវគ្គជម្រុះ Champions League ។ Arsenal រងនូវការខកចិត្តដោយធ្លាក់ចេញទៅលេង Europa League ជាលើកដំបូងនារយៈពេល២០ឆ្នាំចុងក្រោយក្នុងនាមជាក្រុមលេខ៥ ។ Manchester United ស្ថិតនៅលេខ៦ ក៏មានកៅអីនៅ Europa League ផងដែរ ប៉ុន្តែប្រសិនបើពួកគេឈ្នះ Ajax នាការប្រកួតផ្តាច់ព្រ័ត្រ Europa League អង់គ្លេសនឹងក្រុមចំនួន៥បង្ហាញខ្លួននៅ Champions League រដូវកាលក្រោយ។ Everton បានកៅអីនៅវគ្គជម្រុះជុំទីបីនៃ Europa League។
Hull, Middlesbrough និង Sunderland ត្រូវកាត់ចេញទៅលេងក្របខណ្ឌ Championship ហើយកន្លែងរបស់ពួកគេនៅរដូវកាលក្រោយនឹងត្រូវជំនួសដោយ Newcastle United, Birghton & Jove Albion។ Huddersfield Town និង Reading ត្រូវប្រកួតគ្នានៅវគ្គ Play-Off នាថ្ងៃទី២៩ ខែឧសភា ដើម្បីបណ្តើមយកកៅអីមួយទៀតទៅលេងនៅ Premier League។
ខ្សែប្រយុទ្ធ Harry Kane នៃក្លិប Tottenham Hotspur ទទួលបានស្បែកជើងមាស តាមរយៈការស៊ុតបាល់បញ្ចូលទីចំនួន២៩គ្រាប់ ដោយនាំមុខ Romelu Lukaku របស់ Everton (២៥គ្រាប់) និង Alexis Sanchez របស់ Arsenal (២៤គ្រាប់)។
នៅក្របខណ្ឌ La Liga របស់អេស្ប៉ាញ Real Madrid លើកពានដោយមានប្រៀបជាងក្រុមលេខ២ Barcelona តែ៣ពិន្ទុប៉ុណ្ណោះ។ Atletico Madrid ជាប់លេខ៣ ក៏ទទួលបានកៅអីនៅ Champions League នៅរដូវកាលក្រោយផងដែរ ខណៈក្រុមលេខ៤ Sevilla ត្រូវប្រកួតជម្រុះ។ Villarreal និង Real Sociedad ទទួលបានកៅអីនៅ Europa League។
Sporting Gijon, Osasuna, Granada ត្រូវធ្លាក់ទៅលេងនៅ Segunda Division ហើយនឹងត្រូវជំនួសវិញដោយ Levante, Girona ខណៈ Gefate, Tenerife, Gadiz និង Valladolid ត្រូវជម្រុះគ្នាសម្រាប់កៅអីមួយទៀតឆ្ពោះទៅក្របខណ្ឌកំពូល។
នៅអាល្លឺម៉ង់ Bayern Munich បង្កើតប្រវត្តិសាស្ត្រថ្មីដោយលើកពាន Bundesliga ៥រដូវកាលជាប់ៗគ្នា។ ក្រុម២ទៀតដែលទទួលបានកៅអីនៅ Champions League មាន RB Leipzig, Borussia Dortmund ខណៈ Hoffenheim ចូលវគ្គជម្រុះ។ ក្រុមដែលត្រូវលេងនៅ Europa League មាន 1.FC Koln និង Hertha BSC។
ក្លិប FC Ingolstadt និង Darmstadt 98 ធ្លាក់ទៅក្របខណ្ឌ 2.Bundesliga រីឯក្លិបដែលឡើងពីក្របខណ្ឌទីពីររបស់អាល្លឺម៉ង់មកវិញមាន VfB Stuttgard, Honnover 96 ខណៈកៅអីនៅ Bundesliga ១ទៀត រង់ចាំមើលលទ្ធផលនៃការប្រកួតប្រជែងគ្នារវាង VfL Wolfsburg និង Eintracht Braunschweig។
ងាកទៅអ៊ីតាលីឯណោះវិញ Juventus បានឈ្នះពាន Serie A ជាលើកទី៣៣។ Roma តោងបានកៅអី Champions League ខណៈ Napoli មានឈ្មោះនៅវគ្គជម្រុះនៃក្របខណ្ឌកំពូលរបស់អឺរ៉ុបមួយនេះ។ កៅអីនៅក្របខណ្ឌ Europa បានទៅលើ Lazio, Atalanta និង AC Milan។
Palermo និង Pescara ត្រូវធ្លាក់ទៅក្របខណ្ឌ Serie B រីឯក្រុមដែលឡើងពីក្របខណ្ឌលំដាប់ទីពីរនេះវិញ មាន SPAL, Hellas Verona។ នៅអ៊ីតាលី មិនទាន់បញ្ចប់រដួវកាលឡើយ ដូច្នេះវាសនាក្រុម១ទៀតដែលត្រូវធ្លាក់ និងត្រូវឡើងរវាងក្របខណ្ឌកំពូល និងលំដាប់ទីពីរ មិនទាន់រកឃើញឡើយ។
ដោយឡែកនៅប្រទេសបារាំង ក្លិប AS Monaco ដែលមានមូលដ្ឋាននៅប្រទេសម៉ូណាកូ បានឈ្នះជើងឯក Ligue 1 របស់បារាំងជាលើកដំបូងបន្ទាប់ពីអាក់ខាន១៧ឆ្នាំ។ Paris Saint-Germain ទទួលបានកៅអីផងដែរនៅ Champions League ខណៈ Nice នឹងលេងនៅវគ្គជម្រុះ។ រីឯ Lyon, Marseille និងលេងនៅ Europa League ។
Nacy, Bastia ត្រូវបានកាត់ចេញ ហើយក្រុមដែលឡើងពី Ligue 2 វិញ មាន Strasbourg និង Amiens។ Lorient និង Troyes ត្រូវប្រកួតគ្នាពីរជើង ក្រុមដែលមានលទ្ធផលល្អប្រសើរនឹងមានវត្តមាននៅ Ligue 1 នារដូវកាលក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com