ជាតិ
ការឃោសនា​ប៉ុន្មាន​ថ្ងៃនេះ គ្មាន​ហិង្សា និង​មានការ​អធ្យាស្រ័យ​គ្នា​!
22, May 2017 , 1:47 pm        
រូបភាព
​ភ្នំពេញ​៖ ការឃោសនាបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ក្នុង​រយៈពេល​ពីរ​-​បី​ថ្ងៃនេះ ដំណើរ​ទៅដោយ​ការយោគយល់​និង​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា ពី​សំណាក់​អ្នកគាំទ្រ​នៃ​គណបក្សនយោបាយ​នានា​។ គ​.​ជ​.​ប និង​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា សាទរ​ចំពោះ​អ្នកគាំទ្រ​នៃ​គណបក្សនយោបាយ​ទាំងនោះ ដែល​បានបង្ហាញ​ភាពចាស់ទុំ​ដាក់គ្នា ក្នុងការ​ឃោសនា​។​



​ថ្ងៃ​ចន្ទ​នេះ គឺ​ថ្ងៃទី​បី​ហើយ ដែល​គណបក្សនយោបាយ​នានា ចេញ​ធ្វើ​យុទ្ធនាការ​នៃ​ការឃោសនាបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​។ ការឃោសនា​ក្នុង​រយៈពេល​ពី​-​បី​ថ្ងៃនេះ ដំណើរ​ទៅដោយ​មិនមាន​អំពើហិង្សា​ឬ​ជម្លោះ​ធំដុំ រវាង​គណបក្សនយោបាយ​និង​គណបក្សនយោបាយ នោះទេ​។

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គេ​សង្កេតឃើញ អ្នកគាំទ្រ​និង​សកម្មជន​នៃ​គណបក្សនយោបាយ នៅតាម​តំបន់​ខ្លះ បាន​ទាស់សម្តី​គ្នា​តិចតួច​ប៉ុណ្ណោះ ក្នុងពេល​ឃោសនា​។ យ៉ាងណា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)  និង​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា នៅតែ​ចាត់ទុក​ការឃោសនា​នា​អាណត្តិ​នេះ ថា​ល្អប្រសើរ​ច្រើន ប្រសិនបើ​ប្រៀបធៀប​ទៅនឹង​អាណត្តិ​មុនៗ​។

​លោក ហង្ស ពុទ្ធា សមាជិក​និង​ជា​អ្នកនាំពាក្យ​គ​.​ជ​.​ប  សង្កេតឃើញថា ការចូលរួម​ឃោសនា​របស់​សកម្មជន​និង​អ្នកគាំទ្រ​ពី​គណបក្សនយោបាយ​នានា មាន​លក្ខណៈ​ចាស់ទុំ​ជាង​មុន​។ ម្យ៉ាងទៀត លោក យល់ថា គណបក្សនយោបាយ មាន​ស្មារតី​ក្នុងការ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ និង​គោរព​គោលការណ៍ ដែល​គ​.​ជ​.​ប បានចែង ទើប​មិន​បណ្តាល​ឲ្យ​មាន​ជម្លោះ ពេល​ឃោសនា​។

​លោក ហង្ស ពុទ្ធា សង្កត់ធ្ងន់ថា ក្នុង​អាណត្តិ​នេះ គណបក្សនយោបាយ មាន​រយៈពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្នុងការ​ដង្ហែ​ក្បួន​ឃោសនា ដូច្នេះ​ចង់​មិន​ចង់ គណបក្សនយោបាយ​ទាំងអស់ ត្រូវតែ​ជៀសវាង​ជម្លោះ​ជាមួយគ្នា ដើម្បី​យក​ពេល​ទៅ​ឃោសនា​។ អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​យន្តការ​នេះហើយ ដែល​សំខាន់​ជាងគេ ក្នុងការ​បញ្ចៀស​ជម្លោះរ​វាង​គណបក្សនយោបាយ​និង​គណបក្សនយោបាយ​។ ពួកគាត់ មាន​ពេល​តិច​សម្រាប់​ឃោសនា អ៊ីចឹង​បើ​គិតតែ​ឈ្លោះ​គា្ន គឺ​នាំ​ឲ្យ​ពួកគាត់ ខាត​ពេល​រៀងៗ​ខ្លួន សម្រាប់​ឃោសនា​»​។​

​លោក ហង្ស ពុទ្ធា សង្ឃឹមថា អ្នកគាំទ្រ​និង​សកម្មជន​ពី​គ្រប់​គណបក្សនយោបាយ នឹង​បន្ត​ឃោសនា ដោយ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ ហើយ​ជៀសវាង​ការប្រើ​អំពើហិង្សា រហូតដល់​ការបោះឆ្នោត បាន​ចប់សព្វគ្រប់​។​

​ចំណែក លោក មាស នី អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា វិធានការ ដែល​គ​.​ជ​.​ប បានកំណត់ ដើម្បី​ឲ្យ​គណបក្សនយោបាយ អនុវត្ត គឺជា​ចំណុច​សំខាន់ ដែល​នាំ​ឲ្យ​ការឃោសនា​នាពេលនេះ ប្រព្រឹត្ត​ទៅដោយ​រលូន​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ឃើញ គ​.​ជ​.​ប ផ្សព្វផ្សាយ​ច្រើន ពី​គោលការណ៍​ថា អ្វីដែល​គណបក្សនយោបាយ គួរ​ធ្វើ ហើយ​អ្វីដែល​គណបក្សនយោបាយ មិនគួរ​ធ្វើ​។ ហើយ​គណបក្សនយោបាយ ក៏បាន​អនុវត្ត​នូវ​គោលការណ៍​របស់​គ​.​ជ​.​ប ដែរ​។ ត្រង់​នេះហើយ ដែល​ធ្វើ​ឲ្យ​ការឃោសនា​ប៉ុន្មាន​ថ្ងៃ​ហ្នឹង មិនមាន​បញ្ហា​ធ្ងន់ធ្ងរ​»​។​

​ហេតុផល​មួយទៀត គឺ​ទំនង​ដោយសារតែ​ការគំរាមកំហែង​ពី​អ្នកនយោបាយ​កន្លងមក ទើបបានជា​ប្រជាពលរដ្ឋ ជាពិសេស​អ្នកគាំទ្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​បង្ខំចិត្ត​អត់ធន់ ដោយ​ធ្វើយ៉ាងណា មិនត្រូវ​ឲ្យ​មាន​អំពើហិង្សា​កើតឡើង​។ អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​ចង់បាន​បំផុត​នាពេលនេះ គឺ​ការបោះឆ្នោត ដោយ​សេរី​និង​យុត្តិធម៌​។ នេះ ជាការ​លើកឡើង​របស់​លោក មាស នី ដដែល​។

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គេ​សង្កេតឃើញ​គណបក្សនយោបាយ​មួយចំនួន បានចេញ​ឃោសនា ពី​កម្មវិធី​នយោបាយ​និង​គោលនយោបាយ​របស់ខ្លួន​។ គណបក្សនយោបាយ​ទាំងនោះ មានដូចជា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជាដើម​។

​សូមបញ្ជាក់ថា គ​.​ជ​.​ប បានផ្តល់​រយៈពេល​១៤​ថ្ងៃ ដល់​គណបក្សនយោបាយ ដើម្បី​ឃោសនាបោះឆ្នោត​។ ក្នុង​រយៈពេល​១៤​ថ្ងៃនេះ គណបក្សនយោបាយ អាច​ដង្ហែ​ក្បួន​ឃោសនា តាម​ដងផ្លូវ ទីសាធារណៈ និង​កន្លែង​ប្រជុំជន​នានា បានតែ​២​ថ្ងៃ​ប៉ុណ្ណោះ​៕


Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com